សេចក្តីដកស្រង់ប្រសាសន៍ បើកការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ
ស្ពានអាកាសចោមចៅជាស្ពានអាកាសទី ៦ ក្នុងរាជធានីភ្នំពេញ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅទីនេះ ជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួមបើកការដ្ឋានសាងសង់ស្ពានអាកាស និងស្ពានក្រោមដីនៅរង្វង់មូលចោមចៅ ដែលនេះជាប្រភេទស្ពានអាកាសទី ៦ ហើយដែលយើងបានកសាងនៅទីក្រុងរបស់យើង។ ដោយឡែក កសាងដោយក្រុមហ៊ុនអាណិកជនកម្ពុជា មានចំនួន ៥ ដែលនេះជាស្ពានទី ៥។ យើងពិតជាមានការរីករាយ ចំពោះសមិទ្ធផលពីមួយថ្ងៃទៅមួយថ្ងៃបានកកើតឡើងក្នុងទីក្រុង ដែលមុននេះ យើងហៅថា ទីក្រុងខ្មោចនៅក្នុងសម័យសង្គ្រាម និងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក៏ប៉ុន្ដែរយៈពេលជិត ៤០ ក្រោយ ទីក្រុងមួយនេះមិនមែនជាទីក្រុងស្លាប់ដូចកាលពីអតីតកាលទៀតទេ តែក្លាយជាទីក្រុង ពោរពេញដោយការអភិវឌ្ឍ ទាំងតាមបែបការអភិវឌ្ឍបែបបើកទូលាយ និងការអភិវឌ្ឍបែបស៊ីជម្រៅផងដែរ។ ទីក្រុងភ្នំពេញអភិវឌ្ឍតាមបែបបើកទូលាយ និងបែបស៊ីជម្រៅ ខ្ញុំចង់និយាយការអភិវឌ្ឍបែបបើកទូលាយនៅត្រង់ថា ទីក្រុងភ្នំពេញពីមុននេះមានតែ ៣០០ គីឡូម៉ែត្រការ៉េ តែប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ទីក្រុងនេះបានរីករហូតដល់ជាង ៦០០ គីឡូម៉ែត្រការ៉េ។ បានសេចក្ដីថា យើងបានកាត់ដីពីខេត្តកណ្ដាលឲ្យទីក្រុងភ្នំពេញជាបន្ដបន្ទាប់ច្រើនលើកច្រើនសារួចមកហើយ។ ឯការអភិវឌ្ឍបែបស៊ីជម្រៅវិញនោះនៅត្រង់ថា ដីកាលពីដើម មួយហិកតា…