FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការរំសាយសហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា «កាំសាប» ដែលចាប់អនុវត្តន៍ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។ នេះបើតាមអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ឲ្យដឹងដែរថា ការលុបស្ថាប័នកាំសាបធ្វើឲ្យកម្ពុជា បាត់ចំណូលតែ ៥០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្ដែការលុបនេះដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ភាពសម្រួលពាណិជ្ជកម្ម ដែលមករកស៊ីនៅកម្ពុជា ខណៈដែលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប នាវាបរទេសអាចធ្វើការទាក់ទងដោយផ្ទាល់មកកំពង់ផែតែម្ដង៕