សារចំពោះជនរួមជាតិស្ដីពី «ខឿនការពារសុខភាពរបស់ប្រជាជនគឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លង កូវីដ១៩ ដ៏កាចសាហាវនេះ»
ជនរួមជាតិជាទីគោរព! ក្នុងវិស័យការពារជាតិ យើងមានខឿនការពារជាតិរបស់ប្រជាជន ដែលផ្សារភ្ជាប់ប្រជាជនជាមួយកងកម្លាំងប្រដាប់អាវុធ។ ពេលនេះក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង កូវីដ-១៩ យើងពិនិត្យឃើញថា យើងមានខឿនការពារសុខភាពសាធារណៈរបស់ប្រជាជនសាជាថ្មីម្តងទៀត តាមរយៈការចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ សម្រាប់ការចូលរួមពីសប្បុរសជន ដែលនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែ គិតត្រឹមថ្ងៃនេះ ទទួលបាននូវជំនួយចំនួន ១៣.៩៩៨.៦៩៨ ដុល្លារ។ សម្រាប់វិភាគទានស្ម័គ្រចិត្តតាមរយៈការបរិច្ចាគបៀវត្ស គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៤ មេសា ២០២០ ម្សិលមិញមានចំនួន ២២.០៦១ នាក់ ដែលមានទំហំទឹកប្រាក់ ២៨.៨១៤.០២៥.០០០ រៀល។ សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជននៅមូលដ្ឋានរាប់ទាំងកម្មករចំណាកស្រុកមកពីថៃ និងកម្មករមួយចំនួនតូច ដែលទៅលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ ត្រូវបានក្រសួង ស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ដោះស្រាយបានយ៉ាងល្អ។ សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួមចំណែកទប់ស្កាត់ជំងឺឆ្លងនេះ តាមរយៈការធ្វើអនាម័យផ្ទាល់ខ្លួន និងតាមក្រុមគ្រួសារតាមការណែនាំពីក្រសួងសុខាភិបាល។ បងប្អូនចំណាកស្រុកមកពីថៃ និងកូនក្មួយកម្មករ-កម្មការិនី ដែលទៅលេងស្រុកក្នុងពេលចូលឆ្នាំ ក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាព និងរស់នៅដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ ដើម្បីធានាថា មិនមានកូវីដ-១៩…