តំណាងកម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវ អំពាវនាវដល់ភ្នាក់ងារនានារបស់ UN កុំឲ្យជ្រៀតជ្រែកកិច្ចការតុលាការកម្ពុជា
FN ៖ តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ បានអំពាវនាវជាថ្មីដល់ភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ មិនត្រូវប្រើឥទ្ធិពលជ្រៀតជ្រែក ទៅលើការបំពេញតួនាទីដ៏ឯករាជ្យរបស់ស្ថាប័នតុលាការកម្ពុជា នៅក្នុងការអនុវត្តនូវនីតិរដ្ឋនោះឡើយ ពីព្រោះទង្វើបែបនេះវាជាការរារាំងសមត្ថកិច្ចតុលាការ។ សេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ បានធ្វើឡើងនៅថ្ងៃម្សិលមិញនេះ ដើម្បីឆ្លើយតបទៅនឹង សេចក្តីប្រកាសព័ត៌មានរបស់លោកស្រី Lis Throssell អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដែលបានស្វាគមន៍ចំពោះការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង៥រូប កាលពីពេលថ្មីៗនេះ។ តំណាងកម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវ បានលើកឡើងថា ក្នុងឋានៈជាប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យ និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុវត្តន៍នីតិរដ្ឋ ហើយជាប្រទេសដែលបានផ្តល់សច្ចាប័ននូវលិខិតូបករណ៍ស្នូល នៃសិទ្ធិមនុស្សអន្តរជាតិជាច្រើន រដ្ឋាភិបាលបានខិតខំអស់ពីសមត្ថភាពដើម្បីធានាថា ពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ស្ថាប័នដែលកំពុងប្រតិបត្តិការការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាទទួលបានការគោរពសិទ្ធិស្មើៗគ្នា ដោយពុំមានការរើសអើង ទោះបីពួកគេជាអ្នកបម្រើការងារផ្នែកការការពារសិទ្ធិមនុស្ស ឬក៏ជាអង្គការសង្គមស៊ីវិលក្តី។ ប៉ុន្តែជាអកុសល គេសង្កេតឃើញយ៉ាងច្បាស់ថា អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជាញឹកញយបានធ្វើការបំភ្លៃការពិត បង្កើតពាក្យកុហកបោកប្រាស់ បង្កើតឆាកល្ខោន និងបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅដល់ករណីមិនធំដុំខ្លះក្នុងគោលបំណងដើម្បីបន្តុះបង្អាប់ស្ថាប័នរដ្ឋ រួមទាំងស្ថាប័នតុលាការជាដើម។ ហេតុដូច្នេះហើយ នៅពេលដែលច្បាប់ត្រូវបានគេរំលោភបំពាន…