ការបន្តផ្ដល់ភាពកក់ក្ដៅ និងគោរពស្រឡាញ់
ជាដំបូង អនុញ្ញាតអោយខ្ញុំស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលបានមកសាកសួរសុខទុក្ខចំពោះក្មួយៗកម្មករ/ការិនី នៅតំបន់ទួលសង្កែរបស់យើងនេះ ដែលមាន(កម្មករ)រហូតទៅដល់ជាង ១៤.០០០ នាក់ មកពី ១០ រោង ចក្រ។ ខ្ញុំពិតជាមានការរំភើប រីករាយ ដែលក្មួយៗ ប្អូនៗ ចៅៗ ផ្ដល់នូវការស្រឡាញ់រាប់អានចំពោះខ្ញុំ ក្នុង ពេលដែលខ្ញុំមកកាន់ពិធីនេះ ក៏ដូចជាទៅកន្លែងដទៃទៀត។ ការស្រឡាញ់រាប់អាននេះ គឺជាប្រភពនៃការ លើកទឹកចិត្ត សម្រាប់អោយខ្ញុំបន្តនៅការខិតខំ ដើម្បីដោះស្រាយនូវបញ្ហានានាបន្តទៀត។ ហើយនេះ ក៏ បង្ហាញអោយឃើញអំពីការយល់ដឹង ដែលក្មួយៗបានយល់អំពីការដឹកនាំរបស់ពូក្នុងរយៈពេលកន្លងទៅ។ តាមរយៈនៃការយល់ដឹងរបស់ក្មួយៗ ជាកម្មករ/ការិនីនៅទីនេះ ក៏អាចបញ្ជាក់អោយបានដឹងថា ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ក៏ជាអ្នកយល់ដឹង ហើយក៏បានរួមដំណើរជាមួយពូ ក្នុងការរំដោះប្រទេសចេញពី របប ប៉ុល ពត ហើយរួមគ្នាដើម្បីកសាងប្រទេសរហូតមកដល់ដំណាក់កាលនេះ។
បញ្ហាសុខភាពដោយសាររលាកបំពង់ក/វិធីសាស្រ្តបង្រ្កាបប្រពន្ធកាច
ថ្ងៃនេះ គឺខ្ញុំមានបញ្ហាសុខភាពបន្តិច។ យប់មិញនេះ ព្រួយបារម្ភក្រែងលោព្រឹកនេះមកមិនបាន ហើយថ្ងៃ ស្អែកត្រូវចេញដំណើរទៅព្រះរាជាណាចក្រថៃ ក្នុងរយៈពេលមិនដល់មួយយប់មួយថ្ងៃទេ។ ត្រូវចេញពេល ព្រឹក។ យប់ត្រឡប់មកវិញ។ ខានស្អែកប្រជុំគណៈរដ្ឋមន្រ្តី ទាក់ទិនជាមួយនឹងច្បាប់ថវិកា។ ប៉ុន្តែ ជាភ័ព្វសំណាង គឺថ្ងៃនេះបានមកជួបជុំ ហើយសង្ឃឹមថា បំពង់ករបស់ខ្ញុំប្រហែលជាមិនទាន់រលាកខ្លាំងនៅឡើយទេ។ ការចាប់ផ្ដើមពីល្ងាចមិញហ្នឹង គឺក្អកខ្លាំង ហើយប្រហែលជាធាតុអាកាសមានការផ្លាស់ប្ដូរផង ប៉ុន្តែវាបានចាប់ផ្ដើមពីការឈ្លក់ទឹកមាត់ ដោយសារតែរឿងវិធីសាស្រ្តបង្រ្កាបប្រពន្ធកាច។ (ដោយ)ឃើញគេបាញ់ចូលក្នុងគ្រុប។ គេដាក់ថាវិធីសាស្រ្តបង្រ្កាបប្រពន្ធកាច។ ដល់មើលអាហ្នឹង វាអស់សំណើច វាឈ្លក់ទឹកមាត់។ ដល់ឈ្លក់ទឹកមាត់ ចាប់ផ្ដើមក្អក។ ដល់ក្អកហ្នឹង មិនមែនក្អកដោយឈ្លក់ទឹកមាត់ទេ តែនេះក្អកដោយចង់ផ្ដាសាយ ចង់រលាកបំពង់ក។
ឥឡូវហ្នឹង គឺក្មួយៗចង់ដឹងថា វិធីសាស្រ្តបង្រ្កាបប្រពន្ធកាចហ្នឹង យ៉ាងម៉េចទេ? បុរសៗចង់ដឹងទេ? យុវជន ទោះបីមានប្រពន្ធ មិនទាន់មានប្រពន្ធ ចង់ដឹងទេ? ឯកឧត្តមទាំងឡាយចង់ដឹងទេ វិធីសាស្រ្តបង្រ្កាបប្រពន្ធកាច? ឱ! ស្រ្តីទាំងឡាយអើយ! គួរតែកុំកើតជាឆ្នាំខ្លាអី។ គេបាញ់ចូលមក ឃើញអាហ្នឹង ខំសម្លឹងមើលខ្លឹមសារ។ ស្អីទៅ ស្អីខ្លះ? វិធីសាស្រ្ត(បង្រ្កាបប្រពន្ធកាច)មាន ៥ យ៉ាង៖ ទី ១ ចេញពីធ្វើការ ត្រូវត្រឡប់មកដល់ផ្ទះ។ ទី ២ កុំមានស្រីនៅខាងក្រៅ។ ទី ៣ បើកប្រាក់ខែហើយ អោយប្រពន្ធទាំងអស់។ ទី ៤ បោកខោអាវ និងធ្វើម្ហូប។ ទី ៥ ត្រូវធ្វើតាម និងស្ដាប់សំដីប្រពន្ធទាំងអស់។ អញ្ចឹងបានសេចក្ដីថា អោយតែខ្លាចប្រពន្ធ គឺ(ធ្វើតាម)ហ្នឹងហើយ។ ប្រពន្ធមិនថាអីទេ។ ដល់(ពេលឮ)អញ្ចឹងទៅ វាអស់សំណើច។ ដល់អស់សំណើច វាឈ្លក់ទឹកមាត់ ក្អកបណ្ដោយ វាផ្សំផ្គុំមានបញ្ហាខាងសុខភាព។
កូនរបស់ខ្ញុំបើកមើលអម្បាញ់មិញ។ កូនស្រីមួយថា ប្ដីខ្ញុំស្លូតអញ្ចឹង មកពីវិធីសាស្រ្តហ្នឹង? ស្រាប់តែកូនប្រសារ វាវាយចូលគ្រុបមួយទៀត ថា ពុក! ខ្ញុំធ្វើគ្រប់យ៉ាងហើយ ទាំង ៥ យ៉ាងហ្នឹងហើយ ប៉ុន្តែប្រពន្ធខ្ញុំនៅតែកាច។ ដល់ទៅកូនមួយទៀត កូនបង្កើតវាថា វាធ្វើចារកម្ម កន្លែងណាក៏វាត្រូវតែចូលដែរ ហើយធ្វើការមួយអាទិត្យលើមួយអាទិត្យ គ្មានថ្ងៃឈប់សម្រាកទេ ហើយទីតាំងដែលត្រូវធ្វើ គឺសកម្មភាពគ្រប់ទីកន្លែង រាប់ទាំងកន្លែងខារ៉ាអូខេ។ ចាំ forward អោយក្នុងគ្រុបអោយប្រពន្ធវាមើលឃើញ។ វាវាយចូលគ្រុបមួយផ្សេងទៀត វាមិនអោយប្រពន្ធវាដឹងទេ។ ដល់ពេលយប់ កំពុងតែក្អកហ្នឹង នៅមានរឿងសើចមួយទៀត។ ក្រសួងស៊ីផឹក គេចេញបទបញ្ញតិប៉ុន្មានមាត្រា។ មិនដឹងអ្នកចេះតែវាយចូលមក អញ្ចឹងកូនចៅចេះតែផ្ញើមកអោយយើងកម្សាន្ត។
កោតសរសើរចំពោះក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំកម្មវិធីជួបកម្មករ/ការិនី
ថ្ងៃនេះ ជាមួយនឹងការសប្បាយរីករាយ ដែលជួបជាមួយនឹងក្មួយៗ កម្មករ/ការិនីនៅតំបន់នេះ ខ្ញុំពិតជាមានមោទនភាព ហើយសុំសំដែងនូវការកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរគ្រប់ផ្នែក ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំនូវកម្មវិធីនេះ សម្រាប់ការជួបសំណេះសំណាលរវាងខ្ញុំ ជាមួយនឹងថ្នាក់ដឹកនាំជាម្ចាស់រោងចក្រ ជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមនៅឯកោះពេជ្រ។ ហើយរៀបចំអោយខ្ញុំបានជួបសំណេះសំណាលនៅតាមបណ្ដារោងចក្រ។
ជំនួបនៅតែបន្ត ដើម្បីអនុវត្តគោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ និងដោះស្រាយបញ្ហានានា
ថ្ងៃនេះ យើងគិតមកដល់ពេលនេះ (បានជួបសំណេះសំណាល)មាន ៤៦៨ រោងចក្រ សម្រាប់ប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការ។ រោងចក្ររបស់យើងមានជាង ១.០០០ រោងចក្រ ដូច្នេះច្បាស់ណាស់ថា នឹងត្រូវបន្តការខិតខំ ប៉ុន្តែដោយសារមានការឈប់សម្រាកនូវពិធីបុណ្យអុំទូក និងមានការឈប់សម្រាកមួយចំនួនផ្សេងទៀត។ ការជួបនោះប្រហែលជាត្រូវលើកពេលខ្លះ។ ឯចំពោះការជួបកម្មករ ដូចជាអាទិត្យក្រោយនេះ មិនបានជួបទេ រហូតដល់ថ្ងៃទី ៨ ខែវិច្ឆិកា។ ដល់ថ្ងៃទី ៨ ជួបហើយ ថ្ងៃទី ៩ បុណ្យឯករាជ្យជាតិ រួចហើយថ្ងៃទី ១០ ត្រូវហោះចេញទៅចូលរួមជំនួបសន្ទនារវាងអង្គ APEC ជាមួយនឹងអាស៊ាននៅឯប្រទេសវៀតណាម។ ហើយចេញនោះទៅ ត្រូវចេញទៅប្រទេសហ្វីលីពីន ដើម្បីធ្វើការប្រជុំអាស៊ាន និងអាស៊ានពាក់ព័ន្ធជាមួយនឹងដៃគូ។
សម្រាប់ការជួបចំពោះកម្មករ/ការិនី មាន ១៧៤ រោងចក្រ ដែលចំនួននេះ ទើបនឹងបានប្រមាណជាង ១០% នៃចំនួនរោងចក្រសម្រាប់វាយនភណ្ឌ។ ហើយប្រសិនបើគិតអំពីរោងចក្រ អំពីផ្នែកសហគ្រាសនានា ដែលបានចុះបញ្ជីមានចំនួនជាង ១ ម៉ឺនសហគ្រាស/ក្រុមហ៊ុន។ យើងទើបនឹង(ជួប)បានជាង ១ % តែប៉ុណ្ណោះ។ ដូច្នេះ តម្រូវអោយខ្ញុំធ្វើសកម្មភាពជាបន្តបន្ទាប់តទៅទៀត។ ហើយខ្ញុំបាននិយាយហើយថា ខ្ញុំនឹងបន្តការជំនួបបែបនេះតទៅទៀត នៅក្នុងពេលវេលា ដែលយើងកំពុងតែជំរុញការអនុវត្តនូវគោលនយោបាយស្ដីពី ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥។
វត្តមានរបស់សម្ដេចតេជោនៅក្នុងគ្រប់កាលៈទេសៈ គឺដើម្បីកម្ពុជាមានសុខសន្ដិភាព និងការឯកភាពជាតិ
ប្រហែលជាក្មួយៗបានដឹងហើយថា ប្រវត្តិនៃការងាររបស់យើង មានពេលខ្លះតម្រូវអោយយើងត្រូវធ្វើនេះ មានពេលខ្លះតម្រូវអោយយើងទៅធ្វើនោះ។ អតីតកាលនៅពេលប្រទេសយើងមានសង្រ្គាម ពេលនោះ គេបានឃើញវត្តមានរបស់ខ្ញុំនៅឯខ្សែត្រៀមជួរមុខ ដើម្បីសួរសុខទុក្ខកងទ័ព សំណេះសំណាល និងដោះស្រាយបញ្ហាលំបាករបស់កងទ័ព។ ជាមួយគ្នានេះ គេក៏បានឃើញវត្តមានរបស់ខ្ញុំនៅឯវេទិកាចរចា ដើម្បីស្វែងរកសន្ដិភាពស្ដីពីកម្ពុជា។ ជំនួបចរចាធ្វើនៅក្រៅប្រទេស បន្ទាប់ទៅមកដោះស្រាយបញ្ហានៅក្នុងប្រទេស។ នៅក្នុងដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ គេបានឃើញវត្តមានរបស់ខ្ញុំនៅក្នុងតំបន់អតីតតំបន់ដែលមានការប្រយុទ្ធ។ នោះជាការដោះដូរមួយ គឺយកជីវិតធ្វើដើមទុន ដើម្បីប្ដូរយកនូវសន្ដិភាព និងការឯកភាពទឹកដី។ ជាបន្តមកទៀត គេបានឃើញវត្តមានរបស់ខ្ញុំយ៉ាងច្រើន ជាមួយនឹងកសិករនៅតាមវាលស្រែ តាមប្រឡាយទឹក តាមទំនប់ទឹក ហើយក៏មានចុះដកស្ទូង និងចូលរួមក្នុងការច្រូតកាត់ ដើម្បីលើកទឹកចិត្ត ជំរុញកសិកររបស់យើង អនុវត្តក្នុងការជំរុញវិស័យកសិកម្ម ជាពិសេសការផលិតស្រូវ និងស្បៀងអាហារ។ គេក៏បានឃើញវត្តមានរបស់ពូយ៉ាងច្រើន នៅពេលវេលាដែលចុះជួបជាមួយនឹងគ្រូបង្រៀន សិស្ស និស្សិត ហើយកសាងអាគារសិក្សាក្នុងក្របខណ្ឌទូទាំងប្រទេស។
នៅពេលនេះ ជាឱកាសមួយសមស្របណាស់ ដើម្បីអោយខ្ញុំមានឱកាសសម្រាប់ជំនួបជាមួយនឹងកម្មករ។ ពិតមែនហើយ វាមិនមែនជាបញ្ហាថ្មីថ្មោងនោះទេ យើងក៏បានជួបកម្មករក្នុងមួយឆ្នាំ ២ ដង ប៉ុន្តែជំនួបនោះ ក៏បានធ្វើក្នុងក្របខណ្ឌតូចៗ។ ដូចជាថ្ងៃទី ១ ខែ ឧសភា យើងបានធ្វើនៅក្នុងក្របខណ្ឌនៃជំនួបជាមួយនឹងកម្មករនៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាតំណាងអោយកម្មករទូទាំងប្រទេស និងមានជំនួបជាមួយនឹងថ្នាក់ដឹកនាំសហជីពកម្មកររបស់យើងមួយពេល។ ការចុះទៅសួរសុខទុក្ខតាមរោងចក្រមួយចំនួនក៏បានធ្វើដែរ ក៏ប៉ុន្តែលើកនេះ គឺធ្វើខុសពីពេលមុន ដោយមានជំនួបពីរយ៉ាង។ ជំនួបទី ១ គឺសម្រាប់ប្រធានរដ្ឋបាល ជំនួយការ ប្រធានផ្នែក ប្រធានក្រុម។ ជំនួបទី ២ គឺជំនួបបើកទូលាយដូចថ្ងៃនេះ ដើម្បីយើងមានឱកាសជួបជុំគ្នា និយាយគ្នាអំពីអ្វីដែលជាបញ្ហាប្រឈម ត្រូវដោះស្រាយ ហើយរួមគ្នាពិនិត្យមើល ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងពន្លឿនការអនុវត្តនូវកម្មវិធីទាក់ទងជាមួយនឹងការជំរុញឧស្សាហកម្មរបស់ជាតិយើង។ យើងធ្វើកិច្ចការងារនេះ សំដៅធ្វើអោយអ្វីៗដែលយើងបាន និងកំពុងធ្វើនេះ វាបន្តដំណើរក្នុងស្ថានភាពល្អជាងមុន ប្រសើរជាងមុន។ ក្នុងនោះ ខ្ញុំពិតជាមានការរីករាយ ដោយការដោះស្រាយក្នុងជំនួបមួយរយៈប្រមាណជាជាង ២ ខែ នេះ យ៉ាងហោចណាស់នូវបញ្ហាមួយចំនួនដែលជាកង្វល់ ហើយគឺជាការព្រួយបារម្ភ ឬក៏ជាការយកចិត្តទុកដាក់របស់កម្មករ/ការិនីរបស់យើងផងដែរ។
ប្រាក់បៀវត្សឡើងដល់ ១៧០ ដុល្លារ ចាប់ពី ខែមករា ២០១៨ ទៅ
គោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញតាំងពីឆ្នាំ ២០១៤ ដែលកំណត់ថា កម្មករនៅក្នុងវិស័យឯកជន ជាពិសេសគឺនៅក្នុងផ្នែកវាយនភណ្ឌ គឺផ្នែកវិស័យកាត់ដេរសំលៀកបំពាក់ និងដេរស្បែកជើងនេះ (ទទួលបានប្រាក់ខែ)មិនអោយទាបជាង ១៦០ ដុល្លារ(ក្នុងមួយខែ) សម្រាប់ឆ្នាំ ២០១៨។ ឥឡូវនេះ គោលដៅនេះបានសម្រេចហើយ ដែលក្មួយៗទាំងឡាយអាចបានដឹងហើយថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ នេះតទៅ កម្មករ/ការិនីដែលមានប្រាក់អប្បបរមាពេលនេះ ១៥៣ ដុល្លារ នឹងឡើងទៅដល់ ១៧០ ដុល្លារនៅពេលនោះ។ ដូច្នេះ នេះគឺជាការចង់បាន ដែលពូចង់ឃើញនៅការកើនឡើងនូវបៀវត្សបែបនេះ។ ដើម្បីដោះស្រាយបានបញ្ហានេះ កម្រិតនៃការទ្រាំទ្របានរបស់ម្ចាស់រោងចក្រ គឺត្រឹមតែ ១៦៥ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែ ដើម្បីអោយបានទៅដល់ ១៧០ (ដុល្លារសហរដ្ឋអាមេរិក) រាជរដ្ឋាភិបាលត្រូវបំពេញបន្ថែមចំនួន ៥ ដុល្លារ(សហរដ្ឋអាមេរិក) ហើយ ៥ ដុល្លារ(សហរដ្ឋអាមេរិក)នេះ តើបានមកពីណា ដើម្បីយកមកដាក់បញ្ចូលតាមរយៈ នៃការបើកចេញពីម្ចាស់រោងចក្រ? យើងត្រូវដោះស្រាយបញ្ហាពីរអោយគេ ទី ១ គឺការពន្យារពន្ធ (ដោយ)កាត់ទុករហូតទៅដល់ឆ្នាំ ២០២២។ ទី ២ កម្រៃនៃការចាំចេញ សម្រាប់ការនាំចេញ ដែលធ្លាប់តែទទួលបានប្រមាណ ២៤ លានដុល្លារសហរដ្ឋអាមេរិក គឺនឹងត្រូវលុបចោល។
រាជរដ្ឋាភិបាលត្រូវបំពេញអោយបណ្តារោងចក្រ ត្រឡប់ទៅវិញចំនួនប្រមាណជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក ព្រោះបើមិនដូច្នោះទេ ម្ចាស់រោងចក្រនឹងទទួលទម្ងន់ទាំងអស់ ហើយការដែលម្ចាស់រោងចក្រមិនអាចទ្រាំទ្របាន ម្ចាស់រោងចក្រក៏អាចបិទរោងចក្រ ហើយការបិទរោងចក្រ វានឹងនាំទៅដល់ផលប៉ះពាល់មួយ គឺក្មួយៗបាត់បង់ការងារធ្វើ និងបាត់បង់ប្រាក់ចំណូលនោះឯង។ រាជរដ្ឋាភិបាលក៏ខិតខំរកវិធីសាស្ត្រ ដើម្បីម្ខាងជួយអោយម្ចាស់រោងចក្រ ប៉ុន្តែ តាមរយៈការជួយទៅដល់ម្ចាស់រោងចក្រនេះ ផលប្រយោជន៍ត្រូវរុញទៅអោយកម្មករ។ នេះគឺជាចំណុចមិនគ្រាន់តែដោះស្រាយការងារធ្វើទេ ក៏ប៉ុន្តែ យើងត្រូវជម្រុញការលើកកម្ពស់នូវប្រាក់ចំណូលសម្រាប់កម្មករ/ការិនីរបស់យើង។ ហើយមួយផ្នែកទៀត វាក៏ដើម្បីពន្លឿន នៃកិច្ចការទាក់ទងនឹងការអភិវឌ្ឍ ហើយរក្សាទុករោងចក្រសហគ្រាសដែល មានរួចមកហើយនេះ អោយគេរក្សាឈរជើងនៅក្នុងប្រទេសរបស់យើង។
ទួលសង្កែ ពីតំបន់អសន្តិសុខ មកជាតំបន់មានការអភិវឌ្ឍ
យើងធ្វើកិច្ចការងារច្រើនណាស់ ទម្រាំនឹងមានដូចសព្វថ្ងៃនេះ ប្រហែលជាក្មួយៗអាចនៅចាំបាន អំពីបញ្ហា ទាក់ទិនជាមួយនឹងអតីតកាល។ យើងលំបាកណាស់ទម្រាំបានមកដល់ដំណាក់កាលនេះ។ តំបន់នេះ (ទួលសង្កែ)អតីតកាល គឺជាតំបន់ដែលគេដាក់ទីតាំងបាញ់គ្រាប់ប្លោងចូលទៅពោធិ៍ចិនតុងទេ កាលពីសម័យទសវត្សរ៍ ៧០ ក្នុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ព្រោះអាពោធិ៍ចិនតុងនេះគេវាយញយហើយ វាយរហូតទៅដល់ខូចយន្តហោះខូចអីនៅក្នុងពោធិ៍ចិនតុងឯណោះ។ អញ្ចឹងទេ តំបន់នេះមិនមែនជាតំបន់ដែលមានការអភិវឌ្ឍនោះទេ។ ប៉ុន្តែឥឡូវនេះ វាក្លាយទៅជាតំបន់មានការអភិវឌ្ឍមួយ ហើយមិនយូរប៉ុន្មានទេ អគារទាំងឡាយ នឹងត្រូវរីកស្គុសស្គាយនៅទីនេះ …។
វិស័យឧស្សាហកម្មកម្ពុជាចាប់ផ្តើមពីសិប្បកម្ម
យើងខិតខំច្រើនណាស់ ទម្រាំមានលទ្ធភាពដូចសព្វថ្ងៃនេះ។ បើនិយាយពីវិស័យឧស្សាហកម្មវិញ ក្មួយៗអាចស្តាប់ពីរៀមច្បង ដែលធ្លាប់ឆ្លងកាត់ដំណាក់កាលដំបូង នៃការកកើតវិស័យឧស្សាហកម្មនៅកម្ពុជា។ ឧស្សាហកម្មពីដើមដែលយើងមាននោះ វាសុទ្ធតែសិប្បកម្មទេ តែយើងចេះតែនាំគ្នាហៅរោងចក្រៗ មានរោងចក្រមួយនោះវាសមស្របដែរ អាហ្នឹងគេហៅរោងចក្រផលិតស្រា អាហ្នឹង SKD អាហ្នឹងធំជាងគេហើយ។ ប៉ុន្តែ ក្រៅពីនោះ សិប្បកម្មផលិតទឹកកកតូចតាច (ក៏ហៅ)រោងចក្រផលិតទឹកកក … ដែលហៅថា រោងចក្រ គឺវាមានលក្ខណៈដូចសព្វថ្ងៃនេះ។ ក្រុមហ៊ុន In Jae Garment Co.,Ltd មាន (កម្មករ/ការិនី) ១.២៧០ នាក់ ដែលមិនបានចូលរួមនៅទីនេះ ប៉ុន្តែ ខ្ញុំនឹងទៅកាន់រោងចក្រនៅទីនោះ ដែលមានផលិតស្បែកជើង ហើយស្បែកជើងរបស់យើងក៏ជាស្បែកជើងល្អ។
សន្តិភាព ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគ
ឥឡូវ យើងក្រឡេកមើល(ទៅ)ក្រោយបន្តិច តាមរយៈនៃការខិតខំ ធ្វើអោយប្រទេសនេះមានសន្តិភាព ឱកាសសម្រាប់ការអភិវឌ្ឍគឺមាន តាមរយៈនៃការទាក់ទាញទុនវិនិយោគពីខាងក្រៅ តាមរយៈការបើកទីផ្សារនៅខាងក្រៅ តាមរយៈការសម្រួលនានា ដើម្បីអោយគេវិនិយោគមកកាន់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាត្រូវបានធ្វើជាបន្តបន្ទាប់ ជាផ្លូវ ជាស្ពាន ជាកំពង់ផែ និងការផ្គត់ផ្គង់អគ្គិសនី ក៏ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ដែលតាមរយៈនេះក្មួយកុំភ្លេចថា ក្មួយៗមួយចំនួនបានទទួលការសិក្សា ហើយការសិក្សានោះហើយ ដែលផ្តល់ឱកាសអោយក្មួយមានលទ្ធភាពមកធ្វើការនៅតាមរោងចក្រ សហគ្រាស ហើយតាមរយៈការបំបាត់ភាពមិនចេះអក្សរ ក្មួយៗមួយចំនួនក៏មានសមត្ថភាពអាចធ្វើជាមេការ ឬក៏ការទទួលខុសត្រូវថ្នាក់នេះ ថ្នាក់នោះ ដែលនោះហើយជាផ្នែកដ៏សំខាន់មួយដែលផ្តល់ឱកាសអោយយើងទាក់ទាញវិនិយោគមកបាន។
ពីប្រទេសមានរោងចក្រតិច កម្មករតិច មកជាប្រទេសមានរោងចក្រច្រើន កម្មករច្រើន
កម្លាំងពលកម្មវ័យក្មេងរបស់យើង ដែលបានចូលរួមនៅក្នុងការជម្រុញការលូតលាស់ខាងសេដ្ឋកិច្ចរបស់កម្ពុជា វាទាក់ទិនជាមួយនឹងវិស័យកសិកម្មផង វិស័យសេវាផង ហើយក្នុងនោះ វិស័យឧស្សាហកម្មដែលយើងបាន និងកំពុងមាន ប៉ុន្តែ យើងចាប់ផ្តើមពីចំណុចតិចតួច។ សូម្បីតែមកដល់ឆ្នាំ ១៩៩៧ ហើយ ពេលនោះយើងមានត្រឹមតែ ៧៤ រោងចក្រតែប៉ុណ្ណោះ ជាមួយនឹងកម្មករប្រមាណ ៨ ម៉ឺន ២ ពាន់នាក់ ពេលនោះ គឺមានត្រឹមប៉ុណ្ណឹង ប៉ុន្តែ ពេលនេះ នៅក្នុងក្របខណ្ឌវិស័យកាត់ដេរ និងដេរស្បែកជើង យើងមានរោងចក្ររហូតទៅ ដល់ជាង ១.១០០ រោងចក្រ ដែលវាជាផ្នែកមួយដ៏សំខាន់ នៃបណ្តុំបណ្តារោងចក្រសហគ្រាស បណ្តាក្រុមហ៊ុននានា រហូតជាង ១ ម៉ឺន រោងចក្រសហគ្រាស ជាមួយនឹងកម្មករជិត ៨០ ម៉ឺននាក់ ដែលបាន និងកំពុងធ្វើការនៅក្នុងវិស័យនេះ។ បើបូកសរុបជាមួយនឹងកន្លែងដែលចុះបញ្ជីហើយស្រាប់នោះ គឺមានរហូតទៅដល់ជាង ១ លាននាក់ ដេលយើងបាន និងកំពុងទទួលបៀវត្សរ៍ ការងារធ្វើ និងប្រាក់ចំណូលដែល ពីមួយថ្ងៃទៅមួយថ្ងៃចេះតែមានការកើនឡើង។
ប្រាក់ឈ្នូលអប្បបរមានៅកម្ពុជាខ្ពស់ជាងនៅមីយ៉ាន់ម៉ាតាំងពីមុនមក
ឆ្នាំ ១៩៩៧ ពេលនោះបៀវត្សអប្បបរមារបស់ក្មួយៗមានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ ប៉ុន្តែ ពេលនោះក៏មានប្រទេសដែល(មានប្រាក់ឈ្នួល)ទាបជាងយើង គឺប្រទេសមីយ៉ាន់ម៉ា ដែលពេលនោះខ្ញុំទៅទស្សនកិច្ចរោងចក្រកាត់ដេរនៅឯប្រទេសមីយ៉ាន់មាផងដែរ ដែលប្រាក់ខែរបស់គេពេលនោះត្រឹមតែ ២៥ ដុល្លារសហរដ្ឋអាមេរិកទេ។ ឥឡូវ បៀវត្សរបស់យើងកំពុងអនុវត្ត ១៥៣ ដុល្លារ(សហរដ្ឋអាមេរិក) នៅពេលដែលប្រទេសមីយ៉ាន់មាកំពុងអនុវត្តនូវប្រាក់បៀវត្សអប្បបរមា ៧៩ ដុល្លារសហរដ្ឋអាមេរិក។ ខ្ញុំមិនដឹងថាតើនៅឆ្នាំក្រោយនេះ បៀវត្សអប្បបរមានៅប្រទេសមីយ៉ាន់មានឹងឡើងដល់ប៉ុន្មានទេ? ក៏ប៉ុន្តែសម្រាប់ប្រទេសរបស់យើង គឺបៀវត្សមានរហូតទៅដល់ ១៧០ ដុល្លារ(សហរដ្ឋអាមេរិក) បូកនឹងអត្ថប្រយោជន៍ដទៃ ទៀតនៅពេលនេះ ក៏ដូចជា នៅពេលខាងមុខក្មួយៗទទួលបានប្រមាណជាង ២០០ ដុល្លារសហរដ្ឋអាមេរិក។
អ្វីកំពុងកើតមានសព្វថ្ងៃបានមកពីការខិតខំរបស់គណបក្សប្រជាជន មិនមានបាតដៃបក្សប្រឆាំងទេ
កិច្ចការទាំងអស់នេះតើបានមកពីអ្វីទៅ? មិនមែនបានមកពីការប្រឹងស្រែករបស់ពួកប្រឆាំងនោះទេ? ក៏ប៉ុន្តែ បានមកពីការប្រឹងប្រែងរបស់គណបក្សប្រជាជន បានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ហើយក៏ បានមកពីការខិតខំរបស់ក្មួយក៏ដូចជាម្ចាស់រោងចក្រនានា ដែលបានរួមចំណែកជាមួយគ្នា ក្នុងការដោះស្រាយបញ្ហាក្នុងរយៈពេលកន្លងទៅ។ យើងបានប្រឹងទៅសុំអោយគេផ្តល់ជំនួយ យើងបានប្រឹងទៅទាក់ទាញវិនិយោគិនអោយគេមកវិនិយោគនៅម្ពុជា យើងបានប្រឹងទៅបើកទីផ្សារនៅខាងក្រៅ ហើយថ្ងៃនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធិ ដែលមុននេះ គឺជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដើរបើកទីផ្សារនៅខាងក្រៅ រាប់ទាំងការចរចាដើម្បីអោយកម្ពុជាក្លាយទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក៏មានវត្តមាននៅពេលនេះ។ ដូច្នេះ ការផ្ទេរពីក្រសួងពាណិជ្ជកម្ម មកកាន់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនេះ វាសមស្របណាស់ ដែលកំពុងរួមចំណែកមើលការខុសត្រូវទៅលើ បញ្ហាឧស្សាហកម្ម និងសិប្បកម្មនេះ នៅក្នុងពេលវេលាដែលយើងអនុវត្តនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥។
មិនអនុញ្ញាតអោយជនក្បត់ជាតិណាមួយបំផ្លាញអនាគតរបស់កម្ពុជា
ខ្ញុំគិតថា ក្មួយៗទាំងឡាយអាចយល់បាន មិនមានអ្នកណាផ្សេងក្រៅពីរាជរដ្ឋាភិបាលទេ។ អ្នកខ្លះមកញុះញង់អោយក្មួយៗទាមទារប្រាក់ខែលើសលទ្ធភាពរបស់ថៅកែ តើការទាមទារនោះមានន័យយ៉ាងម៉េច? ការទាមទារនេះវាមានន័យគ្រប់គ្រាន់ គឺភាពរុញអោយខ្លោច រោចអោយឆៅ។ គេប្រើប្រាស់កម្មករ ដើម្បីធ្វើជាឈ្នាន់ឈានឡើង ហើយជាពិសេសនៅចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ គេចង់ជម្រុញអោយកម្មកររបស់យើងចូលរួម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយដែលមានចរិតជាបដិវត្តពណ៌។ ក៏ប៉ុន្តែឥឡូវនេះ យើងបានចាប់ខ្លួនជនក្បត់(ជាតិ)នេះហើយ ហើយបក្សនយោបាយដែលចូលរួមជាប្រព័ន្ធ នៅក្នុងការធ្វើបដិវត្តពណ៌បរាជ័យ ហើយដែលយើងរកឃើញធាតុផ្សំទាំងអស់ នៃភស្តុតាងដែលមិនអាចប្រកែកបាន និងឈានទៅដល់ការរំលាយគណបក្សនេះនៅពេលខាងមុខ។ យើងមិនអាចអនុគ្រោះអោយជនក្បត់ណាមួយ ដែលជ្រកស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយក្រោមបញ្ជារបស់បរទេស ដើម្បីបំផ្លាញអនាគតរបស់កម្ពុជាទេ។ អ្នកបានធ្វើបរាជ័យ ហើយអ្នកកំពុងបន្តធ្វើ តែឥឡូវ(យើងបាន)កាត់ស្មៅក្រោមជើង និងកាច់ដៃ កាច់ជើង នៃបណ្តាញភេរវកម្ម បណ្តាញនៃអង្គការចាត់តាំងក្បត់ជាតិមួយនេះ។ យើងមិនអាចអត់ឱនអោយបានទេ។
គេចង់ប្រើប្រាស់កម្មករ/ការិនី ហើយន័យពិតប្រាកដ គឺអ្វីទៅ? បើសង្គ្រាមផ្ទុះឡើងតាមរយៈ នៃហិង្សាប្រដាប់អាវុធ ដែលពួកគេបានអំពាវនាវម្តងហើយម្តងទៀតអោយប្រើប្រាស់ប្រដាប់អាវុធ ជាពិសេស នៃវីដេអូឃ្លីបដែលយើងបានបញ្ចាំង គឺទាមទារអោយកងទ័ពបង្វិលកាណុងមករាជរដ្ឋាភិបាល។ ចុះបើសិនមានការប្រយុទ្ធគ្នាពិតប្រាកដ តើរឿងនេះវាក្លាយទៅជាអ្វីទៅ? ធាតុផ្សំទាំងអស់ពីដើមរហូតដល់ចប់ គឺជាអំពើក្បត់ជាតិ និងបំផ្លាញជាតិ ដែលមិនអាចយោគយល់ និងអត់ឱនឲ្យបានទេ។ ជាភ័ព្វសំណាងរបស់កម្ពុជា ដែលមាន ហ៊ុន សែន អាចត្រួតត្រាសភាពការណ៍បាន ហើយមិនផ្តល់ឱកាសឲ្យពួកក្បត់បំផ្លាញនូវសន្តិសុខ ការឯកភាពជាតិ និងសន្តិភាពរបស់ប្រទេស ហើយមិនយកប្រទេសទៅដាក់ក្រោមការត្រួតត្រារបស់បរទេសនោះទេ។ ការធានាបែបនេះ គឺជាក៏ជាការធានាឲ្យក្មួយៗមានការងារធ្វើ នៅក្នុងឆ្នាំ ២០១៣ ពេលនោះប្រាក់បៀវត្សអប្បបរិមាប្រមាណជា ៨០ ដុល្លារ នៅឡើយទេ ខ្ទង់ ៨០ ដុល្លារ ឬក៏លើ ៨០ ដុល្លារបន្តិច ប៉ុន្តែប្រសិនបើទុកឲ្យសភាពការណ៍កើតឡើងនៅពេលនោះ មិនទប់ស្កាត់ តើរឿងរ៉ាវវានឹងកើតអ្វីទៅ? អំពើទាំងនេះត្រូវបានវែកមុខរកឃើញហើយ ហើយខ្ញុំក៏សុំបញ្ជាក់បន្តិចជាសារចេញពីនេះជាថ្មីម្ដងទៀត។
ស្វាគមន៍អ្នកតំណាងរាស្រ្តដែលចេញក្រោយពីបក្សដែលបានរំលាយ មកធ្វើការជាមួយគណបក្សប្រជាជន
នៅពេលដែលគណបក្សនយោបាយ ដែលធ្វើសកម្មភាពក្បត់ជាតិក្បត់ប្រជាជនត្រូវបានរំលាយ យើងមិនចង់ឲ្យមានផលប៉ះពាល់ណាមួយ ចំពោះអ្នកដែលមិនដឹងរឿងនោះទេ។ ដូច្នេះយើងស្វាគមន៍ចំពោះអ្នកតំណាងរាស្រ្ដ ដែលបានផ្ដាច់ខ្លួនចេញពីគណបក្ស មកចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ … គ្នាមិនបានដឹងអ្វី ហើយទើបនឹងដឹងពីឧបាយកលរបស់មេរបស់ខ្លួន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ យើងស្វាគមន៍ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ ដែលចង់បន្តការងាររបស់ខ្លួនតទៅទៀត ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ឧទាហរណ៍ មេឃុំ ចៅសង្កាត់ ជំទប់ នៅពេលដែលគណបក្សនេះត្រូវបានរំលាយ អាសនៈនឹងចែកទៅឲ្យគណបក្សផ្សេងៗ ក្នុងនោះចំណែកជាច្រើនត្រូវបានមកគណបក្សប្រជាជន។ គណបក្សប្រជាជននឹងផ្ដល់ឱកាសឲ្យធ្វើ បើសិនជាកន្លែងខ្លះឈរ(ឈ្មោះ)តែពីរបក្សទេ។ ក្នុងការឈរពីរបក្សនេះ គណបក្សសង្រ្គោះជាតិជាគណបក្សដែលធ្វើជាមេឃុំ ឬចៅសង្កាត់ ពេលនោះបើមានតែពីរបក្សគឺកៅអីទាំងអស់ត្រូវធ្លាក់មកគណបក្សប្រជាជន។ អញ្ចឹង ដើម្បីឲ្យមេឃុំ ចៅសង្កាត់នោះ មានលទ្ធភាពដើម្បីបម្រើប្រជាជនតទៅទៀត បន្ទាប់ពីការបែងចែកអាសនៈសាជាថ្មីហើយ យើងរៀបចំបញ្ជីសាជាថ្មីដាក់ចៅសង្កាត់នៅក្នុងតំណែង ដែលចេញពីគណបក្សសង្រ្គោះជាតិ មកចូលគណបក្សប្រជាជនឲ្យបន្តធ្វើមេឃុំតទៅទៀតទៅ។
រឿងនេះ គឺជាការអនុវត្ត។ យើងចង់ផ្ដន្ទាទោសសម្រាប់តែអង្គការចាត់តាំងនយោបាយដែលធ្វើសកម្មភាពក្បត់។ យើងចង់ផ្ដន្ទាទោសតែមេដឹកនាំតែប៉ុណ្ណោះ មិនចង់ឲ្យមានការប៉ះពាល់ជាមួយនឹងអ្នកខាងក្រោមនោះទេ។ នៅក្នុងក្រុមប្រឹក្សាខេត្ត ឬក្រុមប្រឹក្សាស្រុកក៏ដូចគ្នាដែរ នៅពេលដែលរំលាយហើយ អាកៅអីហ្នឹងជាស្វ័យប្រវត្តិ បានមកគណបក្សប្រជាជន។ អញ្ចឹងទេ បើគេជាសមាជិកក្រុមប្រឹក្សាខេត្ត ឬក្រុមប្រឹក្សាស្រុក យើងឈូសបញ្ជីចេញ ដាក់គេចូលទៅ ដូចជានៅខាងខេត្តតាកែវពីម្សិល។ ពេលហ្នឹង កៅអីហ្នឹងមិនបានមកយើង។ តែរំលាយកៅអីហ្នឹង វា(នឹង)សល់។ (កៅអី)សល់ហ្នឹងមុខជាចែកមកខាងយើង ដល់ចែកខាងយើងៗ រៀបចំបញ្ជីហ្នឹងដាក់អ្នកហ្នឹងទៅវិញទៅ។ ម្សិលមិញ (ដូចករណី)សមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ដល់ពេលហ្នឹងរៀបឲ្យដាក់ឲ្យត្រលប់ទៅវិញទៅ។ កៅអីហ្នឹងជាស្វ័យប្រវត្តិបានមកយើង ព្រោះមានតែពីរបក្ស។ … គណបក្សប្រជាជនដាក់អ្នកហ្នឹងចូលទៅវិញទៅ។ កាន់អ្វីកាន់នោះវិញដដែល។ យើងមិនចង់ឲ្យប៉ះពាល់ ព្រោះគ្នាអត់ដឹងថាមេបក្សរបស់ខ្លួនធ្វើអញ្ចឹងផង ហើយម៉្យាងទៀត សូកលុយ សូកកាក់គេ ហើយរៀបចំអ្នកទីមួយប៉ុន្មាន អ្នកទីពីរប៉ុន្មាន សងលុយគេមិនទាន់គ្រប់ផង។ មេឃុំប្រាក់ខែប៉ែតសិបប៉ុន្មានម៉ឺនដែរ ពីររយដុល្លារជាងដែរ សងគេមិនទាន់រួចផង។ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមប្រធានគណបក្សប្រជាជន ខ្ញុំធានាចំពោះបញ្ហាហ្នឹង …។
ខ្ញុំបញ្ជាក់យ៉ាងដូច្នេះ ក៏ចង់បញ្ជាក់ទៅគណៈកម្មាធិការបក្សគ្រប់ថ្នាក់របស់គណបក្សប្រជាជន ត្រូវអនុវត្តនូវគោលការណ៍នេះ។ បើថាសមាជិកខេត្តសមាជិកស្រុក កាលណាតែដល់ពេលបក្សហ្នឹងរំលាយ កៅអីទាំងឡាយវា(បាន)មកយើង។ រុញមនុស្សហ្នឹង ទៅវិញ តែនៅក្នុងក្របខណ្ឌនៃបញ្ជីឈ្មោះគណបក្សប្រជាជន ដោយយើងរៀបចំបញ្ជីថ្មីទៅ សុំទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយតែងតាំងដោយអនុក្រឹត្យទេតើ។ អត់មានអីពិបាកផង។ ឯចំពោះឃុំសង្កាត់ គឺក្រសួងមហាផ្ទៃទេតើ។ ប្រកាសទទួលស្គាល់។រៀបចំអញ្ចឹងឡើងវិញទៅ ដើម្បីឲ្យអ្នកទាំងនោះមានលទ្ធភាព ប៉ុន្តែមកក៏មក មិនមកទេរឿងរបស់អស់លោកលោកស្រីទេ។ នេះជាការបើកទូលាយ ដើម្បីឲ្យអ្នកមិនដឹងរឿងខាតបង់។ ខ្មែរក្រហមក៏ដូចគ្នា មិនមែនទាហានខ្មែរក្រហមទាំងអស់សុទ្ធតែមនុស្សអាក្រក់ឯណា។ មេដឹកនាំវានាំទៅឲ្យអាក្រក់។ អញ្ចឹងទេ កាត់ទោសតែមេដឹកនាំទៅបានហើយៗ រំលាយអង្គការចាត់តាំង និងយោធាចោលទៅ រួចហើយអ្នកខាងក្រោមបន្តការងារនៅក្នុងក្របខណ្ឌជាតិរបស់យើង ទាំងក្នុងរដ្ឋបាលស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធ។
បុគ្គលណា ឬគណបក្សនយោបាយណាក៏ដោយ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
ឯចំពោះបក្សនយោបាយ ហើយបក្សនយោបាយក៏សុំបញ្ជាក់មិនមែនបក្សនយោបាយមួយដែលត្រូវទទួល អ្នកណា បក្សនយោបាយណាខុសក៏ត្រូវតែរំលាយដូចគ្នាដែរ។ ទោះបីជាបក្សកាន់អំណាចខុស ក៏ត្រូវរំលាយដូចគ្នា។ ដូចជានៅប្រទេសថៃនេះ រំលាយគណបក្សកាន់អំណាចរហូតដល់ទៅ ២ ដង។ លើកទីមួយរំលាយគណបក្សថៃរ៉ាក់ថៃ (Thai Rak Thai) របស់អតីតនាយករដ្ឋមន្រ្ដី ថាក់ ស៊ីន។ លើកទីពីររំលាយគណបក្សកម្លាំងប្រជាជនរបស់ សាម៉ាក់ ស៊ុនដារ៉ាវ៉េត (Samak Sundaravej) គ្រាន់តែ សាម៉ាក់ ស៊ុនដារ៉ាវ៉េត ទៅធ្វើគុយទាវឆា ដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ បង្រៀនធ្វើម្ហូបសោះហ្នឹង ត្រូវគេចាប់ដល់ថ្នាក់ទម្លាក់ចេញឈប់ឲ្យធ្វើនាយករដ្ឋមន្រ្ដី។ បន្ទាប់ទៅលោក ស៊ុមឆ័យ វង់សាវ៉ាត់ (Somchai Wongsawat) ឡើងធ្វើនាយករដ្ឋមន្រ្ដីជំនួស កំពុងតែប្រជុំៗ តុលាការប្រកាសរំលាយគណបក្ស នៅពេលហ្នឹងគាត់នៅឈៀងម៉ៃឯណោះ។ អញ្ចឹងគាត់ថាគាត់ឈប់ហើយ។ បក្សណាដែលធ្វើខុស គឺត្រូវរំលាយទាំងអស់ហ្នឹង មិនថាគណបក្សកាន់អំណាច ឬគណបក្សណាទេ។ អញ្ចឹងទេ ខ្ញុំចង់និយាយបញ្ហានេះ ដើម្បីក្មួយៗមានលទ្ធភាពយល់នូវសភាពការណ៍។
កន្លងទៅនេះ គេចង់ប្រើបាតដៃកម្មករដើម្បីបង្កើតហិង្សានៅផ្លូវវេងស្រេង។ មើលឡើងវិញ។ ប្រៀបធៀបជាមួយនឹងប្រទេសនានាដែលបានកើតសភាពការណ៍នោះ។ … ឥឡូវចោទជាសំណួរមើល! ប្រសិនបើគ្រាន់តែទាមទារតម្លើងបៀវត្ស គ្រាន់តែទាមទារលក្ខខណ្ឌការងារ តើមានការចាំបាច់ធ្វើបាតុកម្មនៅម៉ោង ២ ភ្លឺនោះទេ? ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មម៉ោង ២ ភ្លឺ ហើយយកនំប៉័ងទៅចែកឲ្យស៊ី ដើម្បីឲ្យមានកម្លាំង។ ឥឡូវហ្នឹងរត់បាត់ធ្លាក់នៅអាមេរិកឯណោះ។ មិនចិត្តសឿងនៅហ្នឹងទៅ? រឿងនេះវាអត់ចប់ត្រឹមតែមនុស្សម្នាក់ត្រូវវាយខ្នោះនោះទេ រឿងរ៉ាវត្រូវដាក់ចោទជាបញ្ហា។ បើពេលនោះទុកឲ្យសភាពការណ៍នៅចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ វារីករាលដាល តើពេលនេះក្មួយៗមានឱកាសអង្គុយទទួលការងារនៅទីនេះទេ? សង្រ្គាមវានឹងផ្ទុះទូទាំងប្រទេស ព្រោះគ្មាននរណាគេឲ្យយើងមកផ្ដួលគេលេងៗនោះទេ។ ច្បាស់ណាស់ គេនឹងមានការវាយបក …។
រាជរដ្ឋាភិបាលត្រូវខាតបង់ ដើម្បីជម្រុញការឡើងបៀវត្សកម្មករ
ប៉ុន្តែឥឡូវនេះ អ្វីៗយើងបានដោះស្រាយសម្រួលសភាពការណ៍នេះឲ្យវិវឌ្ឍ ប្រជាពលរដ្ឋមិនបានចាប់អារម្មណ៍ទៅលើបញ្ហាអស់ទាំងនេះច្រើនហួសហេតុពេកទេ គឺសំខាន់ការងាររបស់គាត់ ក្មួយៗកម្មករ/ការនីគឺពិសេសលក្ខខណ្ឌការងាររបៀបម៉េច ប្រាក់បៀវត្សបានតម្លើងបែបណា នេះជាបញ្ហាគិតគូរពិតប្រាកដរបស់ក្មួយៗដែលពូយល់។ ចំណុចនេះហើយដែលពូបានធ្វើដំណើរ ហើយសុំអរគុណចំពោះយន្ដការត្រីភាគីដែលបានខិតខំចរចារលើរឿងនេះ ហើយក៏សុំថ្លែងនូវការកោតសរសើរចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មត្រូវបានបាត់បង់ប្រាក់ចំណូលប្រមាណជាង ២៤ លានដុល្លារសហរដ្ឋអាមេរិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបាត់ប្រាក់ចំណូលអំពីពន្ធកាត់ទុកនេះប្រមាណជា ២០ លានដុល្លារ ដែលជាការរួមចំណែកមួយដើម្បីឲ្យក្រសួងការងារ ហើយពេលនោះត្រូវឆ្លងឆ្លើយគ្នាទាំងយប់ ឲ្យគិតទាំងយប់តែម្ដង ព្រោះថ្ងៃស្អែកឡើងឯកឧត្តម អ៊ិត សំហេង ត្រូវប្រកាសដាក់ឲ្យបោះឆ្នោតនូវតួលេខ ១៦៥ (ដុល្លារ)។ អញ្ចឹងអា ៥ (ដុល្លារ) តើយើងទ្រាំទ្របានឬអត់? ត្រូវតែពិភាក្សាទាំងពេលយប់តែម្ដងដើម្បីដោះស្រាយឲ្យក្មួយៗ។
សុំឲ្យកម្មការិនីមានផ្ទៃពោះចេញដចសម្រាកមុនបាន ១៥ នាទី មិនមែនជាការងារកំប៉ិកកំប៉ុក
ម៉្យាងទៀត ថ្ងៃនេះក្មួយៗដែលមានផ្ទៃពោះចំនួន ៤១៩ នាក់បានមកកាន់ទីនេះ។ អម្បាញ់មិញបានសួរក្មួយៗ ហើយខ្ញុំសុំអរគុណណាស់ ជាមួយនឹងបណ្ដារោងចក្រទាំងអស់ ដែលបានទទួលយកសំណូមពររបស់ខ្ញុំ ឲ្យកម្មការិនីដែលមានផ្ទៃពោះបានចេញមុនម៉ោង ១៥ នាទីដូចៗគ្នា។ មុននេះ ខ្លះបាន ៥ នាទី ខ្លះបាន ១០ នាទី ខ្លះបាន ១៥ នាទី មិនដូចគ្នាទេ។ ប៉ុន្តែឥឡូវនេះ កម្មការិនីដែលមានផ្ទៃពោះត្រូវបានចេញមុនម៉ោង ១៥ នាទីដូចៗគ្នា ដែលជាការខិតខំមួយ។ អាចមានអ្នកខ្លះថាលោក ហ៊ុន សែន ធ្វើការកំប៉ិកកំប៉ុក សូម្បីតែសុំម៉ោងសម្រាប់កម្មករមិនដាក់ចេញជាបទបញ្ញត្តិចេញជាបទដ្ឋានច្បាប់តែម្ដងទៅ។ ប៉ុន្តែខ្ញុំសុំបញ្ជាក់រឿងរ៉ាវពាក់ព័ន្ធនឹងវិស័យឯកជនមានខ្លះកំណត់ដោយច្បាប់ តែមានខ្លះទៀតត្រូវធ្វើការចរចាសម្រួលទើបបាន។ អញ្ចឹងទេ នោះគឺជាការសម្រួលមួយសម្រាប់ក្មួយៗកម្មករ ជាពិសេសកម្មការិនីរបស់យើងដែលមានផ្ទៃពោះដែលអាចទទួលបាននូវការចេញមុនម៉ោងរយៈពេល ១៥ នាទី។ នេះជាពេលវេលាមួយ ព្រោះ ៥ នាទីវាតិចពេក។ ម្យ៉ាងពោះធំ ចេញមុន ៥ នាទីមែន តែគេមកទាន់។ អញ្ចឹង ១៥ នាទី សមល្មមដើម្បីឲ្យអ្នកមានផ្ទៃពោះទៅឆ្ងាយបន្តិច ចាំអ្នកអត់ផ្ទៃពោះមកតាមក្រោយ។ អញ្ចឹងក៏ជាការធានាសុវត្ថិភាព និងការសម្រួលមួយផ្នែកទៅដល់សុខុមាលភាពរបស់ស្រ្តី ដែលមានផ្ទៃពោះ។
ការប្រឹងប្រែងដោះស្រាយការងារសម្រាប់កម្មករ ប្រតិសកម្មទៅកាន់មនុស្សមួយចំនួនទៀត
យើងបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើឲ្យមានវឌ្ឍនភាពនៃការដោះស្រាយការងារធ្វើ ជាមួយនឹងប្រាក់ចំណូលកាន់តែច្រើនសម្រាប់កម្មករ/ការិនីរបស់យើង។ មិនមែនគ្រាន់តែកម្មករ/ការិនីខ្លួនឯងប៉ុណ្ណោះទេ ដែលធ្វើការដោយផ្ទាល់ទេ មនុស្សប្រមាណ ៣ លាននាក់ ដែលទទួលនូវការងារបន្ថែមជាប្រយោល។ តាមរយៈ អ្នកខ្លះមានរថយន្តដឹកជញ្ជូន អ្នកខ្លះលក់ដូរ អ្នកខ្លះមានផ្ទះជួល ហើយប្រាក់ចំណូលទាំងនោះបញ្ជូនទៅឲ្យក្រុមគ្រួសារ។ ក្រុមគ្រួសារក៏បានប្រើប្រាស់ថវិកានោះ ប្រាក់ដែលក្មួយៗបញ្ជូនទៅ ដើម្បីឪពុកម្តាយយកទៅដោះស្រាយជីវភាព ហើយយកទៅរួមចំណែកបង្កបង្កើនផល ដោយសារតែអវត្តមានកម្លាំងពលកម្មដែលក្មួយៗចេញមកធ្វើការរោងចក្រ។ អញ្ចឹងឪពុកម្តាយត្រូវប្រើប្រាក់នោះ ដើម្បីជាប្រាក់សម្រាប់ប្រើគ្រឿងយន្តកសិកម្ម តាមរយៈជួល ឬតាមរយៈរបស់ដែលខ្លួនមាន សម្រាប់ការរហូតទៅដល់ការច្រូតកាត់ ក៏ប្រើគ្រឿងយន្តដែរ។
សន្តិភាព និងការអភិវឌ្ឍ ចំណងទាក់ទងកាត់ផ្តាច់មិនបាន
ចំណុចនេះហើយ ដែលទាមទារនូវការខិតខំជាបន្តទៀត សម្រាប់យើងទាំងអស់គ្នា ប៉ុន្តែដើម្បីឲ្យការខិតខំនេះ ការលូតលាស់នេះនៅតែបន្ត អ្វីដែលជាសេចក្តីត្រូវការធំ សម្រាប់យើងនោះគឺសន្តិភាព។ គ្មានសន្តិភាពគឺមិនអាចអភិវឌ្ឍបានទេ។ មិនត្រូវឲ្យអង្គការចាត់តាំងណា ទោះបីមកពីក្នុងប្រទេស ឬក្រៅប្រទេស ដែលយើងរកឃើញនូវអំពើក្បត់ ត្រូវបានសំងំលាក់ខ្លួនក្រោមការផ្តល់ជំនួយហិរញ្ញវត្ថុ ឬក្រោមសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ ឬបុគ្គលបំផ្លាញនូវសន្តិភាពនោះទេ។ សន្តិភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ដើម្បីយើងទាំងអស់គ្នាបន្តការអភិវឌ្ឍ។ គ្មានសន្តិភាព មិនអាច អភិវឌ្ឍបានទេ ហើយប្រសិនបើគ្មានការអភិវឌ្ឍ ក៏មិនអាចរក្សាទុកនូវសន្តិភាពនេះបានដែរ។ នេះជាចំណងទាក់ទងគ្នាបេះមិនដាច់ រវាងសន្តិភាព និងការអភិវឌ្ឍ ដែលអំពាវនាវឲ្យតួអង្គពាក់ព័ន្ធគ្រប់ ចូលរួមជាមួយគ្នា ដើម្បីបន្តកិច្ចការសម្រាប់អនាគតប្រទេសរបស់យើង។ គ្មានការចូលរួម គឺវាពិតជាគ្មានជោគជ័យនោះទេ។ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បានប្រឹងប្រែងណាស់ នៅក្នុងរយៈពេលកន្លងទៅ តាមរយៈនៃការចូលរួមរំដោះប្រទេសចេញពីប្រល័យពូជសាសន៍ ហើយតាមរយៈនូវការចូលរួមទប់ស្កាត់ការវិលត្រឡប់នូវរបប ប៉ុល ពត និងតាមរយៈនៃការប្រឹងប្រែងបង្កបង្កើនផល ដោះស្រាយជីវភាពគ្រួសារនៅពេលខាងមុខ នៅពេលដែលពួកគាត់ចេញមកពីក្នុងរបប ប៉ុល ពត ក្នុងស្ថានភាពពីបាតដៃទទេ។
ដូច អាណែត ថ្ងៃមុន ខ្ញុំពិតជាអាណោធអាធ័មខ្លាំង នៅពេលដែលមានការរួមពាក់ព័ន្ធជាមួយនឹងការស្វែងរកគ្រួសារ ដោយទាក់ទិនជាមួយ «នេះមិនមែនជាសុបិន្ត»។ អញ្ចឹងទេ នៅពេលដែលត្រូវបានសំភាសន៍ សម្រាប់ប្អូនប្រុសម្នាក់គឺរឿងរ៉ាវនេះវាមានច្រើន ប៉ុន្តែភស្តុតាងនៅបន្សល់ទុកសម្រាប់ប្អូនប្រុសម្នាក់ ឈ្មោះខ្លួនឯងអត់ដឹងផង។ ឪពុកម្តាយឈ្មោះអីក៏អត់ដឹងដែរ ហើយ ឈ្មោះឥឡូវនេះ ជាឈ្មោះម្តាយចិញ្ចឹមទីពីរជាអ្នកដាក់ឲ្យ ព្រោះវង្វេងគ្នានៅត្រឹមស្ពានជ្រោយចង្វារ ហើយត្រូវជម្លៀសខ្លួនរហូតទៅដល់ថៃ ថៃដឹកយកមកចាក់នៅភ្នំដងរែក រួចហើយត្រឡប់មកវិញ ចេះតែធ្វើដំណើរមក ដល់ភ្ញាក់ឡើងបាត់ម្តាយ ឥឡូវហ្នឹងស្វែងរកម្តាយ។ ដល់ស្វែងរកម្តាយ តើរកម៉េច? ទាល់តែម្តាយអាចមើលឃើញតាមទូរទស្សន៍ ទើបអាចរកឃើញ ព្រោះសាម៉ីខ្លួនអត់ទាំងស្គាល់ត្រកូលអីផង។ រឿងនេះ រឿងអាណោធអាធ័មណាស់ ហើយជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗសុទ្ធតែបានជួបប្រទះរឿងនេះ គ្មានអ្នកណាមួយមិនបានជួបទេ ឲ្យតែនៅលើដីខ្មែរក្នុងដំណាក់កាល ប៉ុល ពត សុទ្ធតែមានរឿងហ្នឹងទាំងអស់។
អញ្ចឹងទេ ការរក្សាសន្តិភាព គឺជារឿងចាំបាច់ខានមិនបាន ហើយវាមានតម្លៃធំធេងណាស់។ អតីតកាលបានបង្រៀនយើងគ្រប់គ្រាន់ណាស់ទៅហើយ។ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍនោះទេ មានតែការបំផ្លិចបំផ្លាញតែប៉ុណ្ណោះទេ សូម្បីតែស្ពានជ្រោយចង្វារក៏ត្រូវកាត់ផ្តាច់ដោយសារគ្រាប់មីន ហើយទុកចោលតាំងពីរង្វង់ឆ្នាំ ១៩៧២-១៩៧៣ រហូតមកដល់ឆ្នាំ ១៩៩៤-១៩៩៥ ទើបតភ្ជាប់ឡើងវិញ។ ប៉ុន្មានជាង ២០ ឆ្នាំក្រោយទើបអាចតភ្ជាប់ស្ពាននេះឡើងវិញ។ តែឥឡូវនេះ យើងមិនត្រឹមតែអាចឆ្លងស្ពាននេះទេ យើងធ្វើស្ពានថ្មីថែមមួយទៀត ដើម្បីមួយទៅមួយមក ព្រោះការរីកចម្រើនរបស់ប្រទេស។
ទី១៖ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាពការងារ/រកវិធីដោះស្រាយបញ្ហាកិច្ចសន្យាការងារ
មានការងារមួយចំនួនដែលអំពាវនាវឲ្យក្មួយៗ ប្រហែលជាក្មួយៗបានស្តាប់ហើយ ប៉ុន្តែ ពូនៅតែនិយាយ ព្រោះមុខសញ្ញាដដែល រឿងដដែល គ្រាន់តែមុខមនុស្សខុសគ្នាប៉ុណ្ណោះ តែមុខសញ្ញាកម្មករនៅតែកម្មករ ម្ចាស់រោងចក្រ។ រឿងរ៉ាវក្នុងវិស័យឧស្សាហកម្មក៏ដូចជា ទន្ទឹមនឹងការការពារ រួមគ្នាការពារសន្តិភាព ដើម្បីធានាការអភិវឌ្ឍ យើងត្រូវបន្តការធ្វើ ទី ១ ៖ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព។ គ្មានអស្ថេរភាពណាមួយ ដែលធានានូវស្ថេរភាពការងាររបស់ក្មួយៗនោះទេ គ្មានអស្ថេរភាពណាមួយដែលមានទេសចរមកកាន់ប្រទេសរបស់យើងទេ។ គ្មានអស្ថេរភាពណាមួយដែលផ្តល់ឱកាសសម្រាប់ការងារធ្វើរបស់ក្មួយៗនោះទេ មិនថាទាំងក្នុងវិស័យរោងចក្រកាត់ដេរ ឬដេរស្បែកជើងនោះទេ។ គ្រប់វិស័យទាំងអស់សុទ្ធតែត្រូវការវា ហើយក៏មិនត្រូវទុកឲ្យតាមរោងចក្រ មានបងតូចបងធំ និងមិនត្រូវឲ្យតាមរោងចក្រ មានក្រុមគ្រឿងញៀននៅទីនោះទេ ធ្វើយ៉ាងម៉េចឲ្យរោងចក្រយើងក្លាយទៅជាសហគមន៍ ដែលមានសុខដុមរមនា រវាងថៅកែរោងចក្រ ជាមួយអ្នកទទួលខុសត្រូវក្នុងផ្នែក ជាមួយនឹងកម្មករ។ ធ្វើយ៉ាងនេះបាន គឺយើងមានសុវត្ថិភាពការងារ និងស្ថេរភាពការងារ។ ហើយខ្ញុំនៅតែបន្តនិយាយថា កិច្ចសន្យាការងារត្រូវតែដោះស្រាយឲុ្យបានសមស្រប ដើម្បីធានាថាកម្មករ/ការិនីរបស់យើង មិនត្រូវបានបញ្ឈប់ពីការងារដោយបង្ខំ តាមរយៈកិច្ចសន្យាការងារ រយៈពេលខ្លី ហើយយើងក៏មិនត្រូវបង្ខំនូវការចុះហត្ថលេខារយៈពេលវែងក្នុងពេលដែលតម្រូវការការងារនោះ មានរយៈពេលខ្លី។
កិច្ចការទី ២ គឺរួមគ្នារក្សាការងារ និងបង្កើតការងារថ្មី
កិច្ចការទី ២ គឺរួមគ្នារក្សាការងារ និងបង្កើតការងារថ្មី។ ចំណុចនេះក្មួយៗត្រូវចងចាំ ដើម្បីរក្សានូវប្រាក់ចំណូល គឺរក្សាការងារដែលយើងមាននៅសព្វថ្ងៃ ធ្វើយ៉ាងម៉េចការងារដែលយើងមានសព្វថ្ងៃនេះ ត្រូវតែរក្សាវា មិនត្រឹមតែរក្សាឲ្យវាមាន តែជារោងចក្រទេ ក៏ប៉ុន្តែទិន្នផលក៏ត្រូវបានបង្កើនដែរ។ ក្មួយៗមិនត្រូវភ្លេចថា នៅលើពិភពលោក និងក្នុងតំបន់របស់យើងនេះ មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ទៅលើបញ្ហាផលិតសម្លៀកបំពាក់ ឬក៏ស្បែកជើងទេ។ ប្រទេសរបស់យើងប្រាក់បៀវត្សនឹងឡើងទៅដល់ ១៧០ ដុល្លារ។ នេះទាបបំផុត។ ប៉ុន្តែមិនត្រូវភ្លេចថា ឥឡូវយើងនិយាយឆ្នាំនេះទៅចុះ ១៥៣ ដុល្លារ ប៉ុន្តែនៅមីយ៉ាន់ម៉ា មានត្រឹមតែ ៧៩ ដុល្លារសហរដ្ឋអាមេរិក។ នៅឡាវ មានត្រឹមតែ ១១០ ដុល្លារ។ នៅវៀតណាមមានតំបន់ដែលមាន ១៣០ ដុល្លារ និងមានតំបន់ដែលមាន ១៦០ ដុល្លារ មិនដឹងថាឆ្នាំក្រោយឡើងដល់ណាទេ។ នៅឯបង់ក្លាដេស មាន ៦៧។ ស្រីលង្ការ ៦៧ ហើយនឹងឥណ្ឌាត្រឹមតែ ៧៧ ដុល្លារទេ។ ដូច្នេះ ប្រសិនបើយើងទាមទារហួសហេតុ គឺគេអាចដករោងចក្រចេញពីប្រទេសរបស់យើង ហើយរោងចក្រកាត់ដេរស្បែកជើងគឺងាយណាស់ គាត់គ្រាន់តែរើដាក់កុងទឺន័រទៅ រួចហើយចាកចេញទៅតម្លើងនៅប្រទេសដទៃ …។
ដូច្នេះបានជាយើងត្រូវប្រឹងរួមគ្នា ទាំងជាមួយម្ចាស់រោងចក្រ អ្នកទទួលខុសត្រូវគ្រប់ផ្នែក ក៏ដូចជាជាមួយនឹងកម្មករ/ការិនីរបស់យើង ដើម្បីរក្សាការងារដែលយើងបាន និងកំពុងមាន ហើយយើងបន្តបង្កើតនូវការងារថ្មី សម្រាប់កូនចៅយើងដែលមិនទាន់មានការងារធ្វើ។ ក្មួយៗមានការងារធ្វើហើយ ក៏ប៉ុន្តែនៅមានប្អូន នៅមានសាច់ញាតិ នៅមានមិត្តភក្តិដែលមិនទាន់មានការងារធ្វើ។ ដូច្នេះ យើងត្រូវបង្កើតការងារថ្មីតាមរយ
ៈការវិនិយោគ ដោយការវិនិយោគក្នុងស្រុក ឬការវិនិយោគក្រៅស្រុក ហើយមិនមែនគោលដៅត្រឹមតែបញ្ហាវាយនភណ្ឌ ក្នុងវិស័យទាក់ទងនឹងការកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងទេ ក៏ប៉ុន្តែក្នុងវិស័យសេវា និងវិស័យដទៃទៀត រហូតទៅដល់ក្នុងវិស័យកសិឧស្សាហកម្ម ដែលយើងត្រូវទាក់ទាញវិនិយោគ ដើម្បីបង្កើតការងារថ្មីៗឲ្យកម្មករ ឲ្យប្រជាពលរដ្ឋរបស់យើង។ រាជរដ្ឋាភិបាលក៏ត្រូវតែខិតខំ ដើម្បីទាក់ទាញវិនិយោគ ហើយពង្រីកទីផ្សាររបស់ខ្លួននៅឯក្រៅប្រទេស សម្រាប់ការនាំចេញនូវផលិតផលរបស់កម្ពុជា ដែលពីមួយថ្ងៃទៅមួយថ្ងៃ គឺចេះតែមានការកើនឡើង។ ទំហំពាណិជ្ជកម្មនៅក្នុងប្រទេសរបស់យើង កើនកាន់តែច្រើន តម្លៃនៃការនាំចេញរបស់យើងប្រមាណជាជាង ១២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយ យើងមិនទាន់ស្កប់ស្កល់ទេ។ សូមបញ្ជាក់ក្មួយៗថា ប្រាក់ខែរបស់ក្មួយៗ គឺឡើងបានប៉ុណ្ណេះ គឺវាមិនទាន់សម្រាប់ការពេញចិត្តរបស់ក្មួយៗ ហើយវាក៏មិនទាន់សម្រាប់ការពេញចិត្តរបស់ពូដែរ យើងត្រូវការប្រាក់ខែលើសពីនេះ ក៏ប៉ុន្តែយើងត្រូវដើរជាជំហានៗ។ គ្មានទេពាក្យថា ស្កប់ស្កល់។
ប៉ុន្មានថ្ងៃមុននៅប្រទេសអាមេរិក មានការប្រកាសអ្នកមានជាងគេ ក្នុងហ្នឹង ប្រធានាធិបតី ដូណាល់ ត្រាំម៍ បានធ្លាក់ប្រាក់ចំណូលរបស់គាត់ … Bill Gate មានប្រាក់រហូតទៅ ដល់ ៨ ម៉ឺន ៧ ពាន់លាន បានសេចក្តីថា ៨៩ ពាន់លានដុល្លារ។ អញ្ចឹង សួរថា Bill Gate ស្កប់ស្កល់ហើយឬនៅ? មិនទាន់ស្កប់ស្កល់ទេ។ ប្រាក់ចំណូលរបស់ Bill Gate ដែលបានមកពីវិនិយោគ បានមកពីការខិតខំនៃក្រុមហ៊ុនរបស់គេ មួយថ្ងៃមិនដឹងថាឡើងប៉ុន្មាន អាចថាមួយថ្ងៃឡើង ១ លាន ២ លាន ឬក៏អាចលើសពីនេះក៏អាចថាបាន។ អញ្ចឹងសម្រាប់យើង ១៧០ ដុល្លារ ថែមនឹងអត្ថប្រយោជន៍ដទៃទៀត វាមិនទាន់គ្រប់ទេ។ យើង ត្រូវខិតខំទាំងអស់គ្នា។ ការងារធ្វើសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបន្ត ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។
ការងារទី ៣ យើងត្រូវរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង
ការងារទី ៣ យើងត្រូវរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង។ ខ្ញុំបញ្ជាក់នូវចំណុចនេះឡើងវិញ ប្រាក់ខែអប្បបរមាឡើងជារៀងរាល់ឆ្នាំ មិនមែនឡើងសម្រាប់តែឆ្នាំ ២០១៨ នោះទេ។ ឆ្នាំ ២០១៩ នឹងត្រូវឡើងជាបន្តទៀត តែឡើងដល់ត្រឹមណា រឿងនេះទុកឲ្យយន្តការត្រីភាគីជាអ្នកកំណត់។ ទន្ទឹមនឹងការបង្កើនប្រាក់ចំណូល ខ្លួនយើងម្នាក់ៗជាកម្មករ/ការិនី ក៏ត្រូវបង្កើននូវការចេះដឹង និងបង្កើនសមត្ថភាព។ ខ្ញុំពិតជាមានការរីករាយដែលឃើញផលិតផលរបស់កម្ពុជា។ ខ្ញុំហាត់ប្រាណរៀងរាល់ល្ងាច ឥឡូវនេះ ថ្ងៃមុនចុះថាខ្ញុំទៅរោងចក្រ ADIDAS ខ្ញុំពាក់អាហ្នឹងហាត់ប្រាណ។ … ខ្ញុំមកពីផ្សារអូឡាំពិក ខ្ញុំចូលផ្សារមួយនៅក្បែរវត្តលង្កា ទិញអាវកីឡា។ អត់ដែលបានពាក់ទេ។ ថ្ងៃនោះ ខ្ញុំយកចេញពីទូ។ ខ្ញុំចង់ដឹងថាវាផលិតនៅណា? ផលិតនៅកម្ពុជា។ អាវយ៉ាងស្អាត។ អញ្ចឹងទេ ទឹកដៃរបស់កម្មករ/ការិនីរបស់យើងមិនអន់ទេ។
រុញពិដាននៃពន្ធលើប្រាក់បៀវត្សទៅ ១ លាន ២ សែនរៀល
ដូច្នេះយើងបន្តការខិតខំបែបនេះតទៅទៀត ដើម្បីឲ្យខ្លួនយើងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ ចំណេះដឹង ចំណេះធ្វើរបស់យើងក៏កាន់តែខ្ពស់ដែរ ដើម្បីទទួលបាននូវប្រាក់ចំណូល ហើយបៀវត្សឡើងជារៀងរាល់ឆ្នាំ ជាមួយនឹងការមិនយកពន្ធ នៃប្រាក់បៀវត្សដែលមុននេះ ដែលឆ្នាំនេះកំពុងអនុវត្ត មួយលានរៀលមិនយកពន្ធ។ ប៉ុន្តែ ច្បាប់ហិរញ្ញវត្ថុដែលនឹងឆ្លង នៅថ្ងៃទី ២៧ នេះ ដាក់ ១ លាន ២ សែនរៀល នឹងមិនយកពន្ធទេ ដើម្បីធានាថា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ/ការិនី និយាយរួមទាំងផ្នែករដ្ឋ ទាំងផ្នែឯកជនដែលមានប្រាក់បៀវត្សតិចជាង ១ លាន ២ សែនរៀល ឬ ៣០០ ដុល្លារ មិនត្រូវបានជាប់ពន្ធទេ។ នេះជាការប្រឹងប្រែងមួយ ដើម្បីធ្វើឲ្យប្រាក់ចំណូល ដែលកម្មករ/ការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ របស់យើងទទួលបាន មិនត្រូវបានជាប់ពន្ធ ដែលយើងត្រូវលើកពី ១ លាន ទៅកាន់ ១ លាន ២ សែនរៀល។
ថ្លៃទឹកភ្លើងថយចុះ អរគុណម្ចាស់ផ្ទះជួលទាំងអស់ដែលមិនតម្លើងប្រាក់ឈ្នួលផ្ទះ នៅក្នុងឆ្នាំ ២០១៨
ក្រៅពីនោះ ក្មួយៗក៏ត្រូវបានទទួលបន្ថែមនូវការកាត់បន្ថយថ្លៃទឹក ថ្លៃភ្លើងដែលផ្គង់ផ្គង់ដោយរដ្ឋ ទៅដល់ផ្ទះជួល ដែលមុននោះកំណត់ដោយម្ចាស់ផ្ទះ តែឥឡូវនេះកំណត់នៅពេលដែលភ្លើងរដ្ឋបានចូលទៅដល់ តម្លៃអគ្គិសនី នៅត្រឹមតែ ៤៨០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងការប្រើក្រោម ៥០ គីឡូវ៉ាត់។ ទឹកត្រឹមតែ ៨០០ រៀល ក្នុងមួយម៉ែត្រគីបដែល ដែលមុននេះ ១២០០ រៀល ដែលធ្វើឲ្យក្មួយៗទទួលបាននូវប្រាក់កម្រៃដែលបង់ថ្លៃត្រឡប់ទៅវិញមានតិចជាង។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះម្ចាស់ផ្ទះជួលទាំងអស់ដែលយល់ព្រមតាមសំណើររបស់ខ្ញុំ មិនតម្លើងប្រាក់ឈ្នួលផ្ទះ នៅក្នុងឆ្នាំ ២០១៨ នេះ អរគុណណាស់។ ខ្ញុំចង់ដឹងមើលថា នៅពេលដែលបៀវត្សត្រូវបានបង្កើត ហើយតម្លៃផ្ទះឈ្នួលមិនត្រូវបានឡើង ដូចកាលពីពេលមុន តើប្រាក់ចំណូលពិតប្រាកដរបស់កម្មករ/ការិនីរបស់យើងមានប៉ុន្មាន? ចំណុចនេះជាការអប់រំ ព្រោះថាហាក់ដូចជាបានទទួលការយល់ព្រមរួចស្រេចទៅហើយ។
របបសន្ដិសុខផ្នែកថែទាំសុខភាព៖ ខែ មករា ២០១៨ កម្មករទាំងអស់ ទទួលការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ នៅតាមពេទ្យរដ្ឋ
ចំណុចទី ៤ ដែលខ្ញុំចង់និយាយទៅកាន់ក្មួយៗ នោះគឺពាក់ព័ន្ធទៅនឹងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ កន្លងមកទាក់ទិននឹងការងារនេះ គឺកម្មករ/ការិនីត្រូវបង់ ៥០ ភាគរយ ហើយម្ចាស់រោងចក្រត្រូវបង់ ៥០ ភាគរយ ដើម្បីបានទទួលរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព។ ប៉ុន្តែ ចាប់ពីខែមករា ឆ្នាំ ២០១៨ តទៅ ក្មួយៗមិនចាំបាច់បង់ទៀតទេ គឺម្ចាស់រោងចក្របង់ជួស ១០០ ភាគរយ តែម្តង។ ដូច្នេះ ក្មួយៗដែលធ្លាប់បានចំណាយ ក្នុងរង្វង់ ៨.០០០ ទៅ ១៣.០០០ រៀល ក្នុងមួយខែ ក៏ត្រូវបានសន្សំទុក អាចថាមួយឆ្នាំបើ ១៣.០០០ រៀល ក៏បានជាង ១០ ម៉ឺនរៀលដែរ ក្នុងមួយឆ្នាំ។ នេះជាការកាត់បន្ថយហើយ។ ហើយនេះជាបន្ទុក។ បន្ទុកនេះហើយ ដែលយើងជួយដោះស្រាយឲ្យម្ចាស់រោងចក្រត្រឡប់ទៅវិញ។ ហើយក៏សូមប្រកាសថា ចាប់ពី ខែមករា ឆ្នាំ ២០១៨ តទៅ កម្មករគ្រប់ផ្នែកទាំងអស់ ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ត្រូវបានទទួលការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ រដ្ឋនឹងបង់ថ្លៃជួស តាមរយៈមូលនិធិសមធម៌ ដែលយើងបាន និងកំពុងអនុវត្តមនុស្សប្រមាណជាង ៣ លាននាក់។ ឥឡូវនេះ យើងនឹងដាក់បញ្ចូលទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺប្រមាណជា ៣ លាននាក់ថែមទៀត ដើម្បីនឹងទទួលបាននូវអត្ថប្រយោជន៍ អំពីការទាក់ទងនឹងរឿងសុខភាព។ រឿងនេះជារឿងសំខាន់ ដែលវាទាក់ទងទៅនឹងគោលនយោបាយជាតិគាំពារសង្គមរបស់យើង។ សូមអំពាវនាវ ក្រសួងការងារក៏បានធ្វើកិច្ចការងារនេះ អំពាវនាវឲ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់ មកចុះបញ្ជីឲ្យបានឆាប់បំផុត ដើម្បីផ្តល់ប្រយោជន៍ចំពោះកម្មករ/ការិនី។ បើមិនដូច្នោះទេ កម្មករ/ការិនីគ្នានៅតែបាត់បង់នូវផលប្រយោជន៍ ដែលមិនអាចទទួលបាន។
កម្មករ កីឡាករ អ្នកចូលនិវត្តន៍ ជិះឡានក្រុងឥតគិតថ្លៃ ២ ឆ្នាំ
សុំបញ្ជាក់ដែរថា កម្មករ/ការិនីទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ បូកជាមួយកីឡាករ/ការិនីត្រូវបាន នឹងអ្នកចូលនិវត្តន៍ផ្សេងទៀត ត្រូវបានទទួលការជិះរថយន្តក្រុងដោយមិនចាំបាច់បង់ប្រាក់យ៉ាងតិចរយៈពេល ២ ឆ្នាំ។ ក្មួយៗជិះទៅ តែនៅកន្លែងណាដែលចំឡានក្រុងទេណា បើជិះតាក់ស៊ី បង់លុយខ្លួនឯងទៅ ពេទ្យក៏ដូចគ្នាដែរ ធានាមិនយកប្រាក់តែមន្ទីរពេទ្យរដ្ឋទេ ហើយការមិនយកប្រាក់ក៏ធ្វើតែចំពោះឡានសាលាក្រុងភ្នំពេញ ដែលបានដាក់ដំណើរការកាន់តែច្រើនទៅៗ។ ហើយរឿងនេះ ក្មួយៗមិនចាំបាច់ថា ចាំតែជិះទៅធ្វើការទេ ជិះដើរលេងក៏ដោយ ជិះអាហ្នឹងទៅ ទៅជួបសង្សារអីជិះទៅ។ ខែនេះហើយធ្លាក់ខ្យល់ពីជើងហើយ តែចេញវស្សាគេការហើយ អាហ្នឹងជាទម្លាប់ គេមិនសូវការក្នុងវស្សាឡើយ គេការក្រៅវស្សា ក្រោយចេញវស្សា។
កម្មការិនីមានផ្ទៃពោះ សម្រាក ៣ ខែ ប្រាក់បៀវត្ស ១២០% និងទទួលសាច់ប្រាក់ពេលឆ្លងទន្លេ
ចំពោះកម្មការិនី ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ កម្មការិនី ដែលបានចុះបញ្ជី នៅពេលឆ្លងទន្លេ នឹងទទួលបានការសម្រាកព្យាបាល រយៈពេល ៣ ខែ ដែលមានបៀវត្ស ១២០ ភាគរយ នៃបៀវត្ស ក្នុងនោះ គឺមានការចេញដោយ មូលនិធិបេឡាជាតិសន្តិសុខសង្គម ចំនួន ៧០ ភាគរយ ចេញដោយនិយោជក ៥០ ភាគរយ។ ស្រ្តីមានផ្ទៃពោះទាំងអស់ទូទាំងប្រទេស ត្រូវបានទទួលការពិនិត្យដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ចាប់តាំងពី ០ ម៉ោង ថ្ងៃ ១ ខែ មករា ឆ្នាំ ២០១៨ ទៅ កម្មការិនីឆ្លងទន្លេទាំងអស់ នឹងត្រូវទទួលបាននូវកម្មវិធីសាច់ប្រាក់ ដែលផ្តល់សម្រាប់ស្រ្តីឆ្លងទន្លេ ម្នាក់ ដែលមានកូនមួយចំនួន ៤០ ម៉ឺនរៀល កូនភ្លោះពីរ បាន ៨០ ម៉ឺនរៀល ហើយកូនភ្លោះបី នឹងបាន ១ លាន ២ សែនរៀល ហើយកូនភ្លោះបី នឹងចូលជាសមាជិកគ្រួសារកូនភ្លោះបី ដែលខ្ញុំជួយឧបត្ថម្ភតែម្តង។ ហើយបន្តិចទៀត នៅពេលដែលពូធ្វើដំណើរទៅ(ចែកស្រោមសំបុត្រ) កុំភ្លេចបើខ្លួនមានកូនភ្លោះ កុំភ្លេចប្រាប់ថា ខ្ញុំមានកូនភ្លោះ ដើម្បីពូផ្តល់ ២ ស្រោមសំបុត្រ។ ឯអ្នកមានកូនមួយផ្តល់តែមួយស្រោមសំបុត្រទេ ហើយប៉ុន្មានខ្ញុំអត់ប្រកាសទេ បើកមើលខ្លួនឯងទៅ។
ស្រ្តីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ទទួលបានសាច់ប្រាក់ឧបត្ថម្ភពេលសម្រាលកូន
ស្រ្តីជាមន្រ្តីរាជការ ជាកងកម្លាំងប្រដាប់អាវុធ ក៏នឹងត្រូវទទួលបានអត្ថប្រយោជន៍បន្ថែមទៀត ដែលពេលនេះមានតែមន្រ្តីរាជការស៊ីវិលទេ។ តែកងកម្លាំងប្រដាប់អាវុធអត់ទទួលបានទេ។ ហើយនេះក៏នឹងត្រូវដាក់ឲ្យអនុវត្តតម្លើងទៅ ៨០ ម៉ឺនរៀល សម្រាប់ស្រ្តីដែលធ្វើការនៅក្នុងមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ដែលរាប់ទាំងកងទ័ព នគរបាល អាវុធហត្ថ អាវុធហត្ថនៅជាផ្នែករបស់កងទ័ព។ សុំអំពាវនាវឲ្យបណ្តារោងចក្រ សហគ្រាសទាំងឡាយ រៀបចំនូវមណ្ឌលសុខភាព គិលានដ្ឋាននៅក្នុងរោងចក្រ ដែលមកដល់ពេលនេះ មាន ៨៨ ភាគរយ ហើយនៅសល់តែ ១២ ភាគរយទេ រោងចក្រដែលមិនទាន់មានគិលានដ្ឋាន ខិតខំរៀបចំដែលមិនទាន់មានកន្លែងបំបៅកូន មានទារកដ្ឋាន និងមានកន្លែងទទួលទានអាហារ នៅតាមរោងចក្រ ខិតខំធ្វើរឿងនេះ ដើម្បីធានានូវសុខភាពរបស់កម្មករ/ការិនី។
របបសោធននិវត្តន៍វិស័យឯកជន អនុវត្ត ២០១៩ តទៅ
ម៉្យាងទៀត ខ្ញុំសុំយកឱកាសនេះជម្រាបជូនក្មួយៗឲ្យបានជ្រាបថា ចាប់ពីឆ្នាំ ២០១៩ ទៅ រាជរដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្តនូវរបបសោធននិវត្តន៍សម្រាប់កម្មករ/ការិនី នៅក្នុងក្របខណ្ឌវិស័យវិស័យឯកជន។ នេះជារឿងសំខាន់ណាស់ ដែលវាជាការគិតគូររបស់មនុស្សគ្រប់រូប មិនថាគេ មិនថាខ្ញុំទេ ការគិតនៅត្រង់ថា បន្ទាប់ពីអញឈប់ធ្វើការហើយ តើមានអ្វីចិញ្ចឹមខ្លួន? នេះជាសំនួរដែលក្មួយៗតែងតែសួរខ្លួនឯង។ ខ្ញុំធ្លាប់បាននិយាយហើយ សូម្បីតែពូមានអាយុប៉ុណ្ណេះ ហើយមានលទ្ធភាពជាទ្រព្យសម្បត្តិ ប៉ុន្តែ ក៏នៅដាក់ជាសំណួរថា តើពេលដែលអញចាស់ទៅ ក្លាយជាអ្វី? រឿងរ៉ាវអត់បាយស៊ី វាមិនអាចកើតមានទេ ក៏ប៉ុន្តែ នៅត្រង់ថា ជីវិតមនុស្សចាស់មួយនេះ តើមានកូនណា ឬចៅណា ដែលយកចិត្តទុកដាក់ចំពោះខ្លួននោះ។ នៅក្នុងឃ្លីបវីដេអូមួយ ដែលនិយាយថា តើមានថ្ងៃអាទិត្យប៉ុន្មានដងទៀត? ឬក៏ថាមានដាច់ឆ្នាំប៉ុន្មានដង សំដៅនិយាយដល់ថា កូនចៅទាំងឡាយតែងតែទុកឪពុកម្តាយ ឲ្យនៅមួយកន្លែង ក្នុងពេលដែលយើងជាប់រវល់ការងារនេះ ជាប់រវល់ការងារនោះ។ អាមួយជាប់អានេះ អាមួយជាប់អានោះ ដូច្នេះទីចុងបំផុត ឪពុកម្តាយម្នាក់ចិញ្ចឹមកូនបាន ១ កន្ទេល ២ កន្ទេល ឯកូន ១ កន្ទេល ២ កន្ទេល ចិញ្ចឹមឪពុកម្តាយម្នាក់មិនបាន។ នេះជារឿងអាណោចអាធ័មនៃជីវិតមនុស្ស។ ឯសម្រាប់ក្មួយ ក៏ដាក់ចេញចោទជាបញ្ហា ក្រៅពីគិតគូរដូចជាពូ ថាពេលដែលចាស់ទៅ មានកូនណាចិញ្ចឹមខ្លួន មើលថែខ្លួន។ តែក្មួយមានបញ្ហាជាងពូធំណាស់ ត្រង់ថា តើពេលចាស់ទៅ អត់មានការងារធ្វើទៅ តើនៅសល់អ្វី បានអ្វីចិញ្ចឹមខ្លួន បានអ្វីចិញ្ចឹមកូនចៅ ហើយពឹងពាក់កូនចៅ បានឬទេ?
អញ្ចឹង យោងទៅលើការគិតគូរបែបនេះ និងសំដៅកសាងរដ្ឋទំនើបមួយ យើងក៏ត្រូវអនុវត្តនូវប្រាក់សោធននិវត្តន៍ក្នុងវិស័យឯកជន ដើម្បីធានាថាក្មួយៗឈប់ធ្វើការងារទៅ នឹងមានប្រាក់ដើម្បីចិញ្ចឹមខ្លួនជាបន្ត។ ដូចជា ឥឡូវឆ្នាំក្រោយនេះ ក្មួយៗនឹងទទួលបានទៅដល់ ១៧០ ដុល្លារ នៅពេលដែលចូលនិវត្តន៍ ប្រាក់បៀវត្សរ៍នោះត្រូវនៅសល់ ៨០ ភាគរយ។ ដូច្នេះ វាអាចនៅសល់ ១៤០ ដុល្លារសហរដ្ឋអាមេរិកដែរ។ ក៏ប៉ុន្តែ សូមបញ្ជាក់ថា ដើម្បីទទួលបាននូវអត្ថប្រយោជន៍នៃប្រាក់សោធននិវត្តន៍ ត្រូវបំពេញលក្ខខណ្ឌដូចមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធដែរ។ មិនអាចចូលធ្វើការមួយខែ ពីរខែ ឬមួយឆ្នាំ ពីរឆ្នាំ ហើយទៅទាមទារនូវប្រាក់សោធននិវត្តន៍នោះទេ។ គេមានតែប្រាក់បង់ផ្តាច់ស្អីតែប៉ុណ្ណឹង។
គ្មានអ្វីខុសគ្នារវាងមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងកម្មករ/ការិនីទៀតទេ
ប៉ុន្តែ ដើម្បីធានាឲ្យទទួលបាន ត្រូវមានលក្ខខណ្ឌរបស់វា។ អញ្ចឹងបានជាពាក្យចាស់លោកពោលថា «ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង» ការនឿយពីក្មេងនោះហើយ ដែលធានាឲ្យក្មួយៗមានប្រាក់បៀវត្ស គេហៅថា ប្រាក់រឺត្រែត ក្រោយពេលដែលខ្លួនឈប់ពីការងារ។ ដូច្នេះ ត្រូវខិតខំបំពេញលក្ខខណ្ឌទាំងនោះ មិនអាចរត់ចេញពីកន្លែងនេះ ទៅកន្លែងនោះ ពីកន្លែងនោះ ទៅកន្លែងនោះ។ អត់ទេ។ ត្រូវធ្វើការ ហើយគេបូកគ្នា តជំនាន់ ដើម្បីទទួលអត្ថប្រយោជន៍។ ពេលនោះ ការខុសគ្នារវាងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាមួយនឹងកម្មករក្នុងវិស័យឯកជននឹងមិនមានទៀតទេ (ដែលថា)មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធមានប្រាក់ចូលនិវត្តន៍ ឯកម្មករ/ការិនីក៏មានប្រាក់ចូលនិវត្តន៍ដែរ។
ខិតខំដោះស្រាយបញ្ហាជូនពលករចំណាកស្រុក ធ្វើការនៅប្រទេសក្រៅ
ចុងក្រោយ យើងក៏បាន និងកំពុងខិតខំដោះស្រាយបញ្ហាកម្មករ/ការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស តាមរយៈការខិតខំរិះរកទីផ្សារឲ្យកម្មករ/ការិនីរបស់យើង នៅឯក្រៅប្រទេស។ ថ្ងៃមុន ខ្ញុំចេះតែរកចម្រៀង ដោនឡូតចម្រៀងនេះចូលក្នុងទូរស័ព្ទខ្ញុំប្រហែលជា ១ ពាន់បទ។ អផ្សុកចេះតែធ្វើទៅ មានបានដើរទៅណា? អ្នកដែលកម្សត់ជាងគេ តើអ្នកណា? ទី ១ ព្រះមហាក្សត្រយាងទៅណាក៏មិនបាន ចូលហាងក៏លំបាក។ ទី ២ នាយករដ្ឋមន្រ្តីហ្នឹងឯង។ កម្សត់ណាស់។ យូរៗប្រពន្ធហៅបាយនៅហាងម្តង បានដើរត្រុកៗទៅ។ ប៉ុន្តែ ឥឡូវឃើញដូចជាជិតមួយឆ្នាំ គេមិនដែលហៅចូលហាងអីទៀត។ ដល់ពេលកម្សត់អញ្ចឹង ទូរស័ព្ទចេះតែដោនឡូតយកទៅ។ ថ្ងៃមុន វ៉ៃចេញមក សុទ្ធតែរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ អីមក។ ដោនឡូតយកខ្ទេច។ កម្មវិធី Turbo វាយអក្សរដាក់សារ៉ាវ៉ាន់ ចេញមកទាំងអស់ … (អ្នក)មកហាត់ប្រាណជាមួយ អត់ចេះដោនឡូត ក៏ដោនឡូតឲ្យទៅ …។
មានគេបន្តុះបង្អាប់ថា ដឹកនាំឲ្យប្រជាជនធ្វើជាខ្ញុំកញ្ជះគេ
ធ្វើការនៅក្រៅប្រទេស ក៏ជាផ្នែកមួយនៃការដែលយើងខិតខំដោះស្រាយការងារធ្វើឲ្យប្រជាជនរបស់យើង។ ប៉ុន្តែ ខ្ញុំត្រូវគេបន្តុះបង្អាប់ថា បណ្តោយឲ្យជនជាតិកម្ពុជាទៅធ្វើខ្ញុំគេនៅក្រៅប្រទេស រហូតដល់គេប្រមាថថា ពេលដែលមកសួរសុខទុក្ខក្មួយៗនេះ គឺលោក ហ៊ុន សែន ដឹកនាំប្រទេសឲ្យប្រជាជនមកធ្វើកញ្ជះគេនៅតាមរោងចក្រ។ ខ្ញុំដូចជាលែងយល់ហើយ ប៉ុន្តែ អាអ្នកដែលនិយាយហ្នឹង វាទៅធ្វើការឲ្យគេដែរ វាមិនមែនថៅកែឯណា? នៅលើលោកនេះ អត់មានសេដ្ឋីទាំងអស់ទេ បើមិនធ្វើស្រែ ត្រូវធ្វើការឲ្យគេ នេះជារឿងពិត រឿងធម្មតា។ នៅទូទាំងពិភពលោក វាអត់មានអ្នកមានទាំងអស់គ្នាទេ មានអ្នកមាន និងអ្នកក្រ។ អញ្ចឹង អ្នកមាន និងអ្នកក្រ ទៅផ្សារភ្ជាប់គ្នានៅកន្លែងមួយ។ អ្នកមាន មានលុយ ធ្វើរោងចក្រ ហើយទទួលយកអ្នកដែលខ្វះខាតយកមកធ្វើការ ក្លាយទៅជាសម្ព័ន្ធភាពមួយរវាងម្ចាស់រោងចក្រអ្នកមានប្រាក់ ជាមួយនឹងអ្នកខ្វះខាត ដើម្បីរួមគ្នាបង្កើតនូវប្រាក់ចំណូល។ ម្ខាងថៅកែក៏ទទួលបាននូវប្រាក់ចំណេញ ម្ខាងទៀតយើងក៏បានទទួលបានប្រាក់(ចំណូល)។
កម្មករ/ការិនីយើងបានឆ្លងផុតបន្ទាត់នៃភាពក្រីក្រ
១៧០ ដុល្លារ បៀវត្សអប្បបរមា គិតទៅក្នុងមួយឆ្នាំ ក្មួយៗអាចទទួលបានរហូតទៅដល់ជិត ២ ពាន់ដុល្លារទៅហើយ បូកបន្ថែមនឹងអត្ថប្រយោជន៍ដទៃទៀត គឺក្មួយៗអាចទទូលបានលើសពីនេះ ក្នុងពេលដែលអង្គការសហប្រជាជាតិកំណត់ពេលនេះ ត្រឹមតែអ្នកដែលរកប្រាក់ចំណូលបាន ១,២៤ ដុល្លារ (ក្នុងមួយថ្ងៃ) ចាត់ទុកថា នៅលើបន្ទាត់នៃភាពក្រីក្រទៅហើយ។ ឯពេលមុន កំណត់តែ ១ ដុល្លារទេ។ ប៉ុន្តែ ពេលនេះ ក្មួយៗរកបានជាង ៦ ដុល្លារ ក្នុងមួយថ្ងៃ ដែលអាចចាត់ទុកថា ជាអ្នកដែលអាចឆ្លងផុតបន្ទាត់នៃភាពក្រីក្រ។ យើងកំពុងខិតខំធ្វើកិច្ចការងារនេះ ហើយជាផ្នែកមួយនៃប្រាក់ចំណូលរបស់ក្រុមគ្រួសារ។ ខ្ញុំនិយាយមិនទាន់អស់ អម្បាញ់មិញនេះ ខ្ញុំដោនឡូតទៅរកចម្រៀង ហើយពេលមួយ ខ្ញុំទៅវាយរកចម្រៀង រំដួលដូរដី ទៅប៉ះកម្មករយើងម្នាក់ ដែលធ្វើការនៅកូរ៉េ។ គាត់ច្រៀងបទដែលគាត់និពន្ធខ្លួនឯង កូនកតញ្ញូ តែយកភ្លេងបទ រំដួលដូរដី។ គាត់ច្រៀងរៀបរាប់អំពីការដែលគាត់ធ្វើការនៅកូរ៉េ ដើម្បីយកប្រាក់មកឲ្យឪពុកម្តាយធ្វើផ្ទះយ៉ាងធំ។ នេះជាអ្វី? បើយើងគ្មានបង្កើតទំនាក់ទំនងជាមួយកូរ៉េខាងត្បូងទេ តើយើងបញ្ជូនពលករទៅបានទេ? អត់បានទេ។ ប្រទេសនានាដណ្តើមគ្នាបញ្ជូនពលករទៅកាន់កូរ៉េខាងត្បូង តាំងពីចិន វៀតណាម ថៃ ហ្វីលីពីន ឯយើងបញ្ជូនបានជាង ៤ ម៉ឺននាក់។ ប្រទេសថៃ ដែលយកកម្មករពីយើងទៅ ក៏មានកម្មករទៅធ្វើការនៅកូរ៉េ នៅជប៉ុន នៅកោះតៃវ៉ាន់ នៅមជ្ឈឹមបូព៌ាច្រើនណាស់ មិនមែនមានតែខ្មែរទេ។ នេះជាផ្នែកមួយនៃការដោះស្រាយការងារធ្វើសម្រាប់ពលរដ្ឋរបស់យើង។
រួមដំណើរជាមួយគ្នា ថែរក្សាសន្តិភាព ការអភិវឌ្ឍ ការងារ និងប្រាក់ចំណូល មិនឲ្យជនណាមកបំផ្លាញឡើយ
ហើយសង្ឃឹមថា ក្មួយៗ ក៏ដូចជាឪពុកម្តាយ និងជីដូនជីតាក្មួយៗ នឹងរួមដំណើរជាមួយពូបន្តទៀត ក្នុងការថែរក្សាសន្តិភាព ថែរក្សាការអភិវឌ្ឍ ដែលត្រូវធ្វើបន្ត ថែរក្សាការងារធ្វើ និងប្រាក់ចំណូលដែលក្មួយៗបាន និងកំពុងមាន មិនអាចឲ្យនរណាមកបំផ្លាញទេ ដោយហេតុផលនៃអំពើទាំងឡាយ ដែលគេធ្វើដើម្បីបំផ្លាញជាតិ។ ពូបានប្រកាសម្តងហើយម្តងទៀតថា នឹងបន្តកាន់កាប់ដំណែងជានាយករដ្ឋមន្រ្តីរយៈពេលមិនតិចជាង ១០ ឆ្នាំទៀតទេ។ ពូមិនសុខចិត្តឲ្យអ្នកណាមួយបំផ្លិចបំផ្លាញប្រទេសនេះ ដែលពូបានរួមចំណែកជាមួយជីដូនជីតា ឪពុកម្តាយក្មួយៗ ក៏ដូចជាមេដឹកនាំរបស់គណបក្សប្រជាជនតាំងពីដើមទី ហើយបំផ្លាញឲ្យវាខ្ទេចខ្ទាំទៅវិញទេ។ រោងចក្រ សហគ្រាស អ្វីៗដែលបានកើតឡើង វាស្ទើរតែក្លាយទៅជាកូនបង្កើតរបស់ ហ៊ុន សែន ទៅហើយ វាផ្សារទៅជាមួយជីវិតរបស់ ហ៊ុន សែន តាំងពីដំណើររំដោះប្រទេសចេញពីរបប ប៉ុល ពត តាំងពីដំណើរការទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត តាំងពីដំណើរនៃការចរចាស្វែងរកសន្តិភាព តាំងពីដំណើរនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ នាំមកនូវការឯកភាពទឹកដី តាំងពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍គ្រប់វិស័យ និងអនុវិស័យ រោងចក្រ សហគ្រាស និងសកម្មភាពទាំងឡាយ ស្ទើរតែក្លាយទៅជាកូនបង្កើត ដែលខ្ញុំបានធ្វើជាឆ្មបបង្កើតវាមក។ ព្រោះអ្នកដែលមានលទ្ធភាពអនុម័ត ដឹកនាំ សម្រេចលើកិច្ចការទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច អ្នកដែលមានសិទ្ធិធំជាងគេ គឺនាយករដ្ឋមន្រ្តីហ្នឹងឯង។
ដូច្នេះ ការអភិវឌ្ឍដូចជា គោលនយោបាយផលិតស្បៀង និងការនាំចេញអង្ករ យើងធ្វើតាំងពីប្រជាជន ៥ លាននាក់ ខ្វះអង្ករស៊ី ឥឡូវប្រជាជនជាង ១៥ លាននាក់ សល់ស្រូវជាង ៥ លានតោន។ វិស័យឧស្សាហកម្ម តាំងពីអត់ ឥឡូវ យើងមានលទ្ធភាពដើម្បីនាំចេញរហូតទៅដល់ជាង ១២ ពាន់លានដុល្លារ។ ទេសចរណ៍ តាំងពីអត់ទេសចរ ឥឡូវ យើងមានទេសចរ ៥ លាន ៥ សែននាក់ ឆ្នាំ ២០១៦ ហើយ ២០១៧ រំពឹងថានឹងមានការកើនឡើងថែមទៀត។ តាំងពីទីក្រុងអត់មនុស្សនៅ ឥឡូវទីក្រុងស្ទះចរាចរណ៍។ អញ្ចឹងទេ ពូមិនសុខចិត្តឲ្យនរណាមួយមកបំផ្លាញនោះទេ។ ព្រោះវាមិនមែនគ្រាន់តែបំផ្លាញ ហ៊ុន សែន តែវាបំផ្លាញជាតិ បំផ្លាញប្រជាជន ហើយក្មួយៗជាអ្នកទទួលរងផលប៉ះពាល់មុនគេ។ សង្ឃឹមថា នឹងទទួលបាននូវការគាំទ្រពីសំណាក់ជីដូនជីតា ឪពុកម្តាយ និងពីសំណាក់ក្មួយៗបន្តទៀត ដើម្បីឲ្យពូមានលទ្ធភាពដឹកនាកសាងប្រទេសនេះជាបន្ត។
ការរាប់អានហាក់ដូចជាចេញពីទឹកចិត្តពិតៗ
ថ្ងៃនេះ ជាមួយនឹងការជួបជុំនៅទីនេះ មានទាំងអស់ ១៤.៦១៤ នាក់ មកពី ១០ រោងចក្រ ពូគ្មានអ្វីច្រើនទេ ហើយក្មួយៗក៏មិនចង់មកយកប្រាក់ពីពូត្រឹមតែម្នាក់ ២ ម៉ឺនរៀលនោះទេ សូមជូនម្នាក់ ២ ម៉ឺនរៀលជាការកំដរដៃ។ ប៉ុន្តែ ការរាប់អានរបស់ក្មួយៗចេញមកពីទឹកចិត្ត គេអាចមើលយល់។ ភាពសោះអង្គើយ និងភាពស្និទ្ធស្នាលចាត់ទុកពូដូចជាឪពុក ឬជាឪពុកមា ឪពុកធំ ឬក៏ជាជីតា រឿងនេះអាចមើលយល់តាមរយៈសកម្មភាពដែលក្មួយៗបានប្រព្រឹត្ត។ ពូអរគុណ ជាមួយនឹងការស្រឡាញ់រាប់អាន ហើយចាត់ទុកពូដូចជាឪពុក ឪពុកមា ឪពុកធំ ឬជីតា តែជីតាដូចជាចាស់ពេក ត្រឹមឪពុកមា ឪពុកធំបានហើយ។ នោះហើយគឺជាប្រភពនៃការលើកទឹកចិត្ត ដើម្បីឲ្យពូធ្វើដំណើរជាបន្តទៀតក្នុងផ្លូវដ៏វែងឆ្ងាយ ហើយនាំប្រទេសនេះឆ្លងពីប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ដែលពេលនោះប្រាក់ចំណូលរបស់ក្មួយៗក្នុងមួយខែៗ ឬក្នុងមួយឆ្នាំៗ មិនដូចថ្ងៃនេះ ហើយក៏មិនដូចឆ្នាំក្រោយដែរ ប្រាក់បៀវត្សត្រូវឡើងរាល់ឆ្នាំ។ ប្រាក់ចំណូលកាន់តែខ្ពស់ មុននេះ ប៉ុន្មានឆ្នាំមុន សម្រាប់ប្រជាជនម្នាក់មានប្រាក់ចំណូលត្រឹមតែ ២៤៥ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ នៅក្នុងរង្វង់ឆ្នាំ ២០០០ ប្លាយ។ ប៉ុន្តែ ឥឡូវនេះ ប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់របស់កម្ពុជា មានរហូតដល់ ១,៤០០ ដុល្លារសហរដ្ឋអាមេរិកជាងទៅហើយ។ យើងនឹងធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងកាន់តែខ្ពស់ទៅៗ ដែលក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
២ ម៉ឺនរៀល សម្រាប់ក្មួយៗវាតិចតួចណាស់ ប៉ុន្តែ(នេះជាការរំលឹកការដែល)ក្មួយៗបានមកជួបពូនៅថ្ងៃនេះ។ ថ្ងៃនេះ ប្រហែលជាមិនមានភ្លៀងធ្លាក់ទេ បើភ្លៀងក៏ភ្លៀងល្ងាច។ ថ្ងៃនេះមកទិសខាងហ្នឹងដែរតែវាមិនភ្លៀង។ យើងចង់សាកល្បងមើល ទៅខាងលិចភ្លៀងរហូត។ ថ្ងៃនេះ អត់អីទេ តែរាងហប់បន្តិច។ ក្មួយៗថា ដៃពូត្រជាក់ តែតាមពិតក្តៅទេ ត្រជាក់ដោយសារញើសទេ។ សម្រាប់ក្មួយៗជាស្រ្តីមានផ្ទៃពោះ ៤១៩ នាក់ ពូនឹងប្រគល់ដោយផ្ទាល់ដៃនូវស្រោមសំបុត្រមួយ ដោយពូមិនបញ្ជាក់ថាប៉ុន្មានទេ គ្រាន់តែសូមថាក្មួយៗដែលមានកូនភ្លោះ ពេលពូទៅដល់ប្រាប់ថា ខ្ញុំ(បាន)កូនភ្លោះតែប៉ុណ្ណឹងទេ។ អរគុណណាស់សម្រាប់ការជួបជុំគ្នានៅព្រឹកនេះ ហើយខ្ញុំក៏និយាយច្រើនហើយដែរ។ ១ ម៉ោងកន្លះល្មមនឹងឈប់ហើយ បំពង់កល្ងាចហ្នឹងរលាកទៀតហើយៗ ស្អែកត្រូវធ្វើដំណើរ(ទៅថៃ)។ ព្រឹកមិញ ឃើញឯកសាររបស់ឯកឧត្តម អ៊ិត សំហេង ដាក់នៅលើតុ ត្រឡប់ទៅវិញទើបបានពិនិត្យមើលចុះហត្ថលេខា ទាក់ទងជាមួយនឹងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។ ប៉ុន្តែ លឺថាក្មួយៗជុំគ្នាហើយ អញ្ចឹងក៏ចេញមក។ ចាំត្រឡប់ទៅវិញ។ តែទៅវិញ អត់ទាន់បានឡើងទៅរកផ្ទះទេ (ទៅ)ស៊ីញ៉េសិន ដើម្បីល្ងាចសម្រាកឲ្យបានគួរសមបន្តិច។ ល្ងាច(ទៅ)មុខតែគេដាក់មួយគំនរមកទៀតហើយ។ ការងារវាមានតែប៉ុណ្ណឹង ជួនកាលវាគ្មានទាំងពេលហាត់ប្រាណផង។
ហើយចុងបញ្ចប់ សូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗជាកម្មករ/ការិនី និយាយជារួម និងនិយាយដោយឡែកចំពោះក្មួយៗដែលជាកម្មការិនីមានផ្ទៃពោះ សូមឲ្យក្មួយៗឆ្លងទន្លេដោយសុវត្ថិភាព និងទទួលបានកូនប្រុស/ស្រីដែលគួរឲ្យស្រឡាញ់ និងជូនពរទាំងអស់គ្នា ជួបប្រទះនឹងពុទ្ធពរ និងពរ ៥ ប្រការ៕