FN ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងបន្តបេសកកម្មរបស់ខ្លួន ក្នុងការសម្របសម្រួលធ្វើយ៉ាងណា ឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពអំណោយផល ដើម្បីជំរុញលើកទឹកចិត្ត ដល់អ្នកវិនិយោគក្នុង និងក្រៅប្រទេសធ្វើការបណ្ដាក់ទុន ឱ្យកាន់តែច្រើនឡើងថែមទៀត។ ការថ្លែងការប្តេជ្ញាចិត្តរបស់ របស់អគ្គលេខាធិការរូបនេះ ធ្វើឡើងក្នុងឱកាសដែលលោក និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលវត្តមានអ្នកចូលរួមទាំងអស់ មានចំនួនសរុបប្រមាណ ១០០នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែល Fresh News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនង ឱ្យកាន់តែមានភាពជិតស្និទ្ធរវាង CDC និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ព្រមទាំងធ្វើបច្ចុប្បន្នភាព ស្តីពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីអភិវឌ្ឍន៍ វិស័យឯកជនសំដៅផ្តល់នូវទំនុកចិត្តបន្ថែមទៀត ដល់ផ្នែកឯកជនក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។…