ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យការធ្វើផ្ទះជូនអតីតយុទ្ធជន នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ និងប្រាប់សមាជិកដែលគ្មានផ្ទះ និងដីអាចស្នើសុំបាន
FN ៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបន្ដចុះពិនិត្យការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ដើម្បីត្រៀមនឹងបញ្ចប់ទាំងស្រុង ប្រមាណ២០០ខ្នង នៅចុងខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសចុះពិនិត្យនៅព្រឹកមិញនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ដើម្បីមករស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យនេះ បានបញ្ចប់រួចរាល់ប្រមាណ១៥០ខ្នងផ្ទះហើយ។ លោក គន់ គីម បន្ថែមទៀតថា ក្នុងចំណោមផ្ទះដែលធ្វើរួចរាល់ សមាគមក៏បានប្រគល់ជូនសមាជិកជាបណ្ដើរៗផងដែរ ដើម្បីចូលស្នាក់នៅ។ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា សម្រាប់ផ្ទះជាង២០០ខ្នង ដែលសាងសង់នៅស្រុកចុងកាល់នេះ ដើម្បីត្រៀមចែកជូនសមាជិកអតីតយុទ្ធជន ដែលមានជីវភាពលំបាក ពោលគ្មានដី គ្មានផ្ទះសម្បែងពិតប្រាកដ ដើម្បីស្នាក់នៅ។ បើតាមលោក គន់ គីម ផ្ទះនៅតំបន់នេះ ១០០ខ្នង នឹងត្រូវប្រគល់ជូនអតីតយុទ្ធជននៅរាជធានីភ្នំពេញ ចំនួន១០០គ្រួសារ ដោយឡែក ផ្ទះដែលនៅសល់ផ្សេងទៀត នឹងត្រូវប្រគល់ជូនខេត្តឧត្តរមានជ័យ ចំនួន៥០ខ្នង…