រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យភាគីឡាវប្រើប្រាស់ កំពង់ផែ ផ្លូវទឹក និងផ្លូវគោករបស់ខ្លួន ដើម្បីដឹកទំនិញចេញចូល
FN ៖ ខណៈដែលប្រទេសឡាវ មិនមានកំពង់ផែ ដើម្បីដឹកទំនិញតាមសមុទ្រនោះ កម្ពុជាបានសម្រេចបើកផ្លូវឱ្យមិត្តជិត ខាងមួយនេះ ប្រើប្រាស់កំពង់ផែ ផ្លូវទឹក និងផ្លូវគោករបស់ខ្លួន ដើម្បីដឹកទំនិញចេញចូល។ ការបើកផ្លូវឱ្យភាគីឡាវប្រើប្រាស់ កំពង់ផែ ផ្លូវទឹក និងផ្លូវគោកកម្ពុជានេះ ត្រូវបានបញ្ជាក់ជាថ្មីដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈជួបពិភាក្សាជាមួយ ប្រធានរដ្ឋឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅវិមានសន្តិភាពកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ស្តីអំពីលទ្ធផលផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីឡាវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃខ្ពស់របស់ ប្រធានរដ្ឋឡាវ និងបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងអនុញ្ញាតឱ្យប្រទេសប្រទេសឡាវជាមិត្តប្រើប្រាស់កំពង់ផែ និងផ្លូវទឹក ផ្លូវគោកកម្ពុជា សម្រាប់ការដឹកទំនិញចេញចូល ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស នៅភាគខាងត្បូងនៃប្រទេសឡាវ និងនៅភាគឦសាននៃកម្ពុជា ឱ្យកាន់តែរីកចំរើន»។ ភាគីទាំងពី ក៏បង្ហាញអំពីភាពរីករាយចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ប្រសើរ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ…