FN ៖ យុទ្ធនាការឃោសនាបោះឆ្នោត កំពុងខិតជិតមកដល់នាពេលខាងមុខហើយ ពោលនៅសល់តែ១៩ថ្ងៃទៀតប៉ុណ្ណោះ ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាសជារឿយៗផងដែរ ពីគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ ផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោត ខាងមុខនោះ ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «សកម្មភាពឃោសនាគោលនយោបាយគណបក្ស តាមរយៈស្ថានីយ៍វិទ្យុ និងទូរទស្សន៍នេះ គ.ជ.ប អនុញ្ញាតឲ្យមានការផ្សព្វផ្សាយរៀងរាល់ថ្ងៃ ដែលជាផ្នែកមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ»។ ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលបញ្ញត្តិពាក់ព័ន្ធនឹងគោលការណ៍ខាងលើ បានបញ្ជាក់ថា គ្រប់ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ទាំងអស់ ដែលលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ឃោសនាពីគោលនយោបាយគណបក្សរបស់ពួកគេ ត្រូវអនុវត្តតាមគោលការណ៍ស្មើភាពគ្នា ចំណែកថ្លៃលក់ ឬជួលម៉ោងផ្សាយនោះ ត្រូវស្មើគ្នា និងតាមលំដាប់មុន និងក្រោយ ។ គ.ជ.ប បានបន្តថា ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវយកចំនួនម៉ោងសរុបដែលលក់ ឬជួលផ្សាយ ចែកជាមួយចំនួនគណបក្សដែលបានចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ (ចំនួន១២គណបក្ស) រួចលក់តែចំណែកម៉ោងដែលគណបក្សនីមួយៗត្រូវទទួលបានពីខ្លួន ឲ្យបានស្មើភាពគ្នាត្រឹមត្រូវ។ ប៉ុន្តែបើមានករណីមានគណបក្សតិច ឬមានគណបក្សតែមួយ មកទិញ ឬជួលម៉ោងផ្សាយពីខ្លួន ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សដែលមានលទ្ធភាពទិញ ឬជួលនោះ យ៉ាងច្រើនបានតែ២ដងប៉ុណ្ណោះ។ អង្គភាពជាតិដែលទទួលបន្ទុកការងារបោះឆ្នោតមួយនេះ បានបន្ថែមថា ការលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្ស មិនអនុញ្ញាតឲ្យម្ចាស់ស្ថានីយ៍វិទ្យុ ឬទូរទស្សន៍លក់ ឬជួលផ្ដាច់មុខឲ្យគណបក្សណាមួយនោះឡើយ។ ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ មិនត្រូវទទួលខុសត្រូវ ចំពោះខ្លឹមសារនៃការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនោះឡើយ ពោលសាម៉ីគណបក្ស ត្រូវបានទទួលខុសត្រូវលើខ្លឹមសារនោះ ដោយខ្លួនឯង។
ម្ចាស់ស្ថានីយ៍វិទ្យុ ឬទូរទស្សន៍ ត្រូវគោរពតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវគោរពតាមគោលការណ៍សម្រាប់ផ្សព្វផ្សាយព័ត៌មាន និងគោលការណ៍នានា ដែលតម្រូវឲ្យខ្លួនអនុវត្តតាម អំឡុងពេលឃោសនាបោះឆ្នោតខាងមុខនោះ។
បើ គ.ជ.ប រកឃើញថា ខ្លឹមសារនៃការឃោសនាគោលនយោបាយបក្ស រំលោភលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ គ.ជ.ប មានសិទ្ធិដកហូត ឬបញ្ឈប់លែងឲ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍នោះ ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារឃោសនាទាំងស្រុង និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានតែម្តង។
ជាមួយគ្នានេះ គ.ជ.ប ក៏នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន ស្តីពី «គោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ក្នុងអំឡុងពេលឃោសនាបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប៕