ខួប ៤២ ឆ្នាំ នៃការជួបគ្នាឡើងវិញជាមួយភរិយាខ្ញុំ ២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០២១
ថ្ងៃនេះគឺជាខួប ៤២ ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០២១)។ កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការជួបហើយព្រាត់ និងព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវ បន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា ”ការឈឺចាប់ដែលមិនអាចបំភ្លេចបាន”។ ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់ និងនៅថែទាំភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ(ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាក និងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ។ តែសំណើដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបាន បម្រុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះ ប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។ ម៉ោងប្រមាណជាង ៤ ល្ងាច ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់…