លទ្ធផលបឋមនៃការបោះឆ្នោត៖ គណបក្សប្រជាជនកម្ពុជា បន្តឈ្នះក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤
FN ៖ លទ្ធផលបឋមដែលទទួលបានពីតាមបណ្តាខេត្តនានាៗបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយគ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ មន្រ្តី គ.ជ.ប បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្នកបានទៅបោះឆ្នោតមានចំនួន ៦,៧៤៣,៣២៩នាក់ ស្មើ ៨៥,៧៤ភាគរយ នៅក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង៧,៨លាននាក់ ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា បញ្ហាសន្តិសុខនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស បានដំណើរការយ៉ាងល្អប្រសើរ មិនមានអ្វីកើតឡើងខុសប្រក្រតីនោះទេ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចទាំងអស់ដែលយាមតាមការិយាល័យ បោះឆ្នោតនីមួយៗ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយគ្មានអំពើហិង្សាណាមួយកើតឡើងនោះឡើយ។ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង៕