សេចក្តីថ្លែងនៃ សម្ដេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧
សម្តេចប្រធាន ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវប្រិយមិត្តបរទេសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ ទូលព្រះបង្គំខ្ញុំ សុំឡើងមានមតិ ដែលគោលដៅសំខាន់បំផុតគឺការសូមជំរាបលារដ្ឋសភា ដែលចាប់ពីថ្ងៃស្អែកនេះទៅ ទូលបង្គំខ្ញុំ នឹងចាកចេញផុតពីសមាជិកសភា ដោយនឹងត្រូវបញ្ជូនលិខិតលាលែងនៅថ្ងៃស្អែក។ ទូលបង្គំខ្ញុំគួរតរំលឹកថា ការអង្គុយនៅក្នុងសភានេះគឺមានរយៈពេលជាងពាក់កណ្តាលជីវិត ដោយចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី១ គឺនៅខែមិថុនា ឆ្នាំ ១៩៨១ រហូតដល់ខែឧសភាឆ្នាំ ១៩៩៣ គឺមានរយៈពេល ១២ ឆ្នាំ។ ក្នុងរយៈពេលនោះ ខ្ញុំបានក្លាយជាសមាជិករដ្ឋសភាក្នុងវ័យ ២៩ ឆ្នាំ ធ្វើជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណអតីតសមាជិករដ្ឋសភានៅពេលនោះ ដែលនៅពេលនេះយ៉ាងហោចណាស់មាន ៤រូប គឺសម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ជាម យៀប និងឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានបោះឆ្នោតគាំទ្រខ្ញុំ។ នេះជារឿងចម្លែក។ ការបោះឆ្នោតដ៏សម្ងាត់ ប៉ុន្តែខ្ញុំគ្មានបាត់មួយសម្លេងណាសោះនៅពេលនោះ។ ខ្ញុំបានចូលកាន់តួនាទីជានាយករដ្ឋមន្រ្តីនៅក្នុងវ័យ ៣២ឆ្នាំ ដែលបើប្រៀបធៀបទៅនឹងនាយករដ្ឋមន្រ្តីបច្ចុប្បន្នចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាយុ ៤២ឆ្នាំ។ អម្បាញ់មិញ គេហៅថាជាយុវជនដែលមានសក្តានុពល…