ជំនួបពិភាក្សាបានបញ្ចប់, លទ្ធផលក្រសួងមហាផ្ទៃនៅបន្តអះអាងថា សមាជខុសច្បាប់ ចំណែកបក្សប្រឆាំងថា នឹងយកបញ្ហានេះទៅពិភាក្សា
FN ៖ បន្ទាប់ពីស្តាប់ការពន្យល់របស់តំណាងភាគីមកពីគណបក្សប្រឆាំង អស់រយៈពេលជាងមួយម៉ោងកន្លះ នៅម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ជំនួបពិភាក្សាបានបញ្ចប់, ប៉ុន្តែលទ្ធផលហាក់មិនទាន់ត្រូវរ៉ូវគ្នានៅឡើយ ដោយខាងក្រសួងមហាផ្ទៃអះអាងថា សមាជរបស់គណបក្សប្រឆាំងគឺខុសច្បាប់ ពាក់ព័ន្ធបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ ព្រមទាំងការប្រើប្រាស់ពាក្យស្លោកនយោបាយផងដែរ ចំណែកខាងបក្សប្រឆាំងវិញ បានលើកឡើងថា នឹងយកបញ្ហានេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួន។ លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ ខាងតំណាងក្រសួងមហាផ្ទៃបានប្រាប់មកយើងខ្ញុំថា ការធ្វើសមាជវិសាមញ្ញហ្នឹង ស្របច្បាប់ ហើយការធ្វើវិសោធនកម្មលក្ខន្ខិករបស់គណបក្សសង្រ្គោះជាតិក៏មិនទាស់អីទេ ទាស់តែនឹងរឿងការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្ស ហើយនិងពាក្យស្លោករបស់គណបក្ស ហើយខាងយើងខ្ញុំចង់ឱ្យក្រសួងមហាផ្ទៃហ្នឹង ចេញលិខិតឱ្យច្បាស់ថា ព្រោះយើងចង់ឱ្យ ក្រសួងមហាផ្ទៃហ្នឹង ចេញលិខិតមកកុំឱ្យនិយាយអវិជ្ជមាន ដោយប្រាប់ថា សមាជធ្វើត្រូវ ហើយវិសោធនកម្មលក្ខន្តិកៈធ្វើត្រូវ ប៉ុន្តែក្រសួងមហាផ្ទៃ នៅតែអត់ចេញឱ្យរឿងនេះ គេនៅតែរក្សាជំហរដដែល។ ដោយឡែកគណបក្សសង្រ្គោះជាតិ យើងនឹងជជែកនិងពិភាក្សាគ្នាអំពីរឿងនេះ, នៅគណបក្ស»។ ក្រោយបញ្ចប់ជំនួបនេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃនៅតែរក្សាគោលជំហររបស់ខ្លួន មិនទទួលស្គាល់ប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិដដែល ស្នើឲ្យដោះស្រាយ…