នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រកាសថា មិនមានករណីចាប់ក្មេងវះពោះយកគ្រឿងក្នុង ដូចការបង្ហោះតាម Facebook នោះទេ
FN ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រកាសយ៉ាងដាច់ខាតថា មិនមានករណីចាប់ក្មេងៗ វះពោះយកគ្រឿងក្នុង ដូចការបង្ហោះតាមបណ្ដាញសង្គម Facebook នោះទេ ហើយការបង្ហោះជាការមួលបង្កាច់មករាជរដ្ឋាភិបាល ក៏ជាកម្លាំងសមត្ថកិច្ចតែប៉ុណ្ណោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថ្លែងយ៉ាងដូច្នេះថា «រយៈពេលជាងមួយខែកន្លងមកនេះ មានជន មានក្រុម ដែលមានចេតនាមិនល្អមួយចំនួន បាននាំគ្នាបំផុស ឬក៏ផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការថា មានក្រុមដើរចាប់កូនក្មេងដើម្បីយកទៅនេះ យកទៅនោះ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិតនោះទេ យើងខ្ញុំតំណាងឲ្យកងកម្លាំងនគរបាលជាតិ ជំនួសមុខឲ្យថ្នាក់ដឹកនាំ ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង សូមអះអាងថា មិនមានរឿងនេះទេ»។ នាយឧត្តមសេនីយ៍ បន្ថែមថា បន្ទាប់ពីលេចឮព័ត៌មាននេះភា្លម លោកបានកោះហៅស្នងការរាជធានី-ខេត្តទាំង២៥ មកធ្វើការប្រជុំជាបន្ទាន់ ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការស្រាវជ្រាវថា តើអ្វីនៅពីក្រោយរឿងនេះឲ្យពិតប្រាដក។ ក្រោយធ្វើការស្រាវជ្រាវរួចមក នាយឧត្តមសេនីយ៍អះអាងថា រឿងនេះអាចជាមានអង្គការចាត់តាំង ហើយពេលនេះដែរ កម្លាំងនគរបាលជំនាញ មានពន្លឺខ្លះហើយដើម្បីធ្វើការបន្ដទៀត។