FN ៖ ផ្អែកតាមរូបមន្តច្បាប់ និងសំឡេងឆ្នោតបានការណ៍ នៅតាមមណ្ឌលខេត្តនៃអាសនៈចំនួន១១ ដែលសេសសល់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ដែលប្រកាសមិនទទួលយកនោះ អាសនៈទំនេរទាំង១១នេះ អាចនឹងធ្លាក់លើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស ដែលមានសំឡេងច្រើនលើសលុប នៅតាមមណ្ឌលទាំងនោះ។លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា អាសនៈរដ្ឋសភាចំនួន១១ ដែលគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសមិនទទួលយកនោះមាននៅក្នុងមណ្ឌលរាជធានីខេត្តចំនួន៥ ក្នុងនោះមានបាត់ដំបង ១អាសនៈ, កំពង់ចាម៣អាសនៈ, កណ្តាល២អាសនៈ, ភ្នំពេញ៣អាសនៈ និងព្រៃវែង២អាសនៈ។
លោកបានបន្តថា បើផ្អែកតាមសំឡេងសន្លឹកឆ្នោតបានការណ៍ ក្នុងចំណោមគណបក្ស៤ដែលអាចទទួលបានអាសនៈពីការបែងចែកជុំទី២នេះ គឺគណបក្សប្រជាជនកម្ពុជាមានសំឡេងច្រើនលើសលុប ឯគណបក្សផ្សេងៗទៀតមានតិចតួចប៉ុណ្ណោះ ដូច្នេះការគណនាបឋមបង្ហាញថា អាសនៈទាំងអស់នោះ អាចនឹងបានទៅលើគណបក្សប្រជាជនកម្ពុជា។
លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបែងចែកអាសនៈ១១នេះ គឺបែងទៅតាមមណ្ឌលបោះឆ្នោតពាក់ព័ន្ធ។ អញ្ចឹងបើមើលទៅតាម សន្លឹកឆ្នោត បានការរបស់គណបក្សដែលត្រូវទទួលការបែងចែកអាសនៈនោះ គឺគណបក្សប្រជាជនកម្ពុជា មានចំនួនសន្លឹកឆ្នោតច្រើនមែនទែន រហូតដល់ជាង២សែនសំឡេង កន្លែងខ្លះ៣សែន ជិត៤សែនឯណោះ អញ្ចឹងយើងអាចដឹងហើយថា លទ្ធផលនៃការបែងចែកអាសនៈដែលនៅទំនេរនេះ គឺបានទៅលើគណបក្សណាមួយ»។
សូមបញ្ជាក់ថា គ.ជ.ប ពេលនេះ កំពុងរៀបចំបែងចែកអាសនៈរដ្ឋសភាទំនេរចំនួន១១ទៀត ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនទទួលយកពីការបែងចែកនៅតង់ទី១។ ការបែងចែកតង់ទី២នេះ បានធ្វើឡើងបន្ទាប់ពីគ.ជ.ប រៀបចំបែងចែកអាសនៈទំនេរចំនួន៤៤ ឱ្យគណបក្សនយោបាយចំនួន៣ រួចរាល់ ហើយបេក្ខជនតំណាងរាស្រ្ត៤៤រូប ដែលទៅកាន់អាសនៈទំនេរ៤៤នោះ នឹងត្រូវប្រកាសសុពលភាពនៅដើមសប្តាហ៍ក្រោយនេះ៕