គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឲ្យ CPP ធ្វើឲ្យចំនួនអាសនៈរបស់បក្សកាន់អំណាច ក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបែងចែកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនទទួលយកអាសនៈចំនួន១១ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ។ គ.ជ.ប បានបញ្ជាក់ថា ការបែងចែកអាសនៈនៅទំនេរនេះ ធ្វើឡើងស្របតាមមាត្រ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្រោយពីបានគណនា តាមរូបមន្តបែងចែកអាសនៈ ក្នុងមណ្ឌលបោះឆ្នោតរួចមក គ.ជ.ប បានសម្រេចដូចខាងក្រោម៖ – មណ្ឌលខេត្តបាត់ដំបង៖ មានអាសនៈដែលនៅទំនេរសរុបចំនួន១ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន១អាសនៈ។ – មណ្ឌលកំពង់ចាម៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។ – មណ្ឌលកណ្តាល៖ មានអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ។ – មណ្ឌលរាជធានីភ្នំពេញ៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។ – មណ្ឌលខេត្តព្រៃវែង៖ នអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ៕

សម្តេចតេជោ ហ៊ុន សែន៖ «ពេលណាបងប្អូនជួបទុក្ខលំបាក ពេលនោះនឹងមានវត្តមានខ្ញុំ នៅជាមួយបងប្អូនជានិច្ច!»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ តាមរយៈ Facebook ផ្លូវការរបស់សម្តេច បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ នៅគ្រប់ទីកន្លែងទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត ការគាំទ្រ និងក្តីស្រឡាញ់រាប់អានចំពោះសម្តេច។ ក្នុងនាមជាប្រមុខដឹកនាំនាវាកម្ពុជាចេញពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានធានាអះអាងចំពោះជនរួមជាតិថា គ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក គឺពេលនោះនឹងមានវត្តមានសម្តេច ដើម្បីដោះស្រាយទុក្ខលំបាកទាំងនោះជូនជនរួមជាតិ។ សារនយោបាយរំលេចលើទំព័រ Facebook នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានរួមគ្នាកសាងប្រទេសពីបាតដៃទទេ ពីវាលរហោឋាន ពីគំនរផេះផង់ និងបានឆ្លងកាត់ឧបសគ្គ ការលំបាកយ៉ាងច្រើន ទម្រាំបានប្រទេសជាតិ មានការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «អរគុណបងប្អូនជនរួមជាតិ គ្រប់ទីកន្លែងទូទាំងប្រទេស ដែលបានផ្តល់នូវទំនុកចិត្ត ការគាំទ្រ និងក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំ។ ទាំងអស់នេះគឺជាកម្លាំងចិត្ត ដែលជំរុញឲ្យខ្ញុំខិតខំបម្រើបងប្អូន និងប្រទេសជាតិដោយពេញចិត្តបំផុត។ ពេលណាដែលបងប្អូនជួបទុក្ខលំបាក គឺពេលនោះនឹងមានវត្តមានខ្ញុំ នៅជាមួយបងប្អូនជានិច្ច»។ ជាមួយគ្នានេះ…