វ៉ាក់សាំង ៣២៤ ០០០ ដូស ជំនួយបឋមពីមជ្ឈមណ្ឌលកូវ៉ាក់ នឹងមកដល់កម្ពុជា នារាត្រីថ្ងៃ ២ មីនា ២០២១
បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤ ០០០ ដូស ក្នុងចំណោម១ ១០៤ ០០០ ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី ១ ឆ្នាំ ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង ១៩:៥០ ល្ងាច ថ្ងៃទី ២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា នៅយប់ថ្ងៃទី ២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិ ដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគម្រោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ ភាគរយ នៃចំនួនប្រជាជន ១៦ លាននាក់ ដែលស្មើនឹង ៣ លាន ២សែន នាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦ លាន ៤ សែន ដូស។…