ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ
FN ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធជម្លោះរវាងប្រទេសកម្ពុជា-ថៃ ជាពិសេសពាក់ព័ន្ធក្រុមគ្រួសារថាក់ស៊ីន៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនជាមួយភាពលំបាករបស់សម្តេច បានធ្វើតាំងពីអាយុ១៣ឆ្នាំ ពេលរស់នៅវត្តដើម្បីរៀនសូត្រ ហើយបន្តលុតដំរហូតមកជាមួយការតស៊ូជាយុទ្ធជន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការហត់នឿយរបស់សម្តេចនាពេលនេះ មិនជាបញ្ហានោះឡើយ ហើយភាពលំបាករបស់សម្តេច គឺមិនលំបាកស្មើនឹងកសិករនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីនៅក្មេងពេលសម្តេចលំបាក សម្តេចតែងប្រៀបធៀបការលំបាករបស់សម្តេច ទៅនឹងអ្នកដទៃដែលលំបាកជាង ដើម្បីលើកទឹកចិត្តជម្នះការលំបាកទាំងឡាយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរចុះតាមខេត្តកាលពីឆ្នាំ២០១៦ សម្តេចបានធ្វើដំណើរប្រមាណ៦ពាន់គីឡូ ហើយបានចំណាយថវិកាប្រមាណ៤០០លានដុល្លារ វិនិយោគលើការអប់រំ តាមរយៈសាងសង់អគារសិក្សា…