នៅវិមានសាមគ្គីភាព, នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក៏ដូចជាអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈតួនាទីរបស់ឯកឧត្តមនាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទន្ទឹម នឹងទំនាក់ទំនងនយោបាយ រវាងប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីនបាន អរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានមើលឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងហ្វីលីពីននៅពេលកន្លងមក។ ឯកឧត្តមបន្តថាប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យ អប់រំ កសិកម្ម អាកាសចរណ៍ជាដើម ដែលតម្រូវឲ្យភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។
សម្ដេចតេជោបានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្ដេចក៏ផ្ដល់យោបល់បន្ថែមទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីន ដោយផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណាពង្រឹងនូវការផ្លាស់ប្ដូរនូវការវិនិយោគជាពិសេសគឺទាក់ទងទៅនឹងសន្តិសុខស្បៀង និងអាចជាការផ្ដោតសំខាន់ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។ សម្ដេចតេជោបានលើកឡើងអំពីសក្តានុពល របស់កម្ពុជាលើវិស័យស្រូវអង្ករ និងស្វាយចន្ទី ដែលកំពុងមានភាពរីកចម្រើននៅពេលបច្ចុប្បន្ន ដូច្នេះអ្នកវិនិយោគរបស់ហ្វីលីពីនអាចសម្លឹងមើលឱកាសនេះធ្វើការកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅហ្វីលីពីន ក៏ដូចជានាំចេញទៅក្រៅប្រទេសបន្ថែមទៀត។
ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕

