វិមានសាមគ្គីភាព, ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បាន សម្ដែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៅពេលនេះ។សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមពិតជារីករាយខ្លាំងណាស់ដែលបានមកដល់ប្រទេសកម្ពុជា ហើយឯកឧត្តមបញ្ជាក់ថា ការមកដល់ប្រទេសកម្ពុជានេះ គឺដើម្បីបង្កើននូវភាពជាដៃគូរវាងកម្ពុជា និងអាមេរិក ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានអរគុណចំពោះកម្ពុជាដែលបានធ្វើកិច្ចការងារក៏ដូចជាសហការជាមួយនឹងសហរដ្ឋអាមេរិកនាពេលកន្លងមក ទៅលើវិស័យសេដ្ឋកិច្ច និងការវិនិយោគ រវាងកម្ពុជានិងអាមេរិកដែលពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់។
សម្ដេចតេជោក៏បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំនៅកម្ពុជាទាក់ទងទៅនឹងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ដោយសម្ដេចបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថានឹងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាឲ្យអស់តែម្ដង ពីព្រោះថាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាបញ្ហាសាកល មិនមែនតែប្រទេសកម្ពុជាតែឯងនោះទេ កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ ដូច្នេះត្រូវចូលរួមសហការគ្នា។
ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជាបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងអាមេរិកនៅពេលកន្លងមកហើយឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមមានសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់កម្ពុជា ហើយឯកឧត្តមបានមើលឃើញពីវិបុលភាពរបស់កម្ពុជាតាមរយៈសន្តិភាពហើយឯកឧត្តមសង្ឃឹមថាកម្ពុជា នឹងខិតខំប្រឹងប្រែងជាពិសេសបើកជំហរយ៉ាងសកម្មដល់អាជីវកម្ម ឬការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។ឯកឧត្តមក៏បានបញ្ជាក់ជូនសម្ដេចតេជោថា ឯកឧត្តមនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកឱកាសក៏ដូចជាបង្កនូវលក្ខណៈនៃការវិនិយោគដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បំពេញបេសកកម្មប្រកបដោយភាពជោគជ័យក្នុងប្រទេសកម្ពុជា៕

