សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា
វឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ ខ្ញុំរីករាយដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូនចំពោះនិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.១៧៤ នាក់ ដែលមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងជូននូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពដែលវិទ្យាស្ថានវ៉ាន់ដា ទទួលបានក្នុងរយៈពេលកន្លងទៅ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាផ្នែកដ៏សំខាន់នៅក្នុងកាអភិវឌ្ឍប្រទេសជាតិរបស់យើង។ តាមរយៈនៃវិទ្យាស្ថាននេះ យើងបានទទួលរួចមកហើយ នូវនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ ហើយក៏កំពុងមាននិស្សិតមួយចំនួនផ្សេងទៀត ជាង ៧.០០០ នាក់ផ្សេងទៀត ដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាននេះ។ ការរីកចម្រើនជាបន្តបន្ទាប់បានផ្តល់ឱកាសឲ្យវិទ្យាស្ថានបានពង្រីកខ្លួន ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលមុននោះ គ្រាន់តែហៅថា វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ តែឥឡូវបានឈានទៅដល់ដំណាក់កាលនៃវិទ្យាស្ថានមួយ ដែលមានមហាវិទ្យាល័យច្រើននៅក្នុងនោះ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសាស្រ្តាចារ្យនៃវិទ្យាស្ថាន ដែលបានប្រឹងប្រែងចូលរួមចំណែកនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏សូមយកឱកាសនេះ ថ្លែងនូវការអំណរគុណ ដែលបានចូលរួមចំណែកនៅក្នុងការផ្តល់អាហារូបករណ៍សម្រាប់ខ្ញុំ ផ្តល់ដល់និស្សិតដទៃទៀត ដែលមានចំនួនដល់ទៅ ៤៤៤ នាក់។ ចំនួននេះ គឺជាចំនួនដែលខ្ញុំបានផ្តល់សម្រាប់និស្សិតដទៃទៀត ដែលមានការខ្វះខាតក្នុងរយៈពេលកន្លងទៅ ហើយនៅថ្ងៃនេះ ក៏អាចមាននិស្សិតមួយចំនួន ដែលទទួលអាហារូបករណ៍នោះ…