លោក ស៉ិក ប៊ុនហុក៖ គ.ជ.ប គ្មានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឲ្យពលរដ្ឋរស់នៅក្រៅប្រទេស អាចបោះឆ្នោតបានទេ, អ្នកមានសិទ្ធិស្នើ មានតែ តំណាងរាស្ត្រប៉ុណ្ណោះ!
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបដិសេធថា ពាក់ព័ន្ធរឿង ធ្វើវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតនោះ គ.ជ.ប គ្មានសមត្ថកិច្ចស្នើទៅរដ្ឋសភាបានទេ ព្រោះផ្ទុយពីបទបញ្ញត្តិច្បាប់ជាធរមាន ការងារទាំងអស់ គឺ គ.ជ.ប អនុវត្តទៅតាមច្បាប់សុទ្ធសាធ ហើយលោកបានចង្អុលប្រាប់ថា អ្នកដែលមានសិទ្ធិតាមច្បាប់នោះ គឺក្រុមអ្នកតំណាងរាស្រ្ត។ លោកប្រតិកម្មបែបនេះ បន្ទាប់ពីអំឡុងពេលថ្មីៗនេះ មានមជ្ឈដ្ឋានសាធារណៈ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ចេះតែទទូចឲ្យ ស្ថាប័ន គ.ជ.ប ស្នើទៅកាន់រដ្ឋសភា សុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីឲ្យ គ.ជ.ប ចុះឈ្មោះបោះឆ្នោតឲ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស និងតម្រូវឲ្យពួកគាត់ មានសិទ្ធិបោះឆ្នោតនៅក្រៅប្រទេស បានដូចប្រជាពលរដ្ឋនៅក្នុងប្រទេសដែរ។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបកស្រាយនូវចម្ងល់មួយចំនួន ដែលបានលើកឡើងកន្លងមក ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត អ្នកនៅក្រៅប្រទេស ខ្ញុំសូមឆ្លើយ ឲ្យហើយ ដើម្បីកុំឲ្យមានការស្រពិចស្រពិល…