FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា រួមទាំងជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
នៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយ សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យថា អាមេរិកមិនត្រឹមតែផ្តួលសម្តេចមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ជំនួយរបស់អាមេរិកមិនបានសម្លាប់រាជរដ្ឋាភិបាលនោះទេ តែគឺជាការសម្លាប់ក្រុមមនុស្សដែលបម្រើនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។ សម្តេចបានតបអាមេរិកថា កម្ពុជា មិនអាចយកជំនួយបរទេស ហើយត្រូវឱនក្បាល និងធ្វើឲ្យបាត់បង់ឯករាជ្យ អធិបតេយ្យភាពជាតិនោះឡើយ៕