អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ
FN៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានាក្នុងសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ បានលើកឡើងថា អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជនយើង។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា សាលាជាមជ្ឈមណ្ឌលសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសសាលានាយទាហានតែម្តង ដើម្បីកសាងកម្លាំងនាយទាហានប្រកបដោយគុណភាព និងសមត្ថភាពជាក់ស្តែងអាចធ្វើការបានច្បាស់លាស់ ដែលជាឆ្អឹងខ្នងនៃកងទ័ព។ ការគិតគូរអំពីការពង្រឹងសាលាហ្វឹកហ្វឺន ត្រូវផ្តោតទាំងលើការងារអភិវឌ្ឍ និងការងារអភិរក្ស។ បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការងារអភិវឌ្ឍសំដៅដល់ការធ្វើទំនើបកម្មទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការកែសម្រួលប្រព័ន្ធការងារគ្រប់គ្រង និងកម្មវិធីសិក្សា និងការបំពាក់សម្ភារ ជាដើម។ រីឯការងារអភិរក្សវិញ សំដៅដល់ការរក្សាឲ្យបានដាច់ខាតនូវស្មារតីឆន្ទៈស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាឲ្យបាននូវនិមិត្តរូបរួម និងសមិទ្ធផលផ្ទាល់របស់ខ្លួនយើង ដែលផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណជាតិខ្មែរ ទោះបីពេលខ្លះ យើងត្រូវរៀនសូត្រ និងដកស្រង់ច្នៃប្រឌិតយោង តាមបទពិសោធន៍អន្តរជាតិក៏ដោយ។…