FN ៖ នាថ្ងៃពុធ ១៣ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ក្រោយដំណើរការបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ។
ក្នុងឱកាសអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
- សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបិទស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបាន
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួតនៅកម្ពុជា
- សម្តេចតេជោ ហ៊ុន សែន សូមឧទ្ធិសសមិទ្ធផលសម្រេចបាននៅកម្ពុជាពេលនេះ ជាចំណែកមួយនៃជោគជ័យក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ពេលនេះ យើងធ្វើបានសម្រេចជោគជ័យហើយ សូមអរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ដោយស្មោះអស់ពីចិត្ត
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះអង្គគាំទ្រដល់ការប្រកួតស៊ីហ្គេម និងថ្លែងអំណរព្រះគុណព្រះបរមរតកោដ្ឋ ដែលបានបន្សល់ទុកនូវកេរមរតក សម្រាប់ភាពជោគជ័យស៊ីហ្គេមឆ្នាំ២០២៣
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់នៅពេលនេះ និងតកូនចៅជំនាន់ក្រោយ
- សម្តេចតេជោ ហ៊ុន សែន សូមអធ្យាស្រ័យចំពោះប្រជាជនកម្ពុជា និងមិត្តភ័ក្រ្តអាស៊ាន ប្រសិនបើមានកំហុសឆ្គងដោយអចេតនា សម្តេចនឹងទទួលយក សម្រាប់ការកែលម្អ នាពេលអនាគត
- សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីពេលនេះតទៅ
- សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង៨៖២០នាទី យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣