សេចក្តីអធិប្បាយ សម្តេចតេជោក្នុងពិធីរំលឹកខួបលើកទី ៦៥ ឆ្នាំ នៃថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករ
សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេច ព្រះសង្ឃនាយក និងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សជាអនេកដែលបានមកចូលរួម ជាអធិបតីនៅក្នុងពិធីបុណ្យលើកទី ៦៥ នៃការបង្កើតស្ថាប័ន គយនិងរដ្ឋាករកម្ពុជាដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ។ ការប្រារព្ធពិធីដ៏មហោឡារិក រួមទាំងការដាក់បង្ហាញនូវសមិទ្ធផលនានាក្នុងពេលនេះគឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងឱ្យឃើញ នូវការលូតលាស់កាន់តែរឹងមាំឡើងជាលំដាប់នៃរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ដែលបានឆ្លងកាត់ដំណាក់កាលនៃការកសាង អភិវឌ្ឍន៍ និងការកែទម្រង់ជាបន្តបន្ទាប់។ ខួបលើកទី ៦៥ បញ្ជាក់ប្រាប់យើងថា រដ្ឋបាលគយ និងរដ្ឋាករកម្ពុជាមានឤយុ ៦៥ ឆ្នាំហើយ ដែលមានចំណាស់ប្រហាក់ប្រហែលនឹងឯករាជ្យភាពរបស់កម្ពុជាពីអាណានិគមបារាំងផងដែរ។ ខ្ញុំសូមឆ្លៀតឱកាសនេះសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៃយើងដើម្បីទាមទារឯករាជ្យជូនកម្ពុជា ក្នុងនោះរួមមានទាំងការបង្កើតរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ដោយបំបែកចេញពីរដ្ឋបាលគយ និងរដ្ឋាករសហព័ន្ធឥណ្ឌូចិនកាលពី ៦៥ ឆ្នាំមុនផងដែរ។ រូបខ្ញុំផ្ទាល់ក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូប ពិតជាមានការចងចាំមិនឤចបំភ្លេចបានឡើយ នូវព្រះមហាករុណាទិគុណដ៏ឧត្តុងឧត្គម និងថ្លៃថ្លានេះរបស់ព្រះអង្គ ដែលត្រូវបានឆ្លាក់ទុកជានិច្ចនិរន្តនៅក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជា។…