គ.ជ.ប អំពាវនាវពលរដ្ឋខ្មែរនៅក្រៅប្រទេស និងបានចុះឈ្មោះបោះឆ្នោតហើយនោះ ឲ្យវិលមកបោះឆ្នោតនៅថ្ងៃទី៤ មិថុនា
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស និងបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦កន្លងទៅរួចរាល់នោះ ឲ្យវិលត្រលប់មកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងប្រទេសកំណើតវិញនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ ក្នុងសេចក្ដីអំពាវនាវ គ.ជ.ប បានបញ្ជាក់ថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដែលឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនេះ បាននិងកំពុងធ្វើជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី០៤ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ គ.ជ.ប ក៏បានស្នើស្ថានទូតកម្ពុជា នៅក្រៅប្រទេសទាំងអស់ ជួយផ្សព្វផ្សាយសេចក្ដីអំពាវនាវនេះ ដល់ប្រជាពលរដ្ឋដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសឲ្យទទួលបាននូវព័ត៌មាននេះផងដែរ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង ៣៖០០នាទីរសៀល។ មានគណបក្សនយោបាយចំនួន១២ បានដាក់បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ជាង ៩ពាន់នាក់ចូលរួមប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងឃុំ សង្កាត់ចំនួន ១,៦៤៦។ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានប្រមាណ ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ នៃប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ…