ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា
FN ៖ សាសនាគ្រិស្តមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ១០០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានេះ ថ្នាក់ដឹកនាំសាសនាគ្រិស្ត បានរៀបចំពិធីអបអរសាទរដ៏ធំមួយរយៈពេលពីរថ្ងៃ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ១០០ឆ្នាំ (១៩២៣-២០២៣)»។ ពិធីបើកព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទព្រឹត្តិការណ៍ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមករា ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ ជាកិច្ចចាប់ផ្តើមប្រសាសន៍ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សល់តែ៩៨ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេមហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ រវាងសម្តេច និងគ្រិស្តបរិស័ទ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ។…