FN ៖ ម្លប់សុខសន្តិភាពដែលកម្ពុជារកបានយ៉ាងលំបាក ហើយថែទាំយ៉ាងយកចិត្តទុកដាក់កំពុងផ្តល់ផ្លែផ្កានូវការរីកចម្រើនជាបន្តបន្ទាប់សម្រាប់ជាតិកម្ពុជា។ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើប និងដំបូងបំផុតលើទឹកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល ចាប់ផ្តើមដំណើរការសាងសង់ហើយ។
ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ គម្រោងនេះជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្ស ដែលបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី (Mekong Quay City)» ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប និងក្រុមហ៊ុន ឃុន សៀ អុិមផត អិចផត លើផ្ទៃដីទំហំប្រមាណ ២១០ហិកតា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មជាមួយ ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប និងក្រុមហ៊ុន ឃុន សៀ អុីមផត អិចផត ដើម្បីជំរុញអនុវត្តការងារសាងសង់គម្រោង «ទីក្រុងមេគង្គ ឃី» នេះ ឱ្យដំណើរការបានដោយរលូន និង ទទួលបានជោគជ័យតាមការរំពឹងទុក។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរ ឱ្យបានច្បាស់លាស់លើការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមាន៖ ការសាងសង់ច្រាំងទន្លេ, ផ្លូវបើកបរយានជំនិះ, ផ្លូវថ្មើរជើង, ផ្លូវជិះកង់, ផ្លូវសម្រាប់រត់ហាត់ប្រាណតាមដងទន្លេ, កន្លែងកម្សាន្តសាធារណៈ, កន្លែងហាត់ប្រាណ និងការរៀបចំជាសួនច្បារបៃតងតាមដងទន្លេ ក្នុងគោលបំណងលើកស្ទួយគុណភាពជីវិត, ផាសុកភាព និង ភាពស៊ីវិល័យនៃការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសោភណភាព, ទស្សនីយភាព, សុវត្ថិភាព, បរិស្ថានល្អគួរឱ្យរស់នៅ និង អាចបម្រើផលប្រយោជន៍សាធារណៈជារួមផងដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់សុខសន្តិភាព ដែលបានកើតឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កម្ពុជាបានវិវឌ្ឍយ៉ាងខ្លាំង។ មិនត្រឹមតែក្នុងទិដ្ឋភាពនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្រែប្រួលមុខមាត់នៃសង្គមជាតិទាំងមូលផង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងមកបរទេសជាច្រើនបានឮអំពីប្រទេសកម្ពុជា ភាគច្រើនតែទៅលើទិដ្ឋភាពនៃសង្គ្រាម ប្រល័យពូជសាសន៍, ភាពក្រីក្រ និងចំការមីនប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នបរទេសដែលមកប្រទេសកម្ពុជាជាលើកដំបូង ពួកគតែងតែមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរីកចម្រើន និងភាពទំនើបស៊ីវីល័យរបស់កម្ពុជា ដែលខុសទាំងស្រុងពីអ្វីដែលពួកគេធ្លាប់បានឮ។ បរទេសដែលធ្លាប់មកលេងកម្ពុជា ក៏មានការភ្ញាក់ផ្អើលដូចគ្នា ជាមួយនឹងល្បឿននៃការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជា មិនថា នៅក្នុងទីក្រុង ឬ ទីជនបទ។
- សម្តេចមហាបវរធិវតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា ទៅថ្ងៃខាងមុខនៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍន៍ និងអគារខ្ពស់ៗមិនខុសខាងរាជធានីភ្នំពេញនោះឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំពឹងថា ក្រោយស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ត្រូវបានសាងសង់រួចរាល់ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកាន់តែរស់រវើក។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបថ្មីនៅអរិយក្សត្រ ភ្ជាប់ទៅកោះនរា។ សម្តេចចង់ឱ្យសិក្សាលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការគិតគូររបស់ក្រុមហ៊ុនសម្រាប់ការសង់ក្រុងរណបនៅអរិយក្សត្រ ដែលបានគិតគូរពីការទុកផ្ទៃដីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ប្រយោជន៍សាធារណៈ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍន៍នៅភាគខាងកើតដងទន្លេមេគង្គ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ផ្ការីក» ដែលកម្ពុជាចង់បានគឺកិច្ចអភិវឌ្ឍន៍ មិនមែន «ផ្ការីក» នាំទៅរកសង្គ្រាមនោះឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិននឿយណាយនឹងការនិយាយ និងរំលឹកពីគុណតម្លៃសុខសន្តិភាព និងគុណវិបត្តិនៃភ្លើងសង្គ្រាមនោះឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍក្រុងរណបនៅអរិយក្សត្រ មិនមែនដើម្បីតែវិស័យឯកជននោះឡើយ តែដើម្បីប្រជាពលរដ្ឋរស់នៅអរិយក្សត្រផងដែរ។