នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ ឯកឧត្តមOleksandr Gaman ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃប្រទេសអ៊ុយក្រែន ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសម។ សម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះ សោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។ សម្តេច បានគូសបញ្ជាក់ថា កម្ពុជាស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយ សម្តេច ដឹងយ៉ាងប្រាកដថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។ សម្តេចតេជោ ក៏បានបន្តថា សម្តេច បានលះបង់អំណាចពេលដែល សម្តេច នៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹងសុខសន្តិភាព និង ស្ថិរភាពរយៈពេលវែងសម្រាប់កម្ពុជា។
នាឱកាសនោះ ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និងសម្តែងនូវក្តីរីករាយដែលបានជួប សម្តេច សាជាថ្មី បន្ទាប់ពីជំនួបនៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។ ឯកឧត្តម បានថ្លែងអំណរគុណ សម្តេច ដែលប្រទេសកម្ពុជាកន្លងមក មានគោលជំហរជ្រើសយកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្តចំពោះប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រនានាជាបន្តបន្ទាប់។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ កិច្ចប្រជុំកំពូលលើកទី១ស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០២៤ និងបច្ចុប្បន្នភាពនៃស្ថានភាពដ៏លំបាកលំបិនដែលអ៊ុយក្រែនកំពុងជួបប្រទះផងដែរ។
ឯកឧត្តម Oleksandr Gaman បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនជាច្រើនលើក ។ ឯកឧត្តម បានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងប្រើពេលប្រមាណ ១០០ឆ្នាំ ក្នុងការបោសសម្អាតមីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងកម្ពុជា។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ជំនួបថ្នាក់ដឹកនាំរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសជាមួយ សម្តេចតេជោ នាពេលកន្លងមក សបញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងល្អនៃប្រទេសយើងទាំងពីរ។ ឆ្លៀតក្នុងជំនួបនេះ ឯកឧត្តម សូមពាំនាំការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះ សម្តេចតេជោ ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពីសម្តេចបានអញ្ជើញទៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ ឯកឧត្តម Oleksandr Gamanចំពោះការវាយតម្លៃរបស់ ឯកឧត្តមអំពីស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែន ។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជាយល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជាជ្រើសយកការគោរពតាមច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះកម្ពុជានឹងមិនផ្លាស់ប្តូរនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជានឹងបន្តយន្តការគាំទ្រ និងបណ្តុះបណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។ សម្តេចបានរំលឹកថា សម្តេច បានឆ្លើយតបទៅនឹង ឯកឧត្តម ប្រធានសភាអ៊ុយក្រែនថា កម្ពុជាអាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព (រួមទាំងអ្នកដោះមីន) ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ។
ក្នុងឋានៈជាមេដឹកនាំកម្ពុជានិងប្រធានអាស៊ាន នាពេលកន្លងមក សម្តេចតេជោ បានបន្តចែករំលែកជាមួយនឹង ឯកឧត្តម Oleksandr Gaman នូវបទពិសោធន៍ និងទស្សនៈរបស់សម្តេច លើអភិក្រម យុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និងយុទ្ធសាស្ត្រនៃកិច្ចការចរចាស្វែងរកសន្តិភាពជូនកម្ពុជា ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ ត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ។
សម្តេច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយសូមទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុងគៀវ នៅឆ្នាំ១៩៨១។
ជាថ្មីម្តងទៀត ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និងកម្ពុជា ចំពោះជំហរជាពេលកន្លងមក និងរង់ចាំទទួលទស្សនកិច្ច សម្តេចតេជោ នាពេលខាងមុខនៅអ៊ុយក្រែន។
នៅចុងបញ្ចប់ សម្តេចតេជោ បានស្នើ ឯកឧត្តម Oleksandr Gaman ពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចជូន ឯកឧត្តម ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង ប្រធានសភាអ៊ុយក្រែន និង ជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្ម និងកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ៕