គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការប្រកាសផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹង ការប្រកាសកាត់ផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប មកលើការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការសម្តែងការសោកស្តាយ នៅសេចក្តីថ្លែងការណ៍របស់គ.ជ.ប ក៏បានបញ្ជាក់ជូនសហគមន៍អឺរ៉ុបចំនួន៣ចំណុចដូចតទៅ៖ ១៖ សហភាពអឺរ៉ុប គួរតែយល់ថា គ.ជ.ប អនុវត្តការងារជាអ្នកបច្ចេកទេស ហើយសហភាពអឺរ៉ុបមិនត្រូវយករឿងរបស់តុលាការ និងបញ្ហានយោបាយមកដោះស្រាយជាមួយនឹងការងារបច្ចេកទេសរបស់គ.ជ.បនោះទេ។ ២៖ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ គ.ជ.ប នៅតែរក្សាគោលដៅចម្បងទាំងពីរ ដែលគ.ជ.ប បានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧ កន្លងមកនេះដដែល នោះគឺពលរដ្ឋខ្មែរ ត្រូវមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយសិទ្ធិសម្តែងមតិតាមរយៈសន្លឹកឆ្នោត ត្រូវតែបានរាប់យ៉ាងត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយនោះទេ។ ហើយក៏ដោយសារតែ គ.ជ.ប អនវុត្តបានដូចគោលដៅទាំងពីរខាងលើនេះហើយ ទើបសហភាពអឺរ៉ុបវាយតម្លៃក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ របស់ខ្លួនថា៖ «សហភាពអឺរ៉ុបរីករាយក្នុងការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ត្រូវបានរៀបចំដោយគ.ជ.ប ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងមានស្តង់ដារ តម្លាភាព និងកម្រិតទុកចិត្តខ្ពស់។ អត្រាអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់ គឺជាសញ្ជានៃភាពជឿទុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត ហើយលទ្ធផលនៃការបោះឆ្នោតត្រូវបានមើលឃើញថា បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោត។…