សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាល និងពិសាបាយជាមួយសមាគមអ្នកឧកញ៉ា/ឧកញ៉ា
សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី! ជាដំបូង អនុញ្ញាតឱ្យខ្ញុំបានប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រីទាំងអស់នូវពរសម្រាប់ការចូលឆ្នាំកន្លងទៅ សូមឱ្យអ្នកទាំងអស់គ្នាជូនប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមអរគុណសមាគមឧកញ៉ា ដែលបានអញ្ជើញខ្ញុំចូលរួមនៅក្នុងពិធីបិទសន្និបាត ជួបជុំទទួលទានអាហារសាមគ្គី។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរជាមួយនឹងការរៀបចំសន្និបាតលើកទី១ របស់សមាគមឧកញ៉ា បន្ទាប់ពីត្រូវបានបង្កើតកាលពីឆ្នាំទៅ។ ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះការរៀបចំទាំងឡាយ ដើម្បីធ្វើឱ្យសមាគមឧកញ៉ារបស់យើង មានលក្ខន្តិក មានបទបញ្ជាផ្ទៃក្នុង និងការពង្រឹងសមត្ថកិច្ច/កិច្ចការពាក់ព័ន្ធ ជាមួយនឹងសមាគមឧកញ៉ា។ ថ្ងៃនេះ យើងក៏បានឃើញការរៀបរយនូវឯកសណ្ឋានប្រកបដោយកិត្តិយស សក្ដិសមជាសមាគមមួយដែលបានចូលរួមចំណែកធំធេង ជាមួយនឹងរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេសជាតិ។ (១) ការផ្តល់តួនាទីប្រធានកិត្តិយសនៃសមាគមឧកញ៉ា គឺជាការជឿជាក់ទៅលើសមត្ថភាពនិងការដឹកនាំ ខ្ញុំមានសេចក្តីរីករាយដែលបានទទួលការអញ្ជើញឱ្យធ្វើជាប្រធានកិត្តិយស។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំទទួលយកនូវតួនាទីជាប្រធានកិត្តិយសនៃសមាគមឧកញ៉ា។ ច្បាស់ណាស់ថា អ្នកទាំងអស់គ្នាបានផ្ដល់កិត្តិយសឱ្យខ្ញុំ ជាមួយនឹងការជឿជាក់ទៅលើសមត្ថភាព និងការដឹកនាំរបស់ខ្ញុំ ហើយដែលយើងរស់នៅជាមួយគ្នាអស់រយៈពេលជាង ៤៥ឆ្នាំ។…