សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣
ជយោ! ព្រះរាជាណាចក្រកម្ពុជា!|ជយោ! សន្តិភាព និងការអភិវឌ្ឍ!សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ប្រតិភូកីឡា នៃក្រសួងរាជធានី-ខេត្តបងប្អូនជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ ដែលជាធម្មតាការប្រកួតកីឡាជាតិនេះត្រូវរៀបចំជារៀងរាល់ ២ ឆ្នាំម្តង ប៉ុន្តែ មានការខកខាននៅឆ្នាំ ២០២០ ដោយសារការផ្ទុះឡើង នៃជំងឺកូវីដ-១៩។ ឆ្នាំនេះកូវីដ-១៩ មិនអាចរារាំងយើងបានទៀតទេ ដោយសារយើងបានរៀនរស់នៅជាមួយនឹងកូវីដ-១៩ ហើយកូវីដ-១៩ ក៏មិនអាចរារាំងខ្ញុំមិនឱ្យមកចូលរួមបើកកីឡាជាតិនៅល្ងាចនេះផងដែរ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានរួចស្រេចទៅហើយ។ ឆ្នាំ ២០២២ ជាឆ្នាំដ៏មមាញឹក និងជាឆ្នាំដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាបានរៀបចំប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយរលូន និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ ដោយទទួលបានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសមហាអំណាច និងប្រទេសជាមិត្តនៅក្នុងតំបន់ និងសកល។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវកេរ្តិ៍ឈ្មោះដ៏ឧត្ដុង្គឧត្តម កិត្តិយសដ៏ធំធេង និងភាពល្បីរន្ទឺក្នុងតំបន់ និងអន្តរជាតិ សម្រាប់កម្ពុជា ព្រមទាំងរួមចំណែកដល់ការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិទាំងមូល។ ឆ្នាំ ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា…