សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានរវាង សម្តេចតេជោ និងលោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតបង់ក្លាដេស
ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយទៀត ក្នុងទំនាក់ទំនងកម្ពុជាជាមួយនឹងបង់ក្លាដេស។ កាលពី ១៦ ឆ្នាំមុន គឺនៅឆ្នាំ ២០០១ លោកជំទាវបានមកទស្សនកិច្ចលើកទី ១ ថ្ងៃនេះ ជាទស្សនកិច្ចលើកទី ២ របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ កាលឆ្នាំ ២០១៤ ខ្ញុំមានឱកាសទស្សនកិច្ចផ្លូវការនៅសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតបង់ក្លាដេស ជាជោគជ័យមួយទៀតនៃចំណងទាក់ទងរវាងប្រទេសទាំង ២។ ថ្ងៃនេះ ដូច ដែលអស់លោកអ្នកបានឃើញហើយថា ឯកសារជាច្រើនត្រូវបានចុះហត្ថលេខា ជាមួយនឹងសេចក្តីថ្លែងការណ៍រួម ដែលចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ ប្រទេសទាំង ២ ក៏បានឯកភាពគ្នាជ្រើសរើសផ្លូវនៅឯទីក្រុងភ្នំពេញ និងនៅទីក្រុងដាកា ដើម្បីដាក់ព្រះនាមរបស់ព្រះបិតាជាតិរបស់កម្ពុជា និងបិតាជាតិរបស់បង់ក្លាដេស ដែលនេះជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រទេសទាំង ២។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណចំពោះលោកជំទាវ ដែលខ្ញុំហៅថា ជាបងស្រី នូវការគាំទ្រទាំងឡាយដែលបង់ក្លាដេសបានផ្តល់ ចំពោះប្រជាជនកម្ពុជារយៈពេលកន្លងទៅ។ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងទំនាក់ទំនងភាពស្និទ្ធស្នាលរវាងលោកជំទាវ និងខ្ញុំ វាក៏បានរួមចំណែកទៅដល់ការបង្កើននូវទំនាក់ទំនងនេះ។ នៅក្នុងកិច្ចពិភាក្សារបស់យើង គឺពោរពេញទៅដោយលទ្ធផល ដែលនេះខ្ញុំចាត់ទុកថា ជាផ្នែកដ៏សំខាន់ដែលយើងបន្តរួមដំណើរជាមួយគ្នា ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។ កម្ពុជាបានផ្តល់នូវការគាំទ្រភ្លាមៗ ជាមួយនឹងសំណូមពររបស់បង់ក្លាដេស នៅក្នុងការរៀបចំបង្កើតឲ្យក្លាយទៅជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយកម្ពុជានឹងបន្តធ្វើការជាមួយដៃគូអាស៊ាន…