បើកការដ្ឋានស្ថាបនាផ្លូវ ៣៤ ខ្សែ តម្លៃ ២៩៤ លានដុល្លារ ក្នុងខេត្តព្រះសីហនុ
ចាប់ផ្តើមនូវសករាជថ្មីនៃហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! សូមគោរពបងប្អូនជនរួមជាតិជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលយើងចាប់ផ្តើមនូវសករាជថ្មី ទាក់ទងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ អម្បាញ់មិញ ឯកឧត្តម គួច ចំរើន បានធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងការអភិវឌ្ឍគម្រោងនេះ ក៏ដូចជាលក្ខណៈបច្ចេកទេសមួយចំនួន … ហេតុអ្វីបានជាយើងត្រូវចាប់ផ្តើមនៅពេលនេះ? ប្រហែលប្រជាជននៅខេត្តព្រះសីហនុរបស់យើងនៅចាំបានសោកនាដកម្មរលំអគារ ៩ ជាន់។ ពេលនោះ ខ្ញុំបានចេញដំណើរ(ទៅក្រុងបាងកក) ក្រោយពេលរលំប្រមាណជា ៣ ម៉ោង។ ខ្ញុំមិនអាចបញ្ឈប់ការធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីការចូលរួមប្រជុំអាស៊ានបានទេ ប៉ុន្តែពីទីក្រុងបាងកក ខ្ញុំបានទទួលនូវរបាយការណ៍ជាប់ជានិច្ចពីក្រុងព្រះសីហនុ អំពីប្រតិបត្តិការសង្គ្រោះ ហើយក៏បានផ្តល់បទបញ្ជាដែលតាមរយៈពេលចន្លោះនៃការប្រជុំម្តងៗ និងក្នុងពេលយប់មកកាន់ទីនេះ រាប់ទាំងថវិកាសម្រាប់ជួយទៅដល់បងប្អូនដែលស្លាប់ និងរបួសផងដែរ។ អារម្មណ៍មិនអស់ចិត្ត ឬវិញ្ញាណពិសេស សង្គ្រោះបានជីវិតពីរចុងក្រោយ ប៉ុន្តែ រឿងដែលគួរឱ្យចាប់អារម្មណ៍ នៅពេលដែលខ្ញុំធ្វើដំណើរត្រឡប់មកវិញ ចុះតែពីលើយន្តហោះ ហៀបនឹងឡើងឡានធ្វើដំណើរទៅផ្ទះ ហាក់ដូចជាលឺសម្លេងស្រែកឱ្យជួយតែម្តង។ ខ្ញុំមិនដឹងថាវាជាវិញ្ញាណទីប៉ុន្មានសម្រាប់ខ្ញុំទេ? បន្ទាប់ពីទៅដល់ផ្ទះ និងចុះហត្ថលេខាលើឯកសារមួយចំនួន ខ្ញុំក៏បានងូតទឹក និងទទួលទានបាយ។ សម្លេងស្រែកនោះ នៅមិនផុតពីត្រចៀករបស់ខ្ញុំនៅឡើយទេ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តភ្លាមៗ ដោយមិនបានប្រាប់អ្នកណាទាំងអស់…