សេចក្ដីដកស្រង់ប្រសាសន៍ បទបញ្ជានិងវិធានការតាមសារជាសម្លេង ដើម្បីបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកាឱ្យបានឆាប់រហ័ស
ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនជនរួមជាតិជាទីស្រឡាញ់។ ព្រឹត្តិការណ៍ដែលទាក់ទងជាមួយនឹងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលខ្ញុំសុំប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ដើម្បីបញ្ចៀសនូវការហៅចំឈ្មោះចំពោះប្រទេសហុងគ្រី ដែលវានាំទៅដល់មានផលប៉ះពាល់ក្នុងទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីនៅពេលក្រោយ ទើបខ្ញុំហៅវាថាជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ។ ៣ វិច្ឆិកា នេះបានបង្កស្ថានភាពរំជើបរំជួលនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ហើយទៅដល់ខេត្តពោធិសាត់ បន្ទាប់ទៅគឺដល់ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត និងកែប។ ដោយឡែក (យើងមានស្ថាន)ភាពធ្ងន់ធ្ងរនៅក្នុងទីក្រុងភ្នំពេញ ហើយអាចមានមួយផ្នែកនៅខេត្តកណ្តាល ដូចជាទីកន្លែងតំបន់អង្គរក្សរស់នៅជាដើម គឺនៅក្នុងដែនដីខេត្តកណ្តាល បានបង្កនូវការភ័យខ្លាចសម្រាប់ប្រជាជន …។ ថ្ងៃនេះបន្ទាប់ពីការធ្វើតេស្តលើកទី ២ យើងបានឃើញវិជ្ជមានចំនួន ៣ នាក់ នៅក្នុងនោះមន្រ្តីជាន់ខ្ពស់កម្ពុជាចំនួន ២ នាក់ បូកជាមួយនឹងអគ្គរដ្ឋទូតរបស់ហុងគ្រីម្នាក់ទៀត សរុបទាំងអង្គរក្ស ទាំងរដ្ឋមន្រ្តីការបរទេសរបស់ហុងគ្រី ចំនួននេះបានឡើងរហូតទៅដល់ ៤ នាក់ហើយ។ បញ្ហាសំខាន់, ជាការបារម្ភ, យើងបានគ្រប់គ្រងសភាពការណ៍នេះក្នុងកម្រិតមួយ គឺការបិទស្តាតអូឡាំពិក បិទសាលារៀន ទាំងរដ្ឋ និងឯកជន នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ដើម្បីត្រួតត្រាក្នុងសភាពការណ៍។ រដ្ឋមន្រ្តីសុខាភិបាលក៏បានស្នើសុំមកខ្ញុំដើម្បីបិទនូវកន្លែងមួយចំនួនផ្សេងទៀត…