នាថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជានៅស្រុកបាធាយថា “គណបក្សប្រជាជនកម្ពុជាបានស្រោចស្រង់ជីវិតប្រជាជនពីសោកនាដកម្មធំៗ ចំនួន ៤ដង” នៅក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជនស្រុកបាធាយ ខេត្តកំពង់ចាម។
ឯកឧត្ដម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាត្រូវមានមោទនភាពចំពោះគណបក្សប្រជាជនកម្ពុជា ពីព្រោះក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាបានជួយ៖
ទី១- ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការកាប់សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួកឃាតករនេះយកទៅសម្លាប់ចោលដោយមិនរើសមុខ។
ទី២- ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ ពិសេសបានកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងកសិកម្ម ដោយសង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស និងស្លាប់ដោយការខ្វះស្បៀងអាហារ។
ទី៣- បានសង្រ្គោះជីវិតប្រជាជនខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវខុសសន្តិភាព១០០% ពេញផ្ទៃប្រទេស នាឆ្នាំ១៩៩៨។
ទី៤- បានជួយសង្រ្គោះជីវិតប្រជាជនពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវប្រចាំសតវត្ស តាមរយៈការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការស្វែករកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យ៉ាងសំបូរបែប និងទាន់ពេលវេលា ព្រមទាំងបានទិញថ្នាំ សម្ភារ បរិក្ខាពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល និងការចាត់វិធានការទាន់ពេលវេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នោះជីវិតប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ថែមទៀតអាចនឹងត្រូវបាត់បង់ ហើយក៏គ្មានទេ ការបើកនិងស្តាសេដ្ឋកិច្ច មុខរបរ និងការងារឡើងវិញ។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ សម្តេចតេជោ បានយកជីវិតកូន និងចៅរបស់ខ្លួនធ្វើជាគំរូ ដើម្បីបង្ហាញអំពីភាពជឿជាក់ទៅលើវ៉ាក់សាំងនានា និងវិធីសាស្ត្រព្យាបាលនានាដល់មហាជន។
ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាជនកត់សម្គាល់ផងដែរថា ក្នុងអំឡុងពេលនៃវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជា ក្នុងគោលបំណងធ្វើឱ្យប្រជាជនដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ហើយនោះកាន់តែរងផលប៉ះពាល់បន្ថែម។ អ្នកនយោបាយបែបនេះ គឺជាអ្នកនយោបាយដែលគ្មានគុណធម៌ និងសុជីវធម៌ចំពោះប្រជាជន និងជាតិខ្លួនឯង ដោយស្រេកឃ្លានចង់ឃើញតែប្រជាជនខ្លួនឯងរងទុក្ខវេទនា។
ក្នុងឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ាណែតក៏បានណែនាំឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជួយការងារគណបក្សរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ជាពិសេសគឺត្រូវខិតខំជួយបម្រើប្រជាជនឱ្យបានល្អ ពីព្រោះគណបក្សប្រជាជនកម្ពុជាយើងរក្សាបានប្រៀបឈ្នះកន្លងមកនេះ គឺដោយសារតែមន្ត្រីគណបក្សយើងមានគុណធម៌ សុជីវធម៌ កសាងអំពើល្អ មានសាមគ្គីភាព និងតែងតែចាត់ទុកប្រយោជន៍ប្រជាជនជាធំ។ សូមមន្ត្រីគណបក្សគ្រាន់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចសហការរៀបចំការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទាន់ពេលវេលា និងសូមរួមគ្នាបំផុស និងបន្តអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។
https://www.facebook.com/617890781586440/posts/6901865903188865/?d=n