សម្តេចតេជោ៖ “ផ្ទៃដី ១៦០០ គីឡូម៉ែត្រក្រឡា សង្ស័យថានៅមានមីន”
ក្នុងសារអបអរទិវាជាតិយល់ដឹងពីមីន លើកទី ១៧ នៅថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអ្នកដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ។ សម្តេចបានបន្ថែមថា ក្រៅពីបង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិតប្រជាពលរដ្ឋ គ្រាប់មីន និងសំណល់ជាតិផ្ទុះទាំងនោះ ក៏ជាឧបសគ្គសម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ “រាជរដ្ឋាភិបាលបានចាត់ទុកសកម្មភាពមីន ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៨ និងបានបញ្ចូលទៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន ដែលគិតមកដល់ឆ្នាំ ២០១៦ សកម្មភាពបោស សម្អាតមីន មានរយៈពេល ២៤ ឆ្នាំមកហើយ” សម្តេចតេជោបានបញ្ជាក់។ ដោយបន្តថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១៦០០ គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវបោសសម្អាត សម្តេចលើកហេតុផលថា ត្រឹមតែការដោះមីនមួយមុខមិនអាចផ្តល់សុវត្ថិភាពគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋបានឡើយ តែការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការអប់រំផ្ទាល់តាមផ្ទះ សហគមន៍ ចលនាកីឡា ការផ្សព្វផ្សាយទូលាយតាមវិទ្យុ និងទូរទស្សន៍ ខិត្តប័ណ្ណ និងការបញ្ចូលការអប់រំពីមីនទៅក្នុងកម្មវិធីសិក្សា ទើបជាការងារគួបផ្សំដ៏សំខាន់ ដែលត្រូវធ្វើ។ សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិ-អន្តរជាតិ…