FN ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិន បានចាប់ដៃអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បោះទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦ នៅក្នុងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ។
ដំណឹងនៃការចាប់ដៃគ្នារវាងក្រុមហ៊ុន Guangzhou R&F Co.Ltd និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦ នៅកម្ពុជានេះ បានបង្ហាញក្នុងពេលដែលលោក Zhang Li ប្រធានក្រុមហ៊ុន Guangzhou R&F បានចូលជួបសម្តែងការគួរសម និងសំ ណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានរាជរដ្ឋាភិបាលនារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ។
លោក Zhang Li បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនរបស់លោកមកកាន់ប្រទេសកម្ពុជា។ ក្នុងដំណើរលើកទី៤នេះ លោកបានសង្កេតឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលលោកមានជំនឿទុកចិត្តខ្លាំងជាមួយកំ ណើន សេដ្ឋកិច្ចកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នក ព័ត៌មាននៅក្រោយជំនួប។
បើតាមលោក អ៊ាង សុផ្លែត ដោយមើលឃើញពីការសក្តានុពល និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា លោក Zhang Li ក៏បានជួបពិភាក្សាជាមួយ អ្នកឧកញ៉ា គិត ម៉េង និងបានព្រមព្រៀងគ្នាដាក់ទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពី ៣ ទៅ៥ឆ្នាំ ដើម្បីសាងសង់សណ្ឋាគារ និងសំណង់នានា។
លោក Zhang Li បានគូសបញ្ជាក់ថា ជាជំហានដំបូងនេះ លោកមានចំណាប់អារម្មណ៍វិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦នៅក្នុងរាជធានីភ្នំពេញ និង ក្រុងព្រះសីហនុ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការចាប់ដៃគ្នារវាងក្រុមហ៊ុនចិន ជាមួយអ្នកឧកញ៉ា គិត ម៉េង គឺជារឿងដ៏ល្អប្រសើរមួយ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តលោក Zhang Li ចាប់ដៃគូជាមួយអ្នកឧកញ៉ា គិត ម៉េង វិនិយោគនៅកម្ពុជា ព្រោះកម្ពុជាមានស្ថេរភាពទាំងនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ហើយសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកលូតលាស់ល្អ។
សម្តេចតេជោ បន្តថា ការវិនិយោគលើវិស័យសណ្ឋាគារជារឿងល្អប្រសើរមួយ ខណៈកម្ពុជាកំពុងមានសេចក្ដីត្រូវការ ព្រោះភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា កំពុងតែមានការកើនឡើង។ ម្យ៉ាងវិញទៀត ការវិនិយោគរបស់ក្រុមហ៊ុនលោក Zhang Li នេះ ស្របនឹងនយោបាយរបស់ចិន គោលនយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយ និងគោលនយោបាយវិថីសូតសមុទ្ររបស់ចិន ហើយការវិនិយោគនេះទទួលបានជោគជ័យ ក៏ជាការជោគជ័យនយោបាយរបស់ចិនផងដែរ ក្នុងការវិនិយោគបរទេស។
លោក Zhang Li បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនចម្រុះ ធ្វើអាជីវកម្មផ្នែកអចលនទ្រព្យផង សាងសង់សណ្ឋាគារផង ហើយក៏ជាម្ចាស់សណ្ឋាគារផងដែរ។ សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោក មានសមាជិកប្រមាណ ៦០,០០០នាក់ ខណៈវិស័យសំណង់ ក្រុមហ៊ុនរបស់លោក ធ្វើទាំងផ្នែកស្ថាបត្យកម្មផង និងការសាងសង់ផង និងការរៀបចំដឹកជញ្ជួនទាំងមូលតែម្ដង។
រីឯប្រាក់ចំណូលវិញ ក្រុមហ៊ុន Guangzhou R&F Properties Co.Ltd មានចំណូល ១០ពាន់លានដុល្លារអាមេរិក និងមានប្រាក់ចំណេញ១៥០០លានដុល្លារក្នុងមួយឆ្នាំ៕