ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ
FN ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធសមិទ្ធផលនានា និងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៤, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៦, វគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងវគ្គហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេចបាននូវសមិទ្ធផលជាច្រើនមកហើយ ជាពិសេសក្នុងវិស័យហ្វឹកហ្វឺន ដែលផ្តោតលើគោលបំណងជាអាទិភាពចំនួន ០២ គឺ៖ ទី១៖ ការបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍ និងទី២៖ ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមទាំងក្នុងសមរភូមិបែបប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធបែបកម្លាំងទល់នឹងកម្លាំង និងសមរភូមិមិនមែនប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធនឹងអំពើភេរវកម្ម និងគ្រោះមហន្តរាយនានា ជាដើម។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រ និងអត់ធន់ជម្នះការលំបាករហូតបានបញ្ចប់វគ្គដោយជោគជ័យជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ហើយសង្ឃឹមថាប្អូនៗនឹងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យកាន់តែមានប្រសិទ្ធភាព និងសូមកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស, សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់សហការអនុវត្តការងារហ្វឹកហ្វឺនបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។…