សម្ដេចតេជោ ហ៊ុន សែន មានទុក្ខធ្ងន់ពីរ

ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុវត្ថិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចចៀសវាងបាននេះរួចហើយ។ ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយ និងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។ រឿងចម្លែក សូមជួយមើលរូបថតបងប្រុសខ្ញុំ ដែលរូបថតតែមួយសន្លឹក តែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នានៅត្រង់ រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ ហាក់បង្ហាញនូវការមិនអស់ចិត្ត ឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះ ចង់សួរគាត់ក៏សួរមិនបានដែរព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបិយជំនឿបកស្រាយរបៀបណា?