សុន្ទរកថា សម្តេច តេជោ ហ៊ុន សែន ប្រកាសបិទការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣
[ចាប់ផ្ដើមអត្ថាធិប្បាយ១] បងប្អូនទាំងអស់គ្នា តើសប្បាយចិត្តទេ? តើនេះជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាមែនទេ? តើនេះជាផ្នែកមួយនៃសាមគ្គីភាព មិត្តភាព ក្នុងចំណោមបណ្ដាប្រទេសសមាជិតអាស៊ានមែនទេ? តើយើងចាត់តាំងព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០៤៣ ត្រូវនឹង២០ឆ្នាំខាងមុខទៀតឬទេ? ឯកឧត្ដម Prawit Wongsuwon តំណាងព្រះរាជាណាចក្រថៃ ដែលជាម្ចាស់ផ្ទះ SEA Games លើកទី៣៣ ឆ្នាំ២០២៥!សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ទាំងនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស និងនៅបរទេសជាទីស្រឡាញ់! ថ្ងៃនេះ យើងពិតជាបានយល់ច្បាស់នូវន័យដែលហៅថា (១) «កីឡារស់នៅក្រោមសន្តិភាព»។ ចង់បានការរៀបចំនូវពិធីបែបនេះតទៅទៀត ចាំបាច់ណាស់ត្រូវរួមជាមួយរាជរដ្ឋាភិបាលការពារនូវសន្តិភាពឲ្យខាងតែបាន។ [បញ្ចប់អត្ថាធិប្បាយ១] ថ្ងៃនេះ ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ បានមកដល់ទីបញ្ចប់ ប្រកបដោយថាមពល និងទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ក្តីសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម និងសម្រែកអបអរសាទរកងរំពង បានបង្កើតនូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅសម្រាប់គ្រប់ៗគ្នា។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងការរៀបចំ និងបម្រើគ្រប់សេវាតម្រូវការ ដើម្បីធានាឱ្យការស្នាក់នៅ ហូបចុក និងបម្រើការងាររៀបចំប្រកួតប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យ។ [ចាប់ផ្ដើមអត្ថាធិប្បាយ២] រួមជាមួយសម្ដេចពិជ័យសេនា…