សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់កប់ស្រូវ
អរគុណចំពោះម្ចាស់រោងចក្រនានា ដំបូងសូមស្វាគមន៍ចំពោះវត្តមានរបស់ក្មួយៗកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំរោងចក្រសហជីព។ មួយ ផ្នែកទៀត ក៏សូមស្វាគមន៍ចំពោះវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម នៅក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ។ ខ្ញុំពិតជាជំពាក់គុណចំពោះម្ចាស់រោងចក្រសាជាថ្មីទៀតហើយ ដោយថ្ងៃនេះ គឺជាថ្ងៃជួបជុំក្នុងរយៈពេលមួយព្រឹក ក៏ប៉ុន្តែដោយសារតែក្មួយៗត្រូវក្រោកពីយប់ ដើម្បីមកជួប ជុំនៅក្នុងឱកាសនេះ ក៏បានស្នើសុំអោយម្ចាស់រោងចក្រផ្ដល់ការអនុគ្រោះ សម្រាប់ការឈប់សម្រាករបស់ ក្មួយៗ ក្នុងពេលល្ងាចនេះបន្ថែមទៀត។ ដូច្នេះ ខ្ញុំពិតជាអរគុណចំពោះម្ចាស់រោងចក្រ ដែលបានផ្ដល់នូវ ភាពងាយស្រួលសម្រាប់ការជួបជុំសំណេះសំណាលរវាងខ្ញុំ ជាមួយនឹងកម្មករ/ការិនី។ បន្ថែមលើនោះ ក៏ផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីរបស់យើងបានឈប់សម្រាកមួយល្ងាចបន្ថែមទៀត។ វឌ្ឍនភាពនៃជនពិការចូលបម្រើការងារក្នុងវិស័យឯកជន និងរដ្ឋ ថ្ងៃនេះ មានរឿងគួរអោយភ្ញាក់ផ្អើលមួយ នៅត្រង់ថា ជាលើកដំបូងដែលខ្ញុំបានជួប ជាមួយកម្មករ/ការិនី ដែលជាជនពិការ។ ដែលនេះក៏ជាសូចនាករតាមដានមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន ទាក់ទងនឹងបញ្ហាការទទួលយកនូវជនពិការចូលទៅក្នុងការងារ (ក្នុង)ក្របខណ្ឌរដ្ឋត្រូវទទួល ២% ឯវិស័យឯកជនត្រូវទទួល ១%។ ប៉ុន្តែយើងមិនទាន់បានអនុវត្តទាំងស្រុងនោះទេ។ តែថ្ងៃនេះ ហោចណាស់ក៏បង្ហាញពីវឌ្ឍនភាពមួយ ដែលយើងបានឃើញថា កម្មករ/ការិនី (ពិការ)មកកាន់ទីនេះ ហើយខ្ញុំក៏បានសួរអំពីប្រាក់ចំណូល គឺបានជាង ២០០ ដុល្លារសហរដ្ឋអាមេរិក។…