FN ៖ នៅរសៀលថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមប្រមាណ ៤,៧៥០នាក់មកពីទូទាំងប្រទេស។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសប្បាយរីករាយរបស់កម្ពុជា បានកើតមានព្រោះភាពសុខដុមរមនាមិនមានជម្លោះណាមួយកើតមានឡើង
* សម្តេចតេជោ បានថ្លែងថា ប្រវត្តិនៃជម្លោះរបស់កម្ពុជាពីអតីតកាលបានទុកជាមេរៀនដ៏ឈឺចាប់សម្រាប់កម្ពុជា ហើយជម្លោះជាតិសាសន៍ និងសាសនានៅប្រទេសនានា ក៏ជាពិសោធន៍ដ៏ល្អសម្រាប់កម្ពុជាក្នុងការរួបរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមានចិត្តរបស់ខ្មែរឥស្លាម ដែលតាមរយៈការបោះឆ្នោតកន្លងទៅ នៅតាមសហគមន៍ខ្មែរឥស្លាម មានការគាំទ្រខ្ពស់ចំពោះគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងចាត់ទុកការចាប់បានលេខរៀងទី២០ សម្រាប់គណបក្សប្រជាជនកម្ពុជានេះ គឺការគាប់ជួនខ្លាំងណាស់ ព្រោះតែឆ្នាំនេះជាខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងក្នុងរយៈពេល ៥០០ឆ្នាំ ដែលកម្ពុជាមានការបែកបាក់ និងមានតំបន់ត្រួតត្រាច្រើន ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ កម្ពុជា បានរួបរួមជាធ្លុងតែមួយ ប្រទេសតែមួយ មានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណានឹងទៅស្រាយបួសនៅទីណានៅឆ្នាំ២០១៨នេះ ហើយសម្តេចរំពឹងថា ការស្រាយបួសឆ្នាំនេះនឹងមានភាព សប្បាយរីករាយជាឆ្នាំកន្លងទៅ ព្រោះជីវភាពបងប្អូនខ្មែរឥស្លាមមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ។
* សម្តេចនាយករដ្ឋមន្ត្រី បានសង្ឃឹមថា បងប្អូនខ្មែរឥស្លាម នឹងប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ជីវភាព និងសហគមន៍របស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះបងប្អូនខ្មែរឥស្លាមមិនមែនជាការឃោសនានោះទេ ប៉ុន្តែរយៈពេលជិត៤០ឆ្នាំហើយ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងជួយលើកកម្ពស់ជីវភាពខ្មែរឥស្លាមពីបាត់ដៃទទេ។
* សម្តេចតេជោ បានអំពាវនាវឲ្យយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សរបស់បងប្អូនខ្មែរឥស្លាម មិនមែនតែលើផ្នែកសាសនានោះទេ តែត្រូវបណ្តុះបណ្តាលលើជំនាញ និងបច្ចេកទេសផ្សេងៗទៀត ដើម្បីទទួលបានការងារមួយសមរម្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចង់ប្រែក្លាយខ្លួនទៅជាសមាជិកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការឥស្លាម OIC។
* សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា បើមិនមានសុខសន្តិភាពទេ នឹងគ្មានភាពសុខដុមនីយកម្មដូចពេលបច្ចុប្បន្ននោះឡើយ។ សម្តេចបន្ថែមថា ភាពសុខដុម និងការអភិវឌ្ឍចាប់ផ្ទៃតែក្នុងប្រទេសមានសុខសន្តិភាពប៉ុណ្ណោះ មិនចាប់ផ្ទៃនៅក្នុងសង្គ្រាមនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការមើលស្រាលលើសុខសន្តិភាព គឺជាកំហុសឆ្គងមួយដ៏ធ្ងន់ធ្ងន់លើផ្នែកយុទ្ធសាស្ត្រ។ សម្តេចតេជោថា ប្រទេសមួយមិនអាចមើលតែលើ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ព្រោះថាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមិនអាចកើតមាននៅក្នុងប្រទេសមានសង្គ្រាមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងយកចិត្តទុកដាក់ទាំងសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យផងដែរ តាមរយៈការប្រព្រឹត្តយ៉ាងទៀងទាត់តាមរយៈការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅប្រទេសដែលមានទុទិដ្ឋិនិយមកម្ពុជាថា ត្រូវមើលព្រៃទាំងមូល មិនត្រូវមើលព្រៃឈើតែមួយដើមនោះទេ។ សម្តេចបានបន្ថែមថា នៅពេលប្រទេសកម្ពុជាមានសង្គ្រាមពលរដ្ឋស្លាប់យ៉ាងរង្គាល តើអ្នកការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សស្ថិតនៅឯណា។
* សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ប្រជាពលរដ្ឋខ្មែរឥស្លាមថា សាសនាឥស្លាមត្រូវបានលុបបំបាត់ទាំងស្រុងក្នុងរបប ប៉ុល ពត រួមទាំងសាសនាដទៃទៀត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយការតស៊ូវាយចូលដល់រាជធានីភ្នំពេញនៅឆ្នាំ១៩៧៩ រាជធានីភ្នំពេញ មានមនុស្សតែ ៧០នាក់ប៉ុណ្ណោះ មិនមែន ៧០០នាក់, ៧០០០នាក់ ហើយក៏មិនមែន ៧ម៉ឺននាក់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់បរទេសទាំងឡាយ កុំព្យាយាមបំផ្លាញកម្ពុជា ដែលបានរស់ឡើងវិញយ៉ាងលំបាកនោះ។ សម្តេចបានបន្ថែមថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងនាមជារដ្ឋមានឯករាជ្យ និងអធិបតេយ្យភាព។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សាសនិកឥស្លាមនៅកម្ពុជា និងនៅលើពិភពលោកបន្តគាំទ្រកម្ពុជា ដើម្បីការរស់រៀនរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា គណបក្សនយោបាយទទួលបានអាសនៈច្រើន អាសនៈតិច និងមិនបានអាសនៈ ត្រូវតែគោរពនូវការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែមានជំនឿមុតមាំថា សហគមន៍ឥស្លាម ដែលមានបំណងរក្សាឲ្យបាននូវសុខសន្តិភាព នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ បន្តទៅទៀត។