សុន្ទរកថានិងសេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ “អគារមន្ទីរពិសោធន៍ជាតិសំណង់””
[ចាប់ផ្តើមសេចក្តីអធិប្បាយ ១] ខ្ញុំគួរតែរំលឹកចំពោះអ្នកសារព័ត៌មាន ក៏ដូចជាខុទ្ទកាល័យរបស់ខ្ញុំ … ដោយសារតែមួយរយៈពេលកន្លងទៅ ខ្ញុំចេះតែឆ្ងល់ថានៅ(មុន)ពេលដែលខ្ញុំបានថ្លែងចប់ (ក៏ឃើញថា)អត្ថបទសុន្ទរកថារបស់ខ្ញុំទាំងស្រុង (ត្រូវបាន)ផ្សាយលើគេហទំព័រនៃបណ្តាស្ថានីយវិទ្យុ ទូរទស្សន៍ និង(ប្រព័ន្ធសង្គម)អនឡាញស្រេចទៅហើយ។ អញ្ចឹងខ្ញុំសុំឲ្យបញ្ចប់បញ្ហានេះ ជាពិសេសខុទ្ទកាល័យរបស់ខ្ញុំ ក៏ដូចជាស្ថាប័នដែលមានការទទួល(សុន្ទរកថា)។ ខ្ញុំមិនមែនអាននូវសុន្ទរកថាដែលបានព្រាងទុកទាំងស្រុងនោះទេ។ ជួនកាលខ្ញុំមានអត្ថាធិប្បាយ។ ខ្ញុំក៏មិនយល់ដែរថា ហេតុអ្វីបានសុន្ទរកថារបស់ខ្ញុំនេះធ្លាក់ទៅក្នុងដៃអ្នកសារព័ត៌មានលឿនម្ល៉េះ? តើខុទ្ទកាល័យហ្នឹង ឬក៏អ្នកធ្វើការឲ្យខ្ញុំហ្នឹង វាយ៉ាងម៉េច? … ខ្ញុំគ្រាន់តែបញ្ជាក់។ សារព័ត៌មានទាំងអស់ គ្មានសិទ្ធនឹងយកសុន្ទរកថារបស់ខ្ញុំ ដែលខ្ញុំត្រូវអាន និយាយនៅទីនេះឬនៅកន្លែងណាក៏ដោយ បន្តការផ្សាយទៀតទេ … លើកលែងតែជាសារ គេហៅសារ ដូចជាសារបើកបវេសនកាលអីជាដើម អាចយកទៅផ្សាយចុះ។ ប៉ុន្តែនៅ ពេលដែលខ្ញុំមកនិយាយអញ្ចឹង គឺ(ខ្លឹមសារ)វាខុសគ្នារវាងយើងកំពុងតែនិយាយជាមួយនឹងអត្ថបទដែលយើងបានព្រាងហើយស្រេច។ ខ្ញុំមិនមែនចេះតែអានទៅតាមអ្វីដែលគេសរសេរនោះទេ។ ខ្ញុំសុំឲ្យបញ្ឈប់អំពីករណីហ្នឹង មុននឹងពេលដែលខ្ញុំចាប់ផ្តើម។ [ចប់សេចក្តីអធិប្បាយ ១] ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ “ អគារមន្ទីរពិសោធន៍ជាតិសំណង់…