នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Akiba Takeo និង ប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើន ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈទស្សនកិច្ច និងការពិភាក្សាគ្នានាពេលនេះ។
នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Akiba Takeo បានសម្តែងនូវក្តីសោមនស្សរីករាយ និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាការងារ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង បន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។ ឯកឧត្តម បានលើកបន្តដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ នៅក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ជាពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។ នៅក្នុងបរិបទនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម Akiba Takeo ចំពោះការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ជាពិសេសនៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាព ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកន្លងមក។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងក្នុងន័យនេះ សម្តេចតេជោ បានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ ជាមួយនឹងការលើកឡើងនេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីតម្លៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានលើកឡើងបន្តដោយគូសបញ្ជាក់ថា ការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ក៏មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាដែរ ពោលគឺប្រទេសទាំងពីរមានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ។ នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខវិញ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានបញ្ជូនកងស្វ័យការពារជប៉ុន (JSDF) ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) អង្គការសហប្រជាជាតិ នៅកម្ពុជានៅឆ្នាំ១៩៩២ ដែលកាលនោះ សម្តេចតេជោ បានចេញមុខគាំទ្រ ទោះបីជាទទួលរងនូវការទិតៀនពីមជ្ឈដ្ឋាន និងពីប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ។ សម្តេចតេជោ បានលើកបន្តថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក ក៏មានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។ បន្ថែមពីលើនេះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ដោយសង្កេតឃើញថា ប្រទេសក្នុងតំបន់បានចាត់ទុកជប៉ុនជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពនូវមជ្ឈភាពអាស៊ាន។ នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីការគំាទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។ ដោយសង្កេតឃើញថា មានប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមផ្សេងៗ មកក្នុងតំបន់នោះ សម្តេចតេជោ បានបញ្ជាក់ឡើងវិញថា កម្ពុជានឹងគាំទ្រនូវរាល់យុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមនានា ឱ្យតែយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមទាំងនោះ ផ្អែកទៅលើគោលការណ៍៣ នោះគឺ៖ (១) បម្រើឱ្យសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា (២) មិនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និង (៣) ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នៅក្នុងស្មារតីនេះ សម្តេចបានបន្ថែមថា កម្ពុជាមានឯករាជ្យភាពក្នុងការសម្រេចចិត្តនយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។
ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដែលកាន់តែមានភាពតានតឹងនោះ សម្តេចតេជោ បានធ្វើការវាយតម្លៃថា ឫសគល់នៃបញ្ហាគឺកើតឡើងមកពីការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុលរបស់ប្រទេសខាងក្រៅទៅក្នុងកិច្ចការតំបន់។ ការណ៍នេះបានធ្វើឱ្យប្រទេសនីមួយៗ ខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ដែលបណ្តាលឱ្យមានការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមក។ សម្តេចតេជោ និងឯកឧត្តម អាគីបា តាខេអូ ក៏បានពិភាក្សា និងចែករំលែកទស្សនៈគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ ដូចជាករណីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនផងដែរ។
នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តម និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕