សារលើហ្វេសប៊ុក ស្តីពី «ស្ថានភាពល្អប្រសើរ នៃនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជា»
សុខសប្បាយជាទេបងប្អូនជនរួមជាតិ ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ធ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការគាបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។ សូមអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។ ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតាល ប៉ុន្តែឥឡូវគឺបានងើបលេចធ្លោរួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាកររបស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។ អរគុណសាជាថ្មីដល់វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍប្រទេស នឹងពង្រឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំមកទល់សព្វថ្ងៃ និងអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង៕