អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីបំភ្លឺ លើការទិញផ្ទះដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ មិនតម្រូវឲ្យបង់ពន្ធប្រថាប់ត្រា
FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានសេចក្តីបំភ្លឺលើការទិញអចលនទ្រព្យដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនតម្រូវឲ្យបង់ពន្ធប្រថាប់ត្រា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ការអនុវត្តវិធានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ត្រូវបានអនុវត្តចំពោះលំនៅដ្ឋាន គ្រប់ប្រភេទ ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ហើយត្រូវបានទិញពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងមានលេខអត្តសញ្ញាណកម្មសារពើពន្ធត្រឹមត្រូវ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ៕