ការដកស្រង់ប្រសាសន៍ក្នុងសង្កថា អបអរសាទរខួបលើកទី ១៥៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៃជំនួបប្រចាំឆ្នាំ ថ្ងៃ ៨ ឧសភា ហើយឆ្នាំនេះ គាប់ជួនជាមួយនឹងខួបទី ១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងនូវអំណរគុណចំពោះការចូលរួមទាំងអស់របស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញមកចូលរួមនៅក្នុងថ្ងៃនេះ ហើយធ្វើឲ្យជំនួបប្រចាំឆ្នាំរបស់យើងក្លាយទៅជាការពិត និងក្លាយទៅជានិមិត្តរូបនៃសាមគ្គីភាព រវាងអ្នកត្រូវការឲ្យគេជួយ និងអ្នកដែលមានលទ្ធភាពជួយ។ ការជួបជុំរបស់យើងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាបញ្ហាការជួបដោយឡែកសម្រាប់មនុស្សប៉ុន្មានពាន់នាក់នោះ ទេ។ ក៏ប៉ុន្តែ នេះជាជំនួបដ៏ធំមួយគ្របដណ្តប់នៅទូទាំងប្រទេស ដូចអ្វីដែលជាប្រធានបទនៅឆ្នាំនេះ គឺ «កាក បាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា» នៅត្រង់ថា នៅក្នុងប្រទេសរបស់យើងការជួបជុំនៃ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ មិនគ្រាន់តែជាការជួបជុំ ដើម្បីប្រារព្ធពិធីនោះទេ ក៏ប៉ុន្តែយើង ក៏បានប្រើប្រាស់នូវឱកាសនោះ ដើម្បីស្វែងរកមូលនិធិពីសប្បុរសជននានា ជួយទៅដល់ជនរងគ្រោះផងដែរ។ ដូច្នេះ វាជាជំនួបរវាងអ្នកមានលទ្ធភាព និងអ្នកដែលខ្វះលទ្ធភាព រវាងអ្នកមានសេចក្តីត្រូវការឲ្យគេជួយ និងអ្នកដែលមានលទ្ធភាពជួយគេ។…