សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត
ឯកឧត្ដម Jacques Pellet អគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្ដម លោកជំទាវ តំណាងឲ្យសហភាពអឺរ៉ុប ក៏ដូចជាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFDឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានចូលរួមនៅថ្ងៃនេះ! ថ្ងៃនេះ ខ្ញុំរីករាយណាស់ដែលបានវិលត្រឡប់មកទីនេះសាជាថ្មី ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលដែលយើងបានសម្រេចក្នុងរយៈពេលកន្លងទៅ។ ម្សិលមិញនេះ ក៏ដូចជាពេលនេះ យើងស្ថិតនៅក្នុងទិវានៃខួបចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យើងមានមោទនភាពក្នុងការសម្ពោធសមិទ្ធផលនេះ ដែលជាសមិទ្ធផលដ៏ធំមួយចំខួបចម្រើនព្រះជន្មរបស់ហ្លួងម៉ែជាអម្ចាស់។ យើងទាំងអស់គ្នាសង្ឃឹមថា សមិទ្ធផលនេះផ្សារភ្ជាប់ជាមួយព្រះរាជវត្តមាននៃព្រះមហាក្សត្រ នៃហ្លួងម៉ែ ក៏ដូចជារាជានិយមនៅកម្ពុជាផងដែរ។ យើងសូមឧទ្ទិសបន់ស្រន់សូមឲ្យហ្លួងម៉ែជាអម្ចាស់ មានព្រះជន្មយ៉ឺនយូរ ព្រះរាជសុខភាពបរិបូណ៌ គង់ជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ (១) ១ កុម្ភៈ ២០២១ កម្ពុជាបើកការដ្ឋានរោងចក្រផលិតទឹកស្អាត មីយ៉ាន់ម៉ាកើតមានរដ្ឋប្រហារ ខ្ញុំនៅចាំបានថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ យើងមកបើកការដ្ឋាននៅទីនេះ។ ឯកឧត្ដម Jacques Pellet មិនទាន់បានអញ្ជើញមកទេ។ អគ្គរដ្ឋទូតបារាំងលោកស្រី Eva Nguyen Binh មកទីនេះ។ ព្រឹត្តិការណ៍ដែលគួរឲ្យចងចាំគឺយើងទទួលបានព័ត៌មានស្ដីពីរដ្ឋប្រហារនៅឯមីយ៉ាន់ម៉ា ណៃពិដោ ថ្ងៃទី១ ខែកុម្ភៈ។ ពីទីនេះ ខ្ញុំថ្លែងថា…